ការប្រកួតកីឡាប៉េតង់និង សីប៉ាក់តាក្រ ដើម្បីអបអរខួបទី៣៦ថ្ងៃជ័យជំនះ៧មករា ដែលខេត្តកណ្តាលរៀបចំធ្វើកាលពីថ្ងៃទី០៣មកនោះ បានបញ្ចប់ហើយនៅល្ងាចថ្ងៃទី០៥ មករា ២០១៥ នៅមន្ទីរអប់រំយុវជន និង កីឡាខេត្ត។
លោក គីម រិទ្ធី អភិបាលរងខេត្តកណ្ដាល បានចូលរួមទស្សនាការប្រកួតផ្ដាច់ព្រ័ត្រ និងប្រគល់ពានរង្វាន់ដល់ក្រុមនិងកីឡាករ កីឡាការិនី ដែលទទួលបានជ័យលាភី។
ក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់និង សីប៉ាក់តាក្រនេះ មានក្រុមកីឡាប៉េតង់ចំនួន២៥ក្រុមនិងសីប៉ាក់តាក្របុរសចំនួន១២ក្រុម និង នារី៦ ក្រុម មកពីមន្ទីរនានាជុំវិញខេត្ត និង បណ្ដាក្រុង-ស្រុក។
សម្រាប់ប្រភេទកីឡាប៉េតង់វិញ្ញាសា៣នាក់ទល់៣នាក់ និង វិញ្ញាសា២នាក់ទល់២នាក់ គឺចែកជា៨ពូលដូចគ្នា ដែលមួយពូលៗមាន៣ក្រុមនិង ៤ក្រុម ដោយប្រកួតតាមរូបមន្តប្រកួតវិលជុំ។ វគ្គ១៦ក្រុមចុងក្រោយ ប្រកួតតាមរូបមន្តជម្រុះ ដើម្បីយក៨ក្រុមឡើងលេងបន្តវគ្គ១ភាគ៤ផ្ដាច់ព្រ័ត្រ និង ពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។
ដោយឡែក ប្រភេទកីឡាសីប៉ាក់តាក្រ ផ្នែកបុរសមាន១២ក្រុម ចែកចេញជា ៤ ពូលប្រកួតតាមរូបមន្តវិលជុំ ដើម្បីយក៨ក្រុមមកលេងបន្តវគ្គជម្រុះ១ភាគ៤ និងបន្តទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ និង ផ្ដាច់ព្រ័ត្រ ។ សម្រាប់នារីមាន ៦ក្រុម ដោយប្រកួតតាមរូបមន្តវិលជុំដែរ។
ចំពោះលទ្ធផល និង ចំណាត់ថ្នាក់នោះ សម្រាប់ប្រភេទកីឡាសីប៉ាក់តាក្រវិញ្ញាសានារី ៣ នាក់ទល់៣នាក់ ចំណាត់ថ្នាក់លេខ ១ សាលារៀនអន្តរជាតិWest Line លេខ ២ មន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្ដាល លេខ ៣ ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល និង លេខ ៣ស្ទួនក្លឹបព្រែកតាទែន ២។
វិញ្ញាសាបុរស ៣នាក់ទល់៣នាក់ចំណាត់ថ្នាក់លេខ ១ ក្រុមរចនាពញាឮ-២ ចំណាត់ថ្នាក់លេខ ២ក្រុមសមាគមសីប៉ាក់តាក្រសាលាខេត្តកណ្ដាល លេខ ៣ ក្រុមរចនាពញាឮ-១ និង លេខ ៣ ស្ទួន ក្រុមមន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្ដាល-១។
សម្រាប់ប្រភេទកីឡាប៉េតង់ វិញ្ញាសា៣នាក់ទល់៣នាក់ ពានរង្វាន់សមាគម លេខ ១ វិទ្យាល័យហ៊ុន សែនតាខ្មៅ១ ចំណាត់ថ្នាក់លេខ ២ក្លឹបសាលាស្រុកស្អាង លេខ៣ក្លឹបការិយាល័យកុមារតូច និង លេខ ៣ស្ទួនក្លឹបសាកលវិទ្យាល័យ IIC។
វិញ្ញាសា២នាក់ទល់២នាក់ ផ្នែកពានធំចំណាត់ថ្នាក់លេខ ១ ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជានៃមន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្ដាល លេខ ២ ក្លឹបនាគរាជ ២ ចំណាត់ថ្នាក់លេខ ៣ ក្លឹបនាគរាជ ១ និង ចំណាត់ថ្នាក់លេខ ៣ស្ទួនក្លឹបសាលាខេត្តកណ្ដាល២។
វិញ្ញាសា៣នាក់ទល់៣នាក់ ផ្នែកពានធំចំណាត់ថ្នាក់លេខ ១ សមាគមកីឡាប៉េតង់សាលាខេត្តកណ្ដាល លេខ ២ក្លឹបនាគរាជ ១ ចំណាត់ថ្នាក់លេខ ៣ក្លឹបនាគរាជ ២ និង ចំណាត់ថ្នាក់លេខ ៣ ស្ទួន ក្លឹបសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តកណ្ដាល។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់និង សីប៉ាក់តាក្រ ដើម្បីអបអរខួបទី៣៦ថ្ងៃជ័យជំនះ៧មករានេះ រៀបចំដោយការិយាល័យអប់រំកាយ និង កីឡានៃមន្ទីរអប់រំយុវជន និង កីឡាខេត្តកណ្ដាល ដោយបានទទួលការឧបត្ថម្ភពីមន្ទីរនានា និង ក្រុង-ស្រុកចំណុះខេត្តកណ្ដាល និងមជ្ឈមណ្ឌលនាឡិកាស្វីស៕

0 Comments