Ad Code

បើក​យុទ្ធនា​ការហាត់​ហ្វឹកហ្វឺន​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០១៥

នៅ​ព្រឹក​ថ្ងៃទី​០៦​មករា​នេះ មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា ក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ប្រារព្ធ​បើក​យុទ្ធនា​ការហាត់​ហ្វឹកហ្វឺន​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០១៥ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ដែល​មាន​ការ​អញ្ជើញ​ចូលរួម​ពី​លោក​ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា។
តាម​របាយការណ៍​រប​ស់លោក ប៉ុន សុខ នាយក​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា បាន​បង្ហាញថា ការ​ប្រមូលផ្ដុំ​កីឡា​ជម្រើសជាតិ​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​០៦​មករា ដល់ ថ្ងៃទី​០៥​មិថុនា​ឆ្នាំ​២០១៥។ ក្នុង​ឱកាស​នៃ​កា​ប្រមូលផ្ដុំ ពួកគេ​ត្រូវ​ស្ថិត​នៅ​ក្នុង​ជំរំ​ដើម្បី​ទទួល​នូវ​ការ​ហ្វឹកហាត់​ឲ្យ​ដល់​កម្រិតស្ដង់ដារ​សក​ល។

លោក ប៉ុន សុខ បាន​អោយ​ដឹង​ទៀត​ថា ការរៀបចំ​អោយ​មាន​ការ​ប្រមូលផ្តុំ​នេះ​គឺជា​ការ​បង្វឹក​ហាត់​ដល់​ក្រុមកីឡា​ជម្រើសជាតិ អោយ​ទទួល​នូវ​សិទ្ធិ​ផល​កើន​ខ្ពស់​ជាង​មុន ដើម្បី​ត្រៀម​លក្ខ​ណៈ​ចូលរួម​ការប្រកួត​កីឡា​Sea Games លើក​ទី​២៨​នៅ​ប្រទេស​សិង្ហបូរី ដែល​នឹង​ប្រព្រឹត្តទៅ​នា​ថ្ងៃទី​០៥ ដល់ ថ្ងៃទី​១៦​មិថុនា​ឆ្នាំ​២០១៥ ក៏ដូចជា​ការប្រកួត​កីឡា​សកលវិទ្យាល័យ​ពិភពលោក​នៅ​ប្រទេស​កូរ៉េ និង​ការប្រកួត​កីឡា​ជាល​ក្ខ​ណៈ​អន្តរជាតិ​នានា នា​ពេល​ខាងមុខនេះ។
ក្រុម​ជម្រើសជាតិ​ដែល​ត្រូវ​ចូលរួម​ប្រមូល​ផ្តុំ​ក្នុង​យុទ្ធនា​ការហាត់​ហ្វឹកហ្វឺន​ឆ្នាំនេះ មាន​ចំនួន​៣៩២​នាក់ ក្នុង​នោះ​គ្រូបង្វឹក គ្រូ​ជំនួយ​ចំនួន​៦២​នាក់ អនុរក្ស​២៦​នាក់ កីឡាករ​២៣៨​នាក់​និង កីឡាការិនី​ចំនួន​៦៦​នាក់ មកពី​ប្រភេទ​កីឡា​ចំនួន​២៣ ដែល​រួមមាន កីឡា​តេ​ក្វាន់​ដូ​(WTF&ITF) ប៉េតង់ សី​ប៉ា​តា​ក្រ ប្រណាំងទូក​ប្រពៃណី វ៉ូ​ស៊ូ យូ​ដូ ប្រដាល់ វាយ​កូន​បាល់ បាល់ទះ​(​ឆ្នេរ​ខ្សាច់​និង​ក្នុង​សាល​) បាល់ទាត់​U23 អត្តពលកម្ម កាយសម្ព័ន្ធ ហែល​ទឹក ទ្រី​យ៉ា​ត្លុង បាល់បោះ វាយ​កូនឃ្លី​លើ​តុ វាយ​សី ប្រណាំង​ទោចក្រយាន គុន​ដាវ ចំបាប់ វ៉ូ​វី​ណា​ម សូ​រី​ន​កាំ​ប៉ូ និង​កា​រ៉ា​តេ​ដូ។
ការ​ហ្វឹកហាត់​រយៈពេល​៥​ខែ​នេះ ចែកចេញជា ៣ ដំណាក់កាល​គឺ​ដំណាក់កាល​រៀបចំ​គឺ​ហាត់​ហ្វឹកហ្វឺន​ផ្នែក​កម្លាំង ដំណាក់កាល​ត្រៀម​ប្រកួត​គឺ​ហាត់​ហ្វឹកហ្វឺន​ផ្នែក​បច្ចេកទេស និង ដំណាក់កាល​ប្រកួត​ហាត់​ហ្វឹកហ្វឺន​ផ្នែក​កលល្បិច។ ចប់​ដំណាក់កាល​នីមួយៗ​កីឡាករ​-​កីឡាការិនី​ទាំងអស់​ត្រូវធ្វើ​តេស្ត បច្ចេកទេស សិទ្ធិ​ផល​(Performance) ដោយ​ខានមិនបាន។
ការ​ហ្វឹកហាត់​នេះ កីឡាករ​-​ការិនី​ស្ថិត​ក្រោម​យន្ដ​ការ​ត្រួតពិនិត្យ​រប​ស់​គណៈកម្មការ​ត្រួតពិនិត្យ និង វាយតម្លៃ​របស់​ក្រសួង​អប់រំ​យុវជន និង កីឡា។ អនុរក្ស​ចុះ​តាមដាន និង ត្រួតពិនិត្យ​ការ​ហ្វឹកហាត់ ការ​ហូបចុក របស់​កីឡាករ​-​ការិនី​ជា​ទៀត​ទាត់ ។ ក្រុមប្រឹក្សាវិន័យ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា នឹង​ដាក់​វិន័យ​ចំពោះ​កីឡាករ​-​ការិនី ដែល​ប្រព្រឹត្តិ​ផ្ទុយ​ពី​បទបញ្ជាផ្ទៃក្នុង។
កីឡាករ​-​កីឡាការិនី​ដែល​ខំ​ប្រឹងប្រែង​ហាត់​ហ្វឹកហ្វឺន​ទទួល​បាន​សិទ្ធិ​ផល​ខ្ពស់ និង​មាន​សីលធម៌​ល្អ​នោះ នឹង​ត្រូវ​បាន​លើកទឹកចិត្ត​ឲ្យ​ទៅ​ចូលរួម​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ។
ក្នុង​អំឡុង​នៃ​ការ​ប្រមូល​ផ្តុំ​នេះ ក្រសួង​អប់រំ​បានសម្រេច​បើក​ថវិកា​បំប៉ន​សំរាប់​ការ​ហូបចុក​ប្រចាំថ្ងៃ​ដល់ដៃ​កីឡាករ កីឡាការិនី​និង​គ្រូបង្វឹក​ដោយ​ផ្ទាល់​ជាប្រចាំ​ខែ ដើម្បី​ហូបចុក​ខ្លួនឯង ទៅតាម​សំណូមពរ​របស់​កីឡាករ កីឡាការិនី​និង​គ្រូបង្វឹក។
គួរ​បញ្ជាក់​ថា សម្រាប់​កីឡាករ​-​កីឡាការិនី​ម្នាក់ៗ បាន​ទទួល​ប្រាក់ឧបត្ថម្ភ​២៥០.០០០​រៀល ក្នុង​មួយ​ខែ គ្រូបង្វឹក​បាន​៣០០.០០០​រៀល​ក្នុង​មួយ​ខែ និង អនុរក្ស​បាន​១៥០.០០០​រៀល​ក្នុង​មួយ​ខែ។ ក្រៅ​ពី​នេះ​ប្រាក់​អាហារូបត្ថម្ភ​ម្នាក់ៗ បាន​២៣.០០០​រៀល​ក្នុង​មួយថ្ងៃ។
លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​មានប្រសាសន៍ថា ពី​មួយ​ឆ្នាំទៅ​មួយឆ្នាំ​ការងារ​គ្រប់គ្រង ការដឹកនាំ​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​ជាតិ កាន់​តែ​មាន​ការវិវត្តន៍​រីក​ចំរើន​តាម​គោលការណ៍​អភិបាលកិច្ច​ល្អ ដោយមាន​ការចូលរួម​ពី​គ្រប់​មជ្ឈដ្ឋាន​ពាក់ព័ន្ធ មាន​តម្លាភាព មាន​គណ​នីយភាព មាន​ភាព​ទន់ភ្លន់​ក្នុង​ការ​ដឹកនាំ និង​មាន​កិច្ច​សហប្រតិបត្តិការ​បា​ន​ល្អប្រសើរ។ លោក​បន្ត​ថា នេះ​ជា​ជោគជ័យ​ថ្មី​មួយ​ថែមទៀត ក្នុង​វិស័យ​កីឡា​ក្នុង​ការ​រួមចំណែក​អនុវត្ត​គោលនយោបាយ​កែទម្រង់​វិស័យ​អប់រំ​៨​ចំណុច របស់​ក្រសួង​អប់រំ​យុវជន​និង​កីឡា និង​ជាពិសេស​គឺជា​ការ​រួម​ចំណែក​អនុវត្ត​កម្មវិធី​នយោបាយ​និង​ផែនការ​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៣​របស់​រាជរដ្ឋាភិបាល។
លោក​រដ្ឋមន្ត្រីក្រសួង​អប់រំ​យុវជន និង​កីឡា បាន​ក្រើនរំលឹក​ដល់​លោកគ្រូ​អ្នកគ្រូ​បង្វឹក កីឡាករ កីឡាការិនី​ជម្រើសជាតិ​ទាំងអស់ ត្រូវយក​អស់​កម្លាំងកាយ​កម្លាំងចិត្ត​ក្នុង​ការ​បង្ហាត់​និង​ហាត់​អោយ​ទទួលបាន​នូវ​សិទ្ធិ​ផល​ខ្ពស់ ដើម្បី​ចូលរួម​ប្រកួត​កីឡា​Sea Games លើក​ទី​២៨​នៅ​ប្រទេស​សិង្ហបូរី ដណ្តើម​បាន​មេដាយ​កាន់​តែ​ច្រើន ស្របតាម​ការ​លើក​ទឹកចិត្ត​របស់​រាជរដ្ឋាភិបាល តាមរយៈ​ការ​កែសម្រួល​ប្រាក់​រង្វាន់​នោះ៕
វិសិទ្ធ

Post a Comment

0 Comments

Close Menu