ភ្នំពេញ ៖ ម៉ន ព្រំម៉ាញ សងសឹក សេន កុសល អ្នកប្រដាល់ សរ រាជសីហ៍ ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបង បានណាត់ជួបជាមួយពេជ្រ អារុណ អ្នកប្រដាល់មុខរឹងនៃក្លិបរាជសីហ៍បង្ក្រាបគ្រឿងញៀន នៅលើសង្វៀនSEA-TV នាព្រឹកថ្ងៃអាទិត្យ ទី០៨ ខែកុម្ភៈ ឆ្នាំ២០១៥ ក្នុងកម្មវិធីប្រដាល់Gangberz Top Fighter។
សរ រាជសីហ៍ និង ពេជ្រ អារុណនេះ ប៉ះគ្នាម្តងហើយកាលពីថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៤ ដែលពេលនោះរាជសីហ៍ ឈ្នះ អារុណដោយពិន្ទុ។ អ្នកប្រដាល់សរ រាជសីហ៍ ជាអ្នកប្រដាល់ចំណូលថ្មីមកប្រកួតនៅភ្នំពេញបានប្រមាណជាងដប់ប្រកួតប៉ុណ្ណោះ។ គេមានកាយសម្បទាប្រហាក់ប្រហែលនឹងអារុណដែរ ប៉ុន្តែស្នៀតប្រដាល់និងល្បិចកលប្រកួត គឺមិនដល់អារុណឡើយ។ ទន្ទឹមនេះ រាជសីហ៍មានចិត្តប្រដាល់មិនជាធំដូចអារុណទេ។ ប៉ុន្តែយ៉ាងនេះក្តី ពេជ្រ អារុណ មិនអាចមើលស្រាល សរ រាជសីហ៍បានឡើយសម្រាប់ការជួបគ្នាលើកនេះ។
ពេជ្រ អារុណគេ វាយមិនចេះឈឺទេ ថែមទាំងមានស្បែកមុខរឹង ហើយពេលប្រកួតគឺដើរចូលវាយទៅលើគូប្រកួតជានិច្ច។ អារុណ មិនខ្វល់ថាដៃគូខ្លួនធំឬខ្លាំងជាងទេ គឺគេមិនខ្លាចទាំងអស់ ដោយឈ្នះចាញ់ដឹងតែវ៉ៃមិនដកដៃឡើយ។ អារុណ មានចំណុចខ្សោយតែមួយមុខ គឺយឺតតែម្តង។ ចាំមើល តើ ពេជ្រ អារុណ អាចសរ រាជសីហ៍ អាចសងសឹកពេជ្រ អារុណបានសម្រេចឬអត់ ?
អ្នកប្រដាល់ស្រករក្រោយ ម៉ន ព្រំម៉ាញ ក្លិបការិយាល័យទី៥ កងទ័ពជើងគោកត្រូវឡើងប្រកួតជាមួយ សេន កុសល អ្នកប្រដាល់ក្លិបមោងឫស្សីមរតកគុនខ្មែរខេត្តបាត់ដំបងដែរ។ ពីរនាក់នេះជាអ្នកប្រដាល់ស្រករក្រោយដូចគ្នា គ្រាន់តែ ម៉ន ព្រំម៉ាញ គេឡើងប្រកួតញឹកញាប់ជាងកុសល។
ម៉ន ព្រំម៉ាញនេះ ឡើងប្រកួតមិនសូវដែលចាញ់ទេ។ ក្នុងការប្រកួតលើកចុងក្រោយនេះ គេវាយឈ្នះ ជុន សាវុធ អ្នកប្រដាល់ក្លិបពោធិជ័យកីឡាដោយពិន្ទុ។ ព្រំម៉ាញនេះបើពិនិត្យឃើញកាយសម្បទាខាងក្រៅ ក៏ដូចជាកេរ្តិ៍ឈ្មោះរបស់គេ គឺគ្មានអ្នកណាថាវាយឈ្នះគេនោះឡើយ។ ប៉ុន្តែផ្ទុយទៅវិញ ព្រំម៉ាញ គេវាយរហ័សដករហ័ស ចេញចូលបន្លាស់ទីមិននៅស្ងៀមមួយកន្លែងនោះទេ។ ហេតុនេះហើយ ទើបការប្រកួតរបស់គេភាគច្រើនមិនសូវដែលចាញ់ឡើយ។

សេន កុសល តិចនិកប្រកួតរាងអន់បន្តិច តែមានចិត្តប្រដាល់ធំ។ ម៉ន ព្រំម៉ាញ ប្រសិនបើប្រកួតវាយសម្រុកគ្មានទិសតំបន់នោះ ច្បាស់ជាត្រូវកណ្ដាប់ដៃសេនកុសលមិនខាន។
ទោះជាយ៉ាងណា រវាង សេន កុសល និង ម៉ន ព្រំម៉ាញនេះ មិនអាចទាយមុនបានថា អ្នកណាឈ្នះអ្នកណាចាញ់នោះទេ ? កុសល ប្រកួតចុងក្រោយវាយចាញ់ ស្រិល ទ្រី អ្នកប្រដាល់ក្លិបគជសារកីឡាក្នុងទឹកទី៤ ចំណែក ម៉ន ព្រំម៉ាញវិញ ប្រកួតចុងក្រោយវាយឈ្នះ ជុន សាវុធ អ្នកប្រដាល់ក្លិបពោធិជ័យកីឡា។ ចាំមើល តើ កុសលឈ្នះ ឬមួយ សេន កុសលឈ្នះ?
មិន សាយ័ន អ្នកប្រដាល់ក្លិបតាព្រហ្មមានជ័យនឹងជួបប្រកួតជាមួយ មាស ឆូយ អ្នកប្រដាល់ក្លឹបសុភានូមានជ័យ។ ពីរនាក់នេះពុំដែលធ្លាប់ជួបប្រកួតគ្នាទេពីមុនមក។ ប៉ុន្តែ មាស ឆូយ ដែលចង់សាកជាមួយសាយ័ននេះ ហាក់ដូចជាមិនមានសង្ឃឹមឈ្នះនោះឡើយ។
មាស ឆូយ ឡើងប្រកួតពុំសូវដែលឈ្នះគេទេ។ ៦ប្រកួតចុងក្រោយនេះ ឆូយ មិនដែលស្គាល់ពាក្យឈ្នះម្តងនៅឡើយទេ។ អ្នកប្រដាល់រូបនេះជាអ្នកប្រដាល់ដែលមានស្នៀតប្រដាល់មិនសូវច្បាស់ប៉ុន្មានដែរទេ គេគ្រាន់តែវាយចេញលឿនជាងតែប៉ុណ្ណោះ។ ប្រកួតចុងក្រោយ គេវាយចាញ់សល់ រីប៊ែល ដោយពិន្ទុ។
មិន សាយ័ន មានកណ្ដាប់ដៃខ្លាំង ហើយទាត់ក៏ខ្លាំងដែរ។ គេវាយមិនចេះសន្សំកម្លាំងទុកនោះទេ។ ការប្រកួតចុងក្រោយរបស់សាយ័ន គឺវាយឈ្នះយាង សុខ អ្នកប្រដាល់ក្លិបពន្លឺវិបុលមានរិទ្ធ ក្នុងទឹកទី៥ ។
សល់ អាវិន អ្នកប្រដាល់ក្លិបកុសលកីឡានឹងជួបប្រកួតជាមួយអ្នកប្រដាល់ចំណូលថ្មី ង៉ែត បូរិនក្នុងទម្ងន់៦៣,៥០០គីឡូក្រាម ឯ នឿ ប៊ុនធឿន ជួបប្រកួតជាមួយរ៉ាន់ ជីវ័ន្តក្នុងទម្ងន់៥៧គីឡូក្រាម ៕
0 Comments