បន្ទាយមានជ័យ ៖ កុមារីពិការដៃទាំង២ពីកំណើត សព្វថ្ងៃរៀននៅថ្នាក់ទី៨នៅវិទ្យាល័យភ្នំតូចនៅភូមិភ្នំតូចជើង ឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ដោយកុមារីអាចសរសេរនឹងម្រាមជើងឆ្វេងជំនួសដៃពិការភាពគ្មានដៃទាំងពីរតាំងពីកំណើត។ តួអក្សរខ្មែរ និងអង់គ្លេសរបស់នាងស្អាតសរសេរបានច្បាស់ ហើយសរសេរបានលឿនទៀតផង។ នាងខិតខំជំនះឲ្យមានទេពកោសល្យច្បាស់លាស់ណាមួយឬច្រើនដែលអាចរស់និងរីកចម្រើនខ្លួនឯងបានទៅអនាគត។ នាងមានឈ្មោះ សាតស្រីម៉ុច អាយុ១៦ឆ្នាំ ហើយនាងរៀនថ្នាក់ទី៨"A" នៃអនុវិទ្យាល័យសុវណ្ណគិរីឃុំភ្នំតូច ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ ហើយមានឪពុកឈ្មោះ អៀងរិទ្ធី អាយុ៤៥ឆ្នាំ មានរបរជាជាងឡានធំនិងឈ្មោះ នូវ ស៊ីថា អាយុ៤២ឆ្នាំ ជាម្តាយរបស់នាងបានបង្កើតកូនបីនាក់ ក្នុងនោះស្រីម៉ុចជាកូនទី២ក្នុងចំណោមកូនទាំង៣នាក់។ នាងស្រីម៉ុចកើតមកនាងពិការដៃទាំងពីរត្រឹមស្មា។ ជីវភាពរបស់គ្រួសារនាងជាគ្រួសារមានកម្រិតមធ្យមដែរ។ ក្នុងជីវភាពប្រចាំថ្ងៃ នាង សាត ស្រីម៉ុច បានប្រើជើងជំនួសដៃដើម្បីធ្វើកិច្ចការនានាទាំងការងារផ្ទះ កិច្ចការសាលាត្រូវធ្វើនៅផ្ទះ និងការរៀនសូត្រនៅសាលារៀន។ ស្រីម៉ុច បានប្រាប់កម្ពុជាថ្មីកាលពីថ្ងៃទី១០ ខែមករានោះថា ខ្លួនត្រូវខំប្រឹងរៀន និងខំបង្កើតជំនាញច្បាស់លាស់មួយដើម្បីអាចរស់ខ្លួនឯងបានទៅអនាគត។ នាងរៀនក្លាយជាសិស្សពូកែលើមុខវិជ្ជាខ្លះ ហើយបានចំណាត់ថ្នាក់ទទួលរង្វាន់និងសក្ខីប័ត្រសរសើរពីសាលារៀនផងដែរ។
នាងខំរៀនទាំងមុខវិជ្ជាទាំងឡាយជាភាសាខ្មែរ ហើយប្រឹងរៀនភាសាអង់គ្លេសទៀត។ បន្ថែមលើនោះនាងក៏ត្រូវខំទាក់ទាញការរាប់អាន និងសន្តានចិត្តអាណិតស្រឡាញ់ និងយកចិត្តទុកដាក់ពីលោកនាយកនាយករង លោកគ្រូអ្នកគ្រូ និងមិត្តៗសិស្ស ព្រមទាំងអ្នកភូមិផងដែរ។ នាងនិយាយបន្តថា ខ្លួនអាចធ្វើកិច្ចការបានច្រើនមុខដែរ តែការស្លៀកពាក់នៅតែពឹងម្តាយឲ្យជួយ។
នាងបានពឹងបងប្អូននិងមិត្តរួមថ្នាក់ឲ្យជួយឌុបទៅសាលា។ នាងស្លៀកពាក់ឯកសណ្ឋានសិស្សដូចគេឯង គ្រាន់តែត្រូវស្លៀកខោក្នុងសំពត់ឲ្យគត់មត់ ព្រោះពេលរៀននាងត្រូវដាក់សៀវភៅលើក្ដារបង្គុយនៃតុរៀន ហើយលើកជើងឆ្វេងសរសេរ។ បើត្រូវសរសេរលើក្តារខៀននាងត្រូវសុំដាក់តុឲ្យខ្ពស់ទើបលើកជើងដល់។ លោក ភឿក សារ៉ាន់ នាយកអនុវិទ្យាល័យសុវណ្ណគិរីឃុំភ្នំតូចនិយាយថា សិស្សសាត ស្រីម៉ុច ជាសិស្សរៀនឆ្នើមម្នាក់ ដូចជាការបញ្ចប់ការសិក្សាឆ្នាំ២០១៣-២០១៤ កន្លងមក នាងទទួលរង្វាន់ការសិក្សាប្រចាំសាលាដែរ។ នាងចេះនិងវាយកុំព្យូទ័រនឹងម្រាមជើងបានដូចសិស្សប្រើម្រាមដៃដែរ។ ចំណែកគ្រូបន្ទុកថ្នាក់និយាយថា សិស្សពិការដៃទាំងពីរពីកំណើតនេះខំហើយរៀនឆ្លាត និងត្រូវសិស្សរួមថ្នាក់រួមសាលាស្រឡាញ់អាណិតរាប់អានច្រើន មិនមានអ្នករើសអើងទេ។ សិស្សនិងសាលាតែងផ្តល់កម្លាំងចិត្ត លើកទឹកចិត្តនិងជំរុញនាងឲ្យខិតខំរៀនសូត្រដើម្បីមានអនាគតល្អ។ លើសពីនេះទៅទៀត ដើម្បីលួងជីវិត ក៏ដូចជាបង្កើតអារម្មណ៍កំសាន្តសប្បាយ សាត ស្រីម៉ុច បានរៀនហើយចេះច្រៀងគោក ច្រៀងមានភ្លេងនូវបទចម្រៀងចម្រុះទាំងបទសម័យ បូរាណ បទមនោសញ្ចេតនា បទញាក់យ៉ាងពីរោះរណ្ដំអណ្ដែតអណ្ដូងផងដែរ៕
គង្គា
0 Comments