ភ្នំពេញ ៖ កម្លាំងនគរបាលអគ្គនាយកដ្ឋាន អន្ដោប្រវេសន៍ក្រសួង មហាផ្ទៃបានចុះឆែកឆេរលំនៅដ្ឋាន កន្លែងស្នាក់នៅនិងឃាត់ខ្លួនជនជាតិវៀតណាម ចំនួន៨នាក់ជាបន្តបន្ទាប់។ ដែលការឃាត់ខ្លួននោះត្រូវបានគេរាយការណ៍ពាក់ព័ន្ធទៅនឹងការស្នាក់នៅមិនស្របច្បាប់នៅក្នុងប្រទេសកម្ពុជា។ ប្រតិបត្តិការនេះធ្វើឡើងកាលពីព្រឹកនិងរសៀលថ្ងៃទី៥ ខែមករាឆ្នាំ២០១៥នៅក្នុងមូលដ្ឋានសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោកនិងនៅខណ្ឌសែនសុខរាជធានីភ្នំពេញ។
មន្ត្រីនគរបាលប៉ុស្តិ៍ផ្សារដើមគរ ដែលចូលរួមនៅក្នុងប្រតិបត្តិការនោះបានឱ្យដឹងថា ក្នុងចំណោម ជនជាតិវៀតណាម ទាំង៨ នាក់ ដែលប៉ូលិសរកឃើញនេះ៥នាក់មិនត្រូវបានឃាត់ខ្លួននោះទេ ពោលគឺឃាត់ខ្លួនតែ៣នាក់ប៉ុណ្ណោះបញ្ជូនទៅកាន់អគ្គនាយកដ្ឋានអន្តោរប្រវេសន៍។
ជនជាតិវៀតណាមដែលត្រូវបានឃាត់ខ្លួនខាងលើត្រូវបាន សមត្ថកិច្ចរាយការណ៍ថា មកស្នាក់នៅនិងរក ស៊ីក្នុងប្រទេសកម្ពុជា ពុំមានលិខិត ស្នាមត្រឹម ត្រូវឡើយ ហើយពួកគេទាំងនោះមកកម្ពុជាដើម្បីប្រកប របររកស៊ីដូចជាជាងឈើ ដើរលក់ឆ្នោត សន្លឹក ទិញអេតចាយ លក់គ្រឿងហូបចុក និងបើកហាងកាហ្វេរ កាត់សក់ជាដើម។
គួរបញ្ជាក់ផងដែរថា ដើម្បីអនុវត្ដច្បាប់អន្ដោប្រវេសន៍ និងពង្រឹងការរស់នៅរបស់ជន បរទេសលើទឹកដី កម្ពុជាឱ្យ មាន ច្បាប់ទម្លាប់ ត្រឹមត្រូវនោះ រាជរដ្ឋាភិបាលកម្ពុជា តាម រយៈអគ្គនាយកដ្ឋានអន្តោប្រវេសន៍ របស់ ក្រសួងមហាផ្ទៃ ក្នុងមួយរយៈពេលចុងក្រោយនេះ បានចុះធ្វើប្រតិបត្តិការជាបន្ដបន្ទាប់ ដោយចុះធ្វើការឆែកឆេរនិងឃាត់ខ្លួន ជនជាតិ វៀតណាមជាច្រើននាក់ជាពិសេសនៅរាជធានី ភ្នំពេញ និងតាមបណ្តាលខេត្តក្នុងមួយចំនួនទៀតនៅក្នុងប្រទេសកម្ពុជាសំដៅធ្វើយ៉ាងណាឲ្យជនជាតិបរទេសទាំងអស់ដែលស្នាក់នៅកម្ពុជាមានឯកសារ និងលិខិតស្នាមត្រឹមត្រូវ៕

0 Comments