Ad Code

ដើមឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មានការ​កើនឡើង​

ព្រះសីហនុ ៖ លោក នូ សុផល ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង ថា នៅ​ខែមករា​ដើមឆ្នាំ​២០១៥ ភ្ញៀវ​ទេសចរ​ចូល​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​២០១.​៣២៤​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​១៥៩.២៧៩​នាក់ និង​ភ្ញៀវ​អន្តរជាតិ​មាន​ចំនួន​៤២.០៤៥​នាក់ បើ​ប្រៀបធៀប​នឹង​ខែធ្នូ ​ឆ្នាំ​២០១៤ ​កើនឡើង​៧០.៨៤% ។ ក្នុង​នោះ​ភ្ញៀវ​ជាតិ​កើនឡើង​ចំនួន​៨៦.០​២% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើនឡើង​៣០.៥០% ។ បើ​ប្រៀបធៀប​ទៅ​នឹង​ខែមករា ឆ្នាំ​២០១៤ ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​៥.០៩% ក្នុង​នោះ​ភ្ញៀវ​ជាតិ​កើន​៦.៣៩% និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​កើន​ឡើង​០.៤៦%​
លោក​ប្រធាន​មន្ទីរ​ទេសចរណ៍​បាន​បញ្ជាក់​ថា ក្នុង​ខែមករា ​ឆ្នាំ​២០១៥ មាន​ភ្ញៀវ​ទេសចរ​ដែល​ធ្វើដំណើរ​តាម​នាវា​ចូល​ចត​ធ្វើ​ទស្សនកិច្ច​នៅក្នុង​ខេត្ត​ព្រះសីហនុ​ចំនួន​០២​លើក មាន​ភ្ញៀវ​សរុប​ចំនួន ១.៩៧៤​នាក់​។
នៅ​ខេត្ត​ព្រះសីហនុ​មាន​រមណីយដ្ឋាន​ទេសចរណ៍​និង​កន្លែង​កំសាន្ត​ចំនួន​២២​កន្លែង មាន​ក្រុម​ហ៊ុន​រថយន្ត​ដឹក​ភ្ញៀវ​ទេសចរ​មាន​ចំនួន​១២​កន្លែង និង​ប្រលានយន្តហោះ​អន្តរជាតិ​កងកេង​ចំនួន​០១ និង​កំពង់ផែ​អន្តរជាតិ​០១​កន្លែង ដែល​មាន​ប្រជាពលរដ្ឋ​បម្រើការ​ងារ​ក្នុង​សេវា​ទេសចរណ៍​គ្មាន​ផ្សែង​នេះ​សរុប​ចំនួន​៧.៧០១​នាក់ ស្រី​៣.៤៩៥​នាក់​។
លោក​បាន​បន្ត​ឱ្យ​ដឹង​បន្ត​ថា កំណើន​ភ្ញៀវ​ទេសចរ​ដែល​ចូល​មក​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​មាន​ការ​កើនឡើង​ដោយសារ​ខេត្ត​ព្រះសីហនុ​ធានា​បាន​នូវ​សុវត្ថិភាព សន្តិសុខ ​សណ្ដាប់ធ្នាប់​សាធារណៈ​បាន​ល្អ និង​សោភ័ណភាព​ក្នុង​ខេត្ត​ត្រូវ​បាន​កែលំអ​ជា​បន្តបន្ទាប់​ធ្វើ​ឱ្យ​មាន​ភាព​កាន់តែ​ទាក់ទាញ​ប្រសើរ​ឡើង។​ អាជ្ញាធរ​បាន​យកចិត្តទុកដាក់​ពង្រឹង​គុណភាព និង​សេវាកម្ម​ទេសចរណ៍​បាន​កាន់​ល្អ ព្រមទាំង​ធ្វើការ​អប់រំ​ដល់​អាជីវករ​បម្រើ​សេវាកម្ម​ទេសចរណ៍​ឱ្យ​ចេះ​រាក់ទាក់ និង​ប្រកប​អាជីវកម្ម​ដោយ​គុណភាព រក្សា​បាន​នូវ​អនាម័យ បរិស្ថាន ជាពិសេស​ការ​ពង្រឹង​នូវ​សុវត្ថិភាព​ជូន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​បាន​ល្អ ហើយ​ភ្ញៀវ​ទេសចរ​មាន​ជំនឿ​ជឿជាក់​មកលេង​កំសាន្ត​នៅ​ខេត្ត​ព្រះសីហនុ​ម្តង​ហើយ ចង់​មកលេង​កំសាន្ត​ម្តង​ទៀត​។​
តាម​ការ​ឱ្យ​ដឹង​ពី​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​បាន​ឱ្យ​ដឹង​ថា ឆ្នាំ​២០១៤​មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​មកលេង​កំសាន្ត​ខេត្ត​ព្រះសីហនុ​មាន​ចំនួន​១.៣២៧.៧៤៨​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន​៩៦៧.១០៩​នាក់ និង​ភ្ញៀវ​ទេសចរ​អន្តរជាតិ​មាន​ចំនួន​៣៥៨.៦៣៩​នាក់​៕
ស៊ុយ ចាន់​ធា

Post a Comment

0 Comments

Close Menu