កំពង់ឆ្នាំង ៖ បេក្ខជនបេក្ខនារី ដែលបានប្រឡងចំរៀងជាប់វគ្គទី១-ចំនួន៣៦នាក់(ស្រី០៧នាក់) នៅព្រឹកថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥នេះ បានមកកាន់ស្ថានីយវិទ្យុឬទ្ឋិសែន FM 99.75 មានទីតាំងនៅភូមិឃ្លាំងប្រាក់ សង្កាត់ផ្អេរ ក្រុងកំពង់ឆ្នាំងជាថ្មីម្តងទៀត ដើម្បីចូលរួមប្រឡងចំរៀងជម្រុះវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រសម្រាប់ឈានដល់ប្រឡងក្នុងផ្តាច់ព្រ័ត្រនៅដើមខែកុម្ភៈ ឆ្នាំ២០១៥ខាងមុខនេះទៀត។ លោក សុខ ឧត្តម ប្រធានស្ថានីយវិទ្យុឬទ្ឋិសែន ដែលជាអ្នករៀបចំកម្មវិធីប្រឡងចំរៀងនេះបានឲ្យដឹងថា នេះជាការប្រឡងវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រ ដោយគណៈកម្មការបានសម្រេចយកអ្នកដែលមានសមត្ថភាពទៅប្រឡងផ្តាច់ព្រ័ត្រនៅដើមខែកុម្ភៈខាងមុខនេះ ក្នុងកម្មវិធី "សម្លេងខ្ញុំ សំនៀងខ្ញុំ" ក្នុងស្ទូឌីយោវិទ្យុតែម្តង។
លោកបានបញ្ជាក់ថា ការរៀបចំឲ្យមានការប្រឡងចំរៀងសម័យ និងចំរៀងបុរាណ នៅពេលនេះ គឺមានគោលបំណងជួយលើកស្ទួយវិស័យសិល្បៈផ្នែកចំរៀងរបស់ខ្មែរយើង និងប្អូនៗយុវជន យុវនារីដែលមានបំណងចាប់យកអាជីពចម្រៀង មានសេចក្តីក្លាហាន និងហ៊ានឡើងប្រឡងចូលរួមក្នុងការប្រកួតបញ្ចេញសមត្ថភាពដើម្បីក្លាយជាអ្នកចំរៀងមានប្រជាប្រិយភាពក្នុងអនាគត។ កាលពីវគ្គទី១-មានបេក្ខជន១០១នាក់ ក្នុងពេលប្រឡងគណៈកម្មការបានសម្រេចជម្រុះសល់តែ៣៦នាក់ ដែលត្រូវប្រឡងនៅវគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៅព្រឹកថ្ងៃទី១៧ ខែមករានេះ។
ចំពោះបេក្ខជនដែលទទួលបានចំណាត់ថ្នាក់លេខ១-ទទួលបានពានរង្វាន់១ និងថវិកាចំនួន១លានរៀល លេខ២-ទទួលបានថវិកាចំនួន៧០ម៉ឺនរៀល និងលេខ៣-ទទួលបានថវិកា៥០ម៉ឺនរៀល។ អ្នកទទួលបានជ័យលាភីលេខ១ លេខ២ និងលេខ៣ ត្រូវបានទទួលការអញ្ជើញទៅដើរកំសាន្តនៅក្រុងព្រះសីហនុរយៈពេល២ថ្ងៃ២យប់ ដែលរាល់ការចំណាយទាំងអស់ជារបស់ស្ថានីយវិទ្យុឬទ្ឋិសែនFM 99.75 និងមួយផ្នែកទៀតមានការឧបត្ថម្ភពីដៃគូពាណិជ្ជកម្មស្ថានីយរបស់លោក៕ ឈៀង ថារិទ្ធ




0 Comments