Ad Code

បក្ស​ប្រឆាំង​ បង្ហាញ​ពី​ការបែកបាក់​ផ្ទៃក្នុង​កាន់តែ​ច្បាស់

ក្រោយពី​សមាជិក​ជាន់ខ្ពស់​ក្នុង​បក្ស​បាន​ព្យាយាម​និយាយ​ការពារ​ថា​គ្មាន​ការបែកបាក់​ផ្ទៃក្នុង​ទេ ពេលនេះ​ការការពារ​ទាំងនោះ​បាន​ក្លាយទៅជា​មោឃៈ។ ក្លាយទៅជា​មោឃៈ​នៅត្រង់ថា សមាជិក​ជាន់ខ្ពស់​ម្នាក់​របស់​បក្ស​ត្រូវបាន​គេ​បណ្តេញ​ចេញពី​បក្ស ដោយ​ចោទប្រកាន់ថា​និយាយ​គ្មាន​មូលដ្ឋាន ឬ​បរិហារ​បក្ស​ខ្លួនឯង​។ ស្ថានការណ៍​បច្ចុប្បន្ន រ​បស់​បក្ស​សង្គ្រោះ​ជាតិ ហាក់ដូចជា​ធ្ងន់ធ្ងរ​ទៅៗ ពោលគឺ​បញ្ហា​នៃ​ការបែកបាក់​គ្នា​របស់​សមាជិក​ជាន់ខ្ពស់​កំពុងតែ​ត្រូវបាន​សារព័ត៌មាន​នានា ចុះផ្សាយ​យ៉ាង​គគ្រឹកគគ្រេង​។ តើ​ការបែកបាក់​នេះ បណ្តាលមកពី​កត្តា​អ្វីខ្លះ​?

រហូតមកដល់​ពេលនេះ គណបក្សប្រឆាំង​នៅតែ​អះអាងថា​មិនមាន​ការបែកបាក់​គ្នា ដូច​ពាក្យ​ចចាមអារ៉ាម​មួយចំនួន​នោះទេ​។ យ៉ាងណាមិញ ការបែកបាក់​បានបង្ហាញ​មក​កាន់តែច្បាស់​បន្តិច​ម្តងៗ ហើយ​វា​ក៏​ជា​សារ​មួយ​ប្រាប់​ទៅ​អ្នកគាំទ្រ​មួយចំនួន​ថា​ការនិយាយ ឬ​ការលើកឡើង​របស់​អ្នកដទៃ​គឺជា​ការពិត។ ទោះបីជា​យ៉ាងនេះ​ក្តី ហេតុផល​មួយចំនួន​ត្រូវបាន​ប្រើ ដើម្បី​ជា​លេស​ថា​គ្មាន​ការបែកបាក់​ផ្ទៃក្នុង​នោះទេ​។ តើ​អ្វី​ជាការ​បែកបាក់​ផ្ទៃក្នុង​របស់​គណបក្សប្រឆាំង​នៅ​កម្ពុជា​? ការបែកបាក់​ផ្ទៃក្នុង​បាន​លេចឡើង​កាន់តែច្បាស់ នៅពេលដែល​សមាជិក​ជាន់​ខ្ពស់​ក្នុង​បក្ស​ម្នាក់​បាន​បកអាក្រាត​រឿងរ៉ាវ​ពុករលួយ​របស់លោក​ប្រធាន​បក្ស និង​ការបែកបាក់​ផ្ទៃក្នុង​របស់​បក្ស​។ ក្រោយពី​ការ​បកអាក្រាត គណៈកម្មាធិការ​វិន័យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​បានសម្រេច​បណ្តេញ​អ្នក​ដែល​បាន​បកស្រាយ​បញ្ហា​ផ្ទៃក្នុង​របស់​បក្ស​ចេញពី​បក្ស​។​

រឿង​មួយ​មិនអាច​កើតឡើង​ប្រាសចាក​ហេតុផល​នោះទេ នេះ​មានន័យថា​ការបែកបាក់​ផ្ទៃក្នុង​របស់​បក្ស​សង្គ្រោះ​ជាតិ​អាចមកពី​មូល​ហេ​តុ​មួយចំនួន​ដូចជា ការចែក​លាភ និង​បក្ខពួកនិយម​ក្នុង​បក្ស​។ អ្នកស្រី​ឡាក់ សុភាព ដែល​គេ​បាន​បណ្តេញ​ចេញពី​បក្ស​បាន​ប្រាប់​អ្នកកាសែត​ថា គេ​បាន​ចោទប្រកាន់ថា អ្នកស្រី​បាន​និយាយថា លោក​សម រង្ស៊ី យកលុយ ៤០ លាន​ដុល្លារ បាន ២០ លាន​ដុល្លារ នៅ ២០ លាន​ដុល្លារ នោះ​គឺ​មិនមែនជា​រឿង​ពិត​ទេ គឺ​លោក កឹម សុខា គាត់​បានលើកឡើង​នៅក្នុង​អង្គប្រជុំ ហើយ​បាន​ទម្លាក់កំហុស​មកលើ​អ្នកស្រី​។ នេះ​គឺជា​រឿងរ៉ាវ​កាន់តែ​ធំ​មួយទៀត​របស់​បក្សប្រឆាំង ប្រសិនបើ​រឿងនេះ​វា​ជាការ​ពិតមែន​នោះ​។​

បក្ខពួកនិយម​ក្នុង​បក្ស​ក៏​ជា​មូលហេតុ​ធំ​មួយ ដែល​បណ្តាល​ឲ្យ​មាន​ជម្លោះផ្ទៃក្នុង​បក្ស ដែល​ឈានទៅដល់​ការបែកបាក់​។ អ្វីដែល​យើង​ត្រូវ​ចាប់អារម្មណ៍​គឺ គណបក្សប្រឆាំង​មាន​និន្នាការ​ពីរ ពោលគឺ​អ្នកគាំទ្រ​លោក​កឹម សុខា និង​អ្នកគាំទ្រ​លោក​សម រង្ស៊ី​។ ជាក់ស្តែង មុន​ពេលដែល​គណបក្ស​សិទ្ធិមនុស្ស​របស់លោក កឹម សុខា និង​គណបក្ស​សម រង្ស៊ី របស់លោក​សម រង្ស៊ី បាន​ផ្គុំ​គ្នា បង្កើត​គណបក្ស​សង្គ្រោះ​ជាតិ ពេលនោះ​មាន​សមាជិក​ជាន់ខ្ពស់រ​បស់​គណបក្ស​សម រង្ស៊ី មួយចំនួន​បាន​រត់​ចូល​គណបក្ស​សិទ្ធិមនុស្ស​។ នេះ​បានន័យថា​ពួកគេ​មិន​ពេញចិត្ត នឹង​ការគ្រប់គ្រង​របស់លោក​សម រង្ស៊ី ទើប​ពួកគេ​រត់​មករ​កលោក​កឹម សុខា​។

តែ​ជា​អកុសល​លោក​ប្រធាន​គណបក្ស​សិទ្ធិមនុស្ស ក៏​សម្រេចចិត្ត​ចូលគ្នា​ជាមួយ​គណបក្ស​សម រង្ស៊ី ដើម្បី​បង្កើត​បក្ស​មួយ​ថ្មី​គឺ​គណបក្ស​សង្គ្រោះ​ជាតិ​បច្ចុប្បន្ន​។ សូមបញ្ជាក់ថា​មុនពេល ដែល​គណបក្ស​ទាំងពីរ​ច្របាច់​បញ្ចូល​គ្នា គណបក្ស​ទាំងពីរ​នេះ​តែងតែ​ជេរ​គ្នា​ទៅវិញទៅមក ឬ​បកអាក្រាត​ពីគ្នា​ទៅវិញទៅមក។ ដូច្នេះ ការច្របាច់បញ្ចូលគ្នា គឺធ្វើឡើង​តែ​សម្បក​ក្រៅ​តែប៉ុណ្ណោះ ពោលគឺ​បក្ខ​ពួកនិយម​នៅក្នុង​គណបក្ស​នេះ​នៅតែមាន ព្រោះ​មនុស្ស​មួយចំនួន​មិន​ពេញចិត្ត​នឹង​លោក​សម រង្ស៊ី។ អ៊ីចឹង​ស្នាម​បែក​ប្រេះស្រាំ​នេះ គឺ​កើតមាន​ចាប់តាំងពី​ពេលដែល​គណបក្សប្រឆាំង​នេះ បង្កើត​ឡើងមក​ម៉្លេះ​ ហើយ​ពេលវេលា​ដែល​ត្រូវ​បែក​ក៏​ជិត​ចូល​មកដល់​ដែរ។

យ៉ាងណាមិញ ការបណ្តេញ​សមាជិក​ជាន់ខ្ពស់​ម្នាក់រ​បស់​គណបក្ស ដោយ​មិនបាន​សួរ​ឬ​ឆ្លើយឆ្លង​ពី​មេបក្ស គឺជា​ការបែកបាក់​ផ្ទៃក្នុង​មួយ​បាត់ទៅហើយ​។ ជាការ​បែកបាក់ ដែល​បាន​កើតឡើង​ខណៈពេល លោក​ប្រធាន និង​លោក​អនុប្រធាន​របស់​បក្ស​បាន​ប្រាប់​អ្នករស់នៅ​ក្រៅ​ស្រុក​ថា​គណបក្ស​សង្គ្រោះ​ជាតិ​មិនមាន​ការបែកបាក់​ផ្ទៃក្នុង​នោះទេ​។

ម្យ៉ាងវិញទៀត ការបណ្តេញ​សមាជិក​បក្សប្រឆាំង ក៏បាន​បង្ហាញ​ឲ្យ​ឃើញ ពី​ភាព​ផ្តាច់ការ​របស់​គណបក្ស​នេះ​ផងដែរ​។ ផ្តាច់ការ​នៅត្រង់ថា ការបណ្តេញចេញ​នោះ បានធ្វើ​ឡើង​នៅពេលដែល​មានការ​រិះគន់​ទៅលើ​ថ្នាក់ដឹកនាំ​កំពូល​។ កន្លងមក​គណបក្សប្រឆាំង តែងតែ​អះអាងថា​ខ្លួន​ជា​គណបក្ស​ប្រកាន់យក​នូវ​លទ្ធិប្រជាធិបតេយ្យ ប៉ុន្តែ​ការអនុវត្តន៍​ជាក់ស្តែង​ក្នុង​បក្ស​របស់ខ្លួន​គឺជា​លទ្ធិផ្តាច់ការ​សុទ្ធសាធ។ ដូច្នេះ មិនយូរ​មិនឆាប់ ដំបៅ​មួយ​របស់​គណបក្សប្រឆាំង​នឹង​រីក​កាន់តែ​ធំ​ឡើងៗ ដែល​ពិបាក​នឹង​រក​ថ្នាំ​ព្យាបាល ហើយ​អាច​បណ្តាល​ឲ្យ​បក្សប្រឆាំង​ឈាន​ទៅរក​ដំណាក់កាល​ចុងក្រោយ ពោលគឺ​ការបែកបាក់​ជា​ពីរ​ទៀត​ផង៕ 

Post a Comment

0 Comments

Close Menu