ភ្នំពេញ ៖ ប្រទេសកម្ពុជាត្រូវបានគេមើលឃើញថា មានចំនួនអ្នកស្រូបផ្សែងបារីពីគេខ្ពស់ជាងគេនៅក្នុងបណ្តាប្រទេសជាសមាជិកក្នុងតំបន់អាស៊ាន។
យោងតាមរបាយការណ៍របស់ក្រសួងផែនការដែលបង្ហាញកាលពីពេលថ្មីៗនេះ បានឲ្យដឹងថា បច្ចុប្បន្ននេះមាន ប្រជាពលរដ្ឋកម្ពុជា ជិត៩០ភាគរយ កំពុងស្រូបផ្សែងបារីពីគេ នៅតាមទីសាធារណៈ និងនៅតាមភោជនីយដ្ឋាន ចំណែកអ្នកស្រូបផ្សែងបារីនៅពេលធ្វើដំណើរតាមរថយន្តសាធារណៈ ត្រូវបានគេរកឃើញថា មានចំនួនប្រហែល៦០ភាគរយ និងចំនួន៥០ភាគរយទៀតនៅកន្លែងធ្វើការ។ របាយការណ៍ដដែលនោះបានឲ្យដឹងទៀតថា ចំនួននេះ គឺបញ្ជាក់ថា កម្ពុជាគឺជាប្រទេសមួយដែលមានតួលេខខ្ពស់នៃអ្នកស្រូបផ្សែងបារីពីគេ បើប្រៀបធៀបជាមួយនឹងបណ្ដាប្រទេសផ្សេងៗទៀតនៅក្នុងតំបន់អាស៊ាន។
ដើម្បីដោះស្រាយបញ្ហានេះ កន្លងមក អង្គការចលនា ដើម្បីសុខភាពកម្ពុជា និងក្រសួងសុខាភិបាលបានចុះអប់រំដល់ ប្រជាពលរដ្ឋអំពីផលប៉ះពាល់ និងបើកយុទ្ធនាការផ្សព្វផ្សាយអនុក្រឹត្យរបស់រាជរដ្ឋាភិបាល ស្ដីពីវិធានការ ហាមឃាត់ចំពោះការផ្សាយពាណិជ្ជកម្មផលិតផលថ្នាំជក់នេះ មានគោលបំណងផ្ដល់ព័ត៌មាន និងក្រើនរំលឹកដល់អ្នកលក់រាយ និងលក់ដុំនៃផលិតផលថ្នាំជក់ទាំងអស់ កុំឲ្យបន្តរួមចំណែកនៅក្នុងការផ្សាយពាណិជ្ជកម្មផលិតថ្នាំជក់ ដែលល្មើសទៅនឹងខ្លឹមសារនៃអនុក្រឹត្យរបស់រាជរដ្ឋាភិបាល។
តាមរបាយការណ៍ របស់អង្គការសុខភាពពិភពលោក បានឲ្យដឹងថា ការប្រើប្រាស់ថ្នាំជក់បាន បណ្ដាលឲ្យមានអ្នក ស្លាប់ចំនួន ៦លាននាក់ ក្នុង១ឆ្នាំៗ នៅលើពិភពលោក។ ដោយឡែក នៅប្រទេសកម្ពុជាវិញ មានប្រជាពលរដ្ឋស្លាប់ ដោយសារការជក់បារី មានចំនួនជិត ១ម៉ឺននាក់ ជារៀងរាល់ឆ្នាំ។ ជាងនេះទៅទៀត គ្រោះមហន្តរាយនៃការស្រូប ផ្សែងបារីពីគេ ក៏គ្រោះថ្នាក់ផងដែរ ដែលត្រូវខាតបង់ថវិកាជិត ១០០ លានដុល្លារអាមេរិក ទៅលើការប្រើប្រាស់ថ្នាំជក់នេះ៕

0 Comments