ភ្នំពេញ ៖ ឯម លីថូ អ្នកប្រដាល់ក្លឹបឫទ្ធីពោធិសែនជ័យ រីឯសុខ សុវណ្ណ ជាអ្នកប្រដាល់ក្លឹបកងពលតូចលេខ៣១។ វី សេរីចាន់ឌីន អ្នកប្រដាល់ក្លឹបខ្លារខិនមានរិទ្ធ និងឪម សំរេច អ្នកប្រដាល់ក្លឹបកងពលតូចទ័ពឆ័ត្រយោង៩១១ ដែលសុទ្ធតែជាអ្នកប្រដាល់ជើងខ្លាំងទម្ងន់៦៣,៥០០គីឡូក្រាម គឺត្រូវបានជ្រើសរើសឲ្យជួបគ្នា ដើម្បីប្រកួតដណ្ដើមពានអនុស្សាវរីយ៍បាយ័នដើមឆ្នាំ២០១៥នេះ។
មុនការប្រកួត ពួកគេទាំងបួននាក់ នឹងត្រូវចាប់ឆ្នោតរើសដៃគូប្រកួត ដែលការប្រកួតនេះនឹងត្រូវធ្វើឡើងនៅលើសង្វៀនបាយ័នបឹងស្នោ នាល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០១៥នេះ។ ការប្រកួតប្រព្រឹត្តិទៅតាមរូបមន្តជា Marathon គឺចាញ់ហាលអាវ ឈ្នះត្រូវបន្តការប្រកួតទៀត ទាល់តែរកឃើញជើងឯកម្ចាស់ពានក្នុងពេលតែមួយ។
ការប្រកួតចែកចេញជាពីរដំណាក់កាល ដែលដំណាក់កាលទី១-ប្រកួតជម្រុះ ដើម្បីជម្រុះចោលពីរនាក់ដែលចាញ់ ហើយពីរនាក់ដែលឈ្នះនោះ ត្រូវឡើងទៅជួបគ្នាក្នុងដំណាក់កាលទី២ ដែលជាការប្រកួតផ្តាច់ព្រ័ត្រដណ្ដើមពានអនុស្សាវរីយ៍របស់ស្ថានីយទូរទស្សន៍បាយ័ន។
គួរបញ្ជាក់ថា ការប្រកួតក្នុងដំណាក់កាលទី១ គឺប្រកួតតែ៣ទឹកប៉ុណ្ណោះ ដោយក្នុងមួយទឹកមាន៣នាទី និងការប្រកួតក្នុងដំណាក់កាលផ្តាច់ព្រ័ត្រ គឺវាយ៥ទឹក តែមួយទឹកៗវាយតែ២នាទីទេ។
ក្នុងចំណោមអ្នកប្រដាល់ជើងខ្លាំងទាំង៤រូបនេះ បើសិនជា ឯម លីថូ ប៉ះសុខ សុវណ្ណ នោះ ពួកគេទាំងពីរធ្លាប់ជួបគ្នាចំនួន៦លើកហើយ ប៉ុន្តែសុវណ្ណមិនដែលវាយឈ្នះលីថូទេ គឺបានត្រឹមស្មើម្តង និងចាញ់លីថូដោយពិន្ទុ៥ដង។ ពួកគេជួបគ្នាលើកដំបូងក្នុងឆ្នាំ២០០៧ បន្ទាប់មកនៅឆ្នាំ២០០៨ និង២០១០។ តាមប្រវត្តិប្រកួតនេះ គេមិនរំពឹងថាសុខ សុវណ្ណ អាចវាយឈ្នះឯម លីថូនោះទេ ប្រសិនបើចាប់ឆ្នោតជួបគ្នានោះ។
ចំពោះអ្នកប្រដាល់ វី សេរីចាន់ឌីន បើសិនជាជួបឪម សំរេចវិញ ពួកគេទាំងពីរពុំធ្លាប់ដែលជួបគ្នាទេ ព្រោះថា សេរីចាន់ឌីន គេទើបតែបង្ហាញមុខលើសង្វៀនក្នុងឆ្នាំ២០១៤ប៉ុណ្ណោះ។
ចំណែកឯ វី សេរីចាន់ឌីន គេថ្មីមែន ប៉ុន្តែគេមានស្នៀតប្រដាល់ល្អ និងវាយមានផ្លែល្អទៀតផង។ ហើយអ្វីដែលធ្វើឲ្យគេប្រកួតឈ្នះដៃគូនោះ គឺដោយសារកម្លាំងកាយសម្បទារបស់គេរឹងមាំ និងខ្លាំងតែម្តង។ ប្រកួតចុងក្រោយនេះ សេរីចាន់ឌីន វាយឈ្នះ ផាន់ ចំណាន អ្នកប្រដាល់ក្លឹបគជសារកីឡាដោយពិន្ទុ។ ឪម សំរេច គេមិនជាខ្លាំងប៉ុន្មាននោះទេ ហើយការប្រកួតរបស់គេភាគច្រើនវាយចាញ់ច្រើនជាងឈ្នះ។ ប្រកួតចុងក្រោយនេះ សំរេចវាយចាញ់ យស់ សំអាល់ អ្នកប្រដាល់ក្លឹបឃ្លាំងមឿងកីឡាដោយពិន្ទុ។
តែបើសិនជា ឪម សំរេចប៉ះជាមួយ ឯម លីថូវិញនោះ ក៏រឹតតែទៅមិនរួចជាមួយលីថូដែរ ហើយបើ វី សេរីចាន់ឌីជួបលីថូ ក៏ទៅមិនរួចដូចគ្នាដែរ។ ដូច្នេះក្នុងចំណោម៤នាក់នេះ ឯម លីថូ មានប្រៀបឈ្នះលើសគេ បន្ទាប់មកមានសុខ សុវណ្ណ។
ប៉ុន្តែទោះជាយ៉ាងណា សម្រាប់ការជួបប្រកួតគ្នារបស់អ្នកប្រដាល់ទាំង៤រូបនេះ មិនដឹងថាអ្នកណាជ្រុះធ្លាក់ អ្នកណានឹងបានឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រនោះទេ ៕
វិសិទ្ធ(រូប៥)

0 Comments