Ad Code

SEA-TV​បង្កើត​សង្វៀន​ចល័ត​តាម​ខេត្ត

នៅ​ថ្ងៃ​សៅរ៍​ទី​១០ មករា ខាងមុខនេះ SEA-TV​នឹង​បើក​សង្វៀន​ប្រដាល់​ជា​លក្ខណៈ​មិត្តភាព​អន្តរជាតិ​នៅ​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដែល​ជា​យុទ្ធសាស្ត្រ​ថ្មី​របស់​SEA-TV​សម្រាប់​ឆ្នាំ​២០១៥ ក្នុង​ការ​បង្កើត​សង្វៀន​ប្រដាល់​ចល័ត​នៅ​តាម​បណ្តា​ខេត្ត​នោះ។
សម្រាប់​ការ​បើកឆាក​សង្វៀន​ថ្មី​នៅ​ក្រុង​ប៉ោត​ប៉ែត​នេះ អ្នក​ប្រដាល់​វ៉ន វីវ៉ា ក្លឹប​ព្រះខ័ន​រាជ និង​ជា​ម្ចាស់​ខ្សែក្រវាត់​ពិភពលោក នឹង​មាន​វត្តមាន​នៅ​ទីនោះ រួម​ជា​មួយ​ជើង​ខ្លាំង​របស់​កម្ពុជា​ពីរ​រូប​ទៀត គឺ​ផាន់ គ្រាន់ ក្លឹប​គុជ​សា​កីឡា និង ឈាន ហុង ក្លឹប​ក្រសួងការពារជាតិ ដែល​ពួកគេ​ទាំង​បី នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ។

វ៉ន វីវ៉ា នឹង​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ជើង​ខ្លាំង​របស់​ថៃ​ឈ្មោះ​Chea Rasak ដោយ​ប្រកួត​ក្នុង​ទម្ងន់​៧៥​គីឡូក្រាម។Chea Rasak នេះ តាម​អ្នក​ផ្គូផ្គង​ឲ្យ​ដឹង​ថា មាន​សមត្ថភាព​ប្រហាក់ប្រហែល​នឹង​វីវ៉ា​ដែរ ដែល​ប្រវត្តិ​ប្រកួត​របស់​គេ​ច្រើនជាង​វីវ៉ា​ទៅទៀត គឺ​ប្រកួត​បាន​៦៤​ដង ឈ្នះ​៤៧​ដង ចាញ់​១៣ និង​ស្មើ​៤​ដង។ ប៉ុន្តែ​យ៉ាងណា ការ​ជួប​ជាមួយ​ជើង​ខ្លាំង​វ៉ន វីវ៉ា មិនអាច​ទាយ​មុន​បាន​ឡើយ។
វ៉ន វីវ៉ា ក្រោយពេល​វិល​មក​សង្វៀន​ប្រដាល់​វិញ​នេះ គេ​ផ្តួល​អ្នក​ប្រដាល់​ថៃ​អស់​បី​នាក់​ហើយ ដោយ​ផ្តួល​តែ​ក្នុង​ទឹក​ទី​១​និង​ទឹក​ទី​២​ប៉ុណ្ណោះ។ ថៃ​ដែល​វីវ៉ា​វាយ​អោយ​សន្លប់​លើក​ចុងក្រោយ​គេ​នោះ (១០​ឧសភា​២០១៤)​មានឈ្មោះ Lamphum Sor Kamsing ដោយ​សន្លប់​ក្នុង​ទឹក​ទី​២។
វីវ៉ា ដែល​មាន​ប្រវត្តិ​ប្រកួត តែ​ចំនួន​៤៦​ដង ក្នុង​នោះ​វាយ​ឈ្នះ​៤៣ ដង ចាញ់​២​ដង​និង​ស្មើ​១​ដង ហើយ​វាយ​ឈ្នះ​អ្នក​ប្រដាល់​ថៃ​តែ​ក្នុង​មួយ​ទឹក​ពីរ​ទឹក​បែបនេះ បាន​ធ្វើ​អោយ​គេ​មានការ​ភ្ញាក់ផ្អើល​ខ្លាំង​ណាស់។ ចាំ​មើល លើក​នេះ​វ៉ន វីវ៉ា គេ​អាច​ផ្តួល​អ្នក​ប្រដាល់​ថៃ Chea Rasak ម្នាក់ទៀត​បាន​ឬ​អត់?។ មូលហេតុ​សួរ​បែបនេះ ដោយសារ​វីវ៉ា​ពេលនេះ គេ​មាន​ប្រពន្ធ​ហើយ ដូច្នេះ​កម្លាំង​ស៊ុ​ហ្វ​របស់គេ​នៅ​ខ្លាំង​ដូច​មុន​ឬ​យ៉ាងណា​នោះ​ទេ។
ចំពោះ អ្នក​ប្រដាល់​ផាន់ គ្រាន់​វិញ គេ​នឹង​ត្រូវ​ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ Thy Det ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥០០​គីឡូក្រាម។ ពីរ​នាក់​នេះ មាន​កម្ពស់​ប្រហែល​គ្នា​គឺ​១,៦៨​ម៉ែត្រ​និង​១,៦៩​ម៉ែត្រ។
ផាន់ គ្រាន់ គេ​ក៏​ធ្លាប់​ផ្តួល​អ្នក​ប្រដាល់​ថៃ​៤​នាក់​ដែរ ហើយ​ចុង​ក្រោយនេះ គេ​ជួប​ប្រកួត​ជាមួយ​ឡាវ ដោយ​៥​ប្រកួត​ជាល​ក្ខ​ណៈ​អន្តរជាតិ​នេះ គេ​ឈ្នះ​ទាំងអស់។ គ្រាន់ ធ្លាប់​វាយ​ថៃ​ឲ្យ​សន្លប់​ក្នុង​ទឹក​ទី​៣ និង​វាយ​ឡាវ អោយ​ចុះចាញ់​ក្នុង​ទឹក​ទី​៤។
ចំពោះ​អ្នក​ប្រដាល់​ថៃ​Thy Det វិញ មិនដែល​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ។ Thy Det ជា ម្ចាស់​ខ្សែក្រវាត់​ផង​ដែរ។ បើ​តាម​ប្រវត្តិ​ប្រកួត​របស់​គេ​ប្រហែលជា​គ្រាន់បើ​ដែរ ព្រោះ​ធ្លាប់​ឡើង​ប្រកួត​ចំនួន​៤៨​ដង ឈ្នះ​៣៥​ដង ចាញ់​១១​ដង និង​ស្មើ​២​ដង។ តែបើ​ប្រៀបធៀប​ជាមួយ​ផាន់ គ្រាន់ គឺ​តិច​ជាង​ច្រើន​គួរសម​ដែរ ដោយ​ផាន់​គ្រាន់ គេ​មាន​ប្រវត្តិ​ប្រកួត​ចំនួន​១០៣​ដង ឈ្នះ ៨២ ដង ចាញ់ ១៨ ដង និង​ស្មើ​៣​ដង។ ជាមួយ​នេះ គេ​ក៏​ធ្លាប់​ផ្តួល​គូប្រកួត​អោយ​សន្លប់​លើ​រេញ​រហូត ដល់​៣៤​ដង ឯណោះ។
ទោះជា​យ៉ាងនេះ​ក្តី គេ​មិនទាន់​ប្រាកដ​ថា ផាន់ គ្រាន់ ឈ្នះ Thy Det ១០០​ភាគរយ នោះ​ទេ ដោយសារ​អ្នក​ប្រដាល់​ថៃ​រូប​នេះ ជា​ម្ចាស់​ខ្សែក្រវាត់ ហើយក៏​ជា​អ្នក ប្រដាល់​ជើង​ខ្លាំង​មកពី​បាងកក​ដែរ។ ចាំ​មើល លើក​នេះ​ផាន់ គ្រាន់ អាច​យកឈ្នះ Thy Det បានដែរ​ឬ អត់​នោះ​?
ចំណែក​ឈាន ហុង គេ​នឹង​ត្រូវ​ជួប​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​ឈ្មោះ​CHESEK ដោយ​ប្រកួត​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។ ជា​លើក​ទី​១១​សំរាប់​ឈាន​ហុង​ហើយ ដែល​ឡើង​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​នេះ។
CHESEK មិន​ធ្លាប់​មក​ប្រកួត​នៅ​ស្រុក​ខ្មែរ​ទេ។ នេះ​ជា​លើក​ទី​១​សំរាប់​អ្នក​ប្រដាល់ ថៃ​រូប​នេះ​ហើយ។ អ្នក​ប្រដាល់​ជនជាតិ​ថៃ​រូប​នេះ បើ​តាម​លោក​ញាន សុធី អ្នកចាត់ចែង​កម្ម វិធី​ប្រដាល់​ប្រចាំ​SEA-TV និយាយ​អោយ​ដឹង​នោះ​ថា គេ​ពុំដែល​មក​វ៉ៃ​នៅ​លើ​រេញ​កម្ពុជា​នោះ​ទេ។ បើ​តាម​លោក​សុធី​និយាយ​អោយ​ដឹង​ទៀត​នោះ អ្នក​ប្រដាល់​ថៃ​ម្នាក់​នេះ ល្អ​និង​ខ្លាំង​គួរសម​ដែរ។ អ្វី​ដែល​ជា​លក្ខណៈ​ពិសេស​របស់​អ្នក​ប្រដាល់​ថៃ​CHESEK នេះ គឺ​កម្លាំង​ស៊ុ​ហ្វ​ខ្លាំ ង​និង​រឹងមាំ។
ឈាន ហុង​គេ​ធ្លាប់​ប៉ះ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ​៩​នាក់​មក​ហើយ ដោយ​វាយ​ឈ្នះ​ចំនួន​៥នាក់ ស្មើ​២​នាក់ និង​ចាញ់​៣​នាក់។ គេ​ឈ្នះ​លើកដំបូង គឺ​ឈ្នះ​ជើង​ខ្លាំង​ថៃ​Kittipong ដែល​ជា​ប្អូន​របស់​ជើង​ខ្លាំង​Jetsda​កាលពី​ឆ្នាំ​២០១២។ សម្រាប់​ការ​ជួប​ប្រកួត​ជាមួយ​ថៃ​ចុងក្រោយ​គេ​នេះ ឈាន ហុង​វាយ​ឈ្នះ Kong Isan Lukmatulee​ដោយ​ពិន្ទុ (១៤ ធ្នូ ២០១៤)
ចាំ​មើល ការ​ជួប​លើក​ទី​១១​ជាមួយ​ថៃ​នេះ តើ​ឈាន​ហុង​អាច​មាន​វាសនា​ឈ្នះ​ទៀត​ដែរ​ឬ​អត់?។ ពួកគេ​ទាំងពីរ​នាក់​នេះ ប្រកួត​គ្នា​ក្នុង​ទម្ងន់​៦០​គីឡូក្រាម។
ចំពោះ​ការប្រកួត​រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ គឺ​ពៅ ស៊ី​យ៉េត ក្លឹប​ក្រុង​ប៉ោយប៉ែត​ជួប ជាមួយ​លាស់ យីន ក្លឹប​បង្ក្រាប​គ្រឿងញៀន ឯ ឃីម បូរ៉ា ក្លឹប​រស្មី​ភូមិ​គាប​ខេត្តបន្ទាយមានជ័យ ជួប​ជាមួយ​សូត្រ ប៊ុន​ធី ក្លឹប​បក្សី​ស្លាប​ដែក។ អ្នក​ប្រដាល់​អ៊ូ សុវណ្ណ​រិ​ទ្ធ ក្លឹប​ក្រុង​ប៉ោយប៉ែត ជួប​ជាមួយ​ថន វាសនា ក្លឹប​នាគ​មានជ័យ ហើយ​គឿ​ម សុវណ្ណ​ឌឿ​ត ក្លឹប មោងឫស្សី​ខេត្តបាត់ដំបង​ប្រកួត​ជាមួយ​ហ៊ឹម សេរី ក្លឹប​តា​ព្រហ្ម​មានជ័យ៕

Post a Comment

0 Comments

Close Menu