សៀមរាប ៖ នាព្រឹកថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៥ ប្រជាពលរដ្ឋដែលជាមាតានៃទារកដែលទើបសម្រាលបុត្រ និងគ្រួសារប្រជាពលរដ្ឋដែលបានទទួលមរណភាពសរុបចំនួន១១១គ្រួសារ នៅក្នុងសង្កាត់ស្រង៉ែ ក្រុងសៀមរាប បានមកទទួលប្រាក់ឧបត្ថម្ភពីសំណាក់លោកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប។ នេះគឺជាលើកទី៤ហើយដែលប្រជាពលរដ្ឋសង្កាត់ស្រង៉ែ ដែលជាមាតានៃទារកទើបប្រសូតបុត្រ និងគ្រួសារប្រជាពលរដ្ឋមរណៈបានទទួលប្រាក់ឧបត្ថម្ភពីឯកឧត្តម ឧកញ៉ា សៀង ណាំ បន្ទាប់ពីការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនីតិកាលទី៥នៃរដ្ឋសភា។ មានប្រសាសន៍សំណេះសំណាលក្នុងឱកាសនោះ លោកឧកញ៉ា សៀង ណាំ បានលើកឡើងថា ចាប់តាំងពីលោកបានទទួលការជឿទុកចិត្តពីសំណាក់ប្រជារាស្ត្រតាមរយៈនៃការផ្តល់សន្លឹក ឆ្នោតជូនគណបក្សប្រជាជនកម្ពុជា លោកបានទទួលមុខតំណែងជាតំណាងរាស្ត្រប្រចាំមណ្ឌលសៀមរាបចាប់តាំងតែពីអាណត្តិទី២តរៀងមក។ លោកតែងតែចាត់ទុកថា ប្រាក់បៀវត្សរ៍របស់លោក គឺជាចំណែករបស់រាស្ត្រ ដូច្នេះប្រាក់បៀវត្សរ៍របស់លោកទាំងអស់តែងតែយកទៅប្រើប្រាស់ជាប្រយោជន៍សង្គម ដោះស្រាយការខ្វះខាតរបស់ប្រជាជនជួយបំពេញតម្រូវការចាំបាច់ជូនអាជ្ញាធរមូលដ្ឋាន ជាពិសេសគឺត្រូវបានឧបត្ថម្ភដល់ជីវភាពគ្រូបង្រៀនផងដែរ។ ដោយឡែកសម្រាប់អាណត្តិទី៥នេះ ប្រាក់បៀវត្សរ៍ទាំងនេះត្រូវបានឧបត្ថម្ភសម្រាប់បំប៉នសុខភាពមាតា និងទារកដែលទើបនឹងសម្រាល និងជួយសម្រាលការលំបាករបស់គ្រួសារ ប្រជាពលរដ្ឋ ដែលមានសមាជិក ទទួលមរណៈភាព។ ជាក់ស្តែងថ្ងៃនេះសម្រាប់ការប្រគល់ជូនប្រាក់ឧបត្ថម្ភសម្រាប់មាតា និងទារកទើបសម្រាល និងគ្រួសារប្រជាពលរដ្ឋដែលមានសមាជិកទទួលមរណៈសរុប១១១គ្រួសារនេះ គឺក្នុងមួយគ្រួសារៗ ទទួលបាន២០០.០០០ម៉ឺនរៀល៕
គឿនវ៉េត
0 Comments