Ad Code

សិក្ខាសាលា​សមាហរណកម្ម​លើ​គម្រោង​ផែនការ​របស់​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​សំរាប់​អនុវត្តន៍​បី​ឆ្នាំ​រំកិល​ពី​ឆ្នាំ​២០១៥​ដល់​២០១៧

ភ្នំពេញ ៖ សាលាខណ្ឌ​ពោធិ៍​សែន​ជ័យ​កាលពី​ព្រឹក​ថ្ងៃទី​៥​ខែមករា​ឆ្នាំ​២០១៥​បាន​រៀប​ចំ​កម្មវិធី​សិក្ខាសាលា​សមាហរណកម្ម​ផែនការ​សង្កាត់​នៅ​ថ្នាក់​ខណ្ឌ​សំរាប់​កម្មករ​វិធី​វិនិយោគ​បី​ឆ្នាំ​រំកិល​ដែល​បណ្ដា​សង្កាត់​ទាំង​១០​ទូទាំង​ខណ្ឌ​បាន​លើក​ជា​គម្រោង​សរុប​ទាំងអស់​ជាង​៣០០​គម្រោង​ដើម្បី​សុំ​ការ​គាំទ្រ​ពី​មន្ទីរ​ជំនាញ​ក៏​ដូច​អង្គភាព​ពាក់ព័ន្ធ​នានា ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ជា​អធិបតី​ពី​សំណាក់​លោក​ជ្រាង សុផាន់​អភិបាលរង​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ។

លោក​ហែម​ដា​រិ​ទ្ធិ​អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ពោធិ៍​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា សំរាប់​រយៈពេល​បី​ឆ្នាំនេះ​គឺ​ចាប់ពី​ឆ្នាំ​២០១៥​ដល់​ឆ្នាំ​២០១៧​នេះ​គ្រប់​បណ្ដា​សង្កាត់​ទាំង​១០​ទូទាំង​ខណ្ឌ​បាន​លើក​គម្រោង​របស់​ខ្លួន​សរុប​ចំនួន​៣០៣​គម្រោង​ក្នុង​នោះ​មាន​គម្រោង​ផ្សេងៗ​ជាច្រើន ដូចជា​គម្រោង​ផ្នែក​កសិកម្ម គម្រោង​ផ្នែក​អាជីវកម្ម គម្រោង​ផ្នែក​អប់រំ​គម្រោង​ផ្នែក​សុខភាព​សាធារណៈ​គម្រោង​ភាព​ងាយ​រងគ្រោះ គម្រោង​ផ្នែក​បរិស្ថាន គម្រោង​ផ្នែក​រដ្ឋបាល​និង​សន្ដិសុខ និង​ផ្នែក​យេនឌ័រ។ លោក​បន្ដ​ថា រាល់​គម្រោង​ទាំងអស់​នេះ​គឺ​លើកឡើង​ដើម្បី​ឲ្យ​មន្ទីរ​ជំនាញ​ក៏​ដៃគូ​អភិវឌ្ឍន៍​នានា​ជួយ​គាំទ្រ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏ដោយ​ការ​លើក​គម្រោង​ទាំងនោះ​មិន​សុទ្ធតែ​បាន​ត្រូវ​គាំទ្រ​ទាំងអស់​នោះ​ទេ​តែ​គេ​សង្ឃឹមថា ការ​គាំទ្រ​គម្រោង​អាច​ទួល​បាន​រហូតដល់​ទៅ​ចាប់ពី​៦០​ភាគរយ​ឡើង។
ជា​មួយ​គ្នា​នេះ​លោក​ជ្រាង សុផាន់​ក៏​បាន​លើក​ឡើង​ដែរ​ថា រាល់​គម្រោង​ទាំង​ដែល​បាន​លើក​យក​មក​ពិនិត្យ​ពិភាក្សា​នាពេល​នេះ​យើង​ត្រូវ​ចែក​ឲ្យ​ដាច់​ថា តើ​គម្រោង​ណា​ដែល​ត្រូវ​គាំទ្រ​ដោយ​ខណ្ឌ​និង​គម្រោង​ណា​ដែល​ត្រូវ​គាំទ្រ​ដោយ​ថ្នាក់​សង្កាត់​នោះ។ លោក​បន្ដ​ថា ការ​អនុវត្តន៍​គម្រោង​ដែល​បាន​គាំទ្រ​ត្រូវ​មានការ​សហា​ការ​និង​ពិភាក្សា​បន្ថែម​ទៀត​ជាមួយ​បណ្ដា​ខណ្ឌ សង្កាត់​និង​ខិតខំ​អនុវត្តន៍​ឲ្យ​ទាន់​ពេលវេលា​កំណត់ ដើម្បី​ចូល​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​មូលដ្ឋាន​ឲ្យ​កាន់​តែ​មាន​ប្រសិទ្ធភាព​ខ្ពស់​និង​ប្រកបដោយ​តម្លាភាព៕
វិទូ

Post a Comment

0 Comments

Close Menu