Ad Code

អា​យ៉ៃ​ឆ្លងឆ្លើយ​រវាង​លោក​ ចែម ​វុ​ឌ្ឍ​សុ​វីន ​និង ​ច​ន​ ច័ន្ទ​លក្ខិណា​ រក​កន្លែង​បញ្ចប់​មិនឃើញ

ភ្នំពេញ​ ៖ ដើមចម​នៃ​ការ​និយាយ​វាយបក​គ្នា​ដោយ​ពាក្យសំដី​ទៅវិញទៅមក​ប្រៀប​បាន​ទៅ​នឹង​អា​យ៉ៃ​ឆ្លើយឆ្លង​ដែល​រក​កន្លែង​បញ្ចប់​មិនឃើញ​រវាង​លោក​ ចែម វុ​ឌ្ឍ​សុ​វីន​ និង​តារា​សំដែង​អ្នកនាង ​ច​ន ច័ន្ទ​លក្ខិណា​នេះ​ដែរ គឺ​ដោយសារតែ​តារា​សិល្បៈ​ដែល​ទើប​ធ្លាក់ខ្លួន​ជា​ស្ត្រី​មេម៉ាយ​ នាង​ច​ន ច័ន្ទ​លក្ខិណា​និយាយ​ទាមទារ​រក​ភាព​យុត្តិធម៌​ឲ្យ​បេក្ខនារី​ឈ្មោះ​ ស្រី​ម៉ៅ​ ដែល​ត្រូវ​បាន​គណៈកម្មការ​មិន​ឲ្យ​ជាប់​ជ័យលាភី​ក្នុង​ការចូលរួម​ប្រកួតប្រជែង​ក្នុង​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​នោះ​។​
​ ​«​កម្ពុ​ជាថ្មី​»​ មិនអាច​ទាក់ទង​ស្វែងរក​ការ​សួរនាំ​ពី​តារា​សំដែង​ចាស់វស្សា​អ្នកនាង ​ច​ន ច័ន្ទ​លក្ខិណា​បានទេ​ ដោយ​ប្រព័ន្ធ​ទូរស័ព្ទ​មិនអាច​ហៅ​ចូល​បាន នេះ​ប្រហែលជា​នាង​កំពុង​ស្ថិតនៅ​ប្រទេស​វៀតណាម​មើលថែ​ជំងឺ​ប្អូនស្រី​របស់​នាង​ដែល​បាន​ជួប​គ្រោះថ្នាក់​ចោរឆក់​កាបូប​កាល​ពី​ពេល​ថ្មីៗ​នេះ​ហើយ​មើលទៅ​។ តែបើ​តាម​អ្វី​ដែល​នាង​ធ្លាប់​បាន​និយាយ​លើកឡើង​ក្នុង​ន័យ​តបត​ជា​មួយ​នឹង​លោក​ ចែម វុ​ឌ្ឍ​សុ​វីន​តាម​បណ្ដាញ​ហ្វេ​ស​ប៊ុ​ក​កន្លងមក​ថា នាង​មិន​ចង់​និយាយ​អ្វី​ច្រើន​ឡើយ ពី​ព្រោះ​នាង​បាន​ធ្វើ​អ្វី​ដែល​នាង​ចង់​ធ្វើ​ចង់​និយាយ​រួចហើយ ហើយ​នាង​ក៏​មិនបាន​ថា​លោក​ជា​គណៈ​កម្មការ​ទីងមោង​ដែរ​។ គេ​និយាយ​វាយបក​គឺ​ដើម្បី​មុខ​ជំនួញ​រកស៊ី​ជា​រឿង​របស់​គេ នេះ​ក៏​ព្រោះតែ​ចង់​ឲ្យ​កម្មវិធី​បន្ត​ទៅ​មុខ​ទៀត​។ អ្នកណា​បាន​ធ្វើ​អ្វី​ដឹងខ្លួន​ច្បាស់​ណាស់​មិន​ចាំ​បាច់​និយាយ​ច្រើន​នាំ​ឲ្យ​ខះទឹក​មាត់​ឡើយ​។​
​ ​ដោយឡែក​សម្រាប់​លោក​ ចែម វុ​ឌ្ឍ​សុ​វីន​វិញ​ក៏​យើង​មិនអាច​ទាក់ទង​ស្វែងរក​ការ​សុំ​សួរនាំ​បាន​ដែរ ពីព្រោះ​មិន​មាន​លេខ​ទូរស័ព្ទ​។ ថ្មីៗ​នេះ​លោក​ ចែម វុ​ឌ្ឍ​សុ​វីន ​ដែល​ជា​គណៈកម្មការ​មួយ​រូប​ក្នុង​កម្មវិធី​កំពូល​តារា​បង្ហាញ​ម៉ូដ​កម្ពុជា​ធ្លាប់​បាន​និយាយ​បក​ចំៗ​ឥត​សំចៃមាត់​ចំពោះ​តារា​សំដែង​ ច​ន ច័ន្ទ​លក្ខិណា​ប្រាប់​បណ្ដាញ​ផ្សព្វផ្សាយ​ក្នុងស្រុក​មួយ​ថា លោក​បាន​ស្គាល់​កញ្ញា​ ស្រី​ម៉ៅ​ តាំងពី​នាង​ចូល​ប្រឡូក​ក្នុង​អាជីព​បង្ហាញ​ម៉ូដ​ដំបូង​មក​ម្ល៉េះ ដែល​កាលនោះ​ ច​ន ច័ន្ទ​លក្ខិណា​មិនទាន់​ស្គាល់​ថា​ស្រី​ម៉ៅ​ ជា​អ្នកណា​នៅឡើយ​ផង ហើយ​លោក​ជា​អ្នក​ជំរុញ​ស្រី​ម៉ៅ​ឲ្យ​ខំតស៊ូ​ឡើង​។ តែ​ក្នុងនាម​លោក​ជា​គណៈកម្មការ​មួយ​រូបលោក​មិនអាច​យក​ការ​ស្រឡាញ់​រាប់អាន​ទៅកាន់​សេចក្តី​ចំពោះ​អ្នក​ប្រកួត​ប្រជែង​នោះ​ឡើយ ហើយ​លោក​ក៏​មិនបាន​លំអៀង​ទៅលើ​កញ្ញា​ គង់ កា​ដែរ​ គឺ​លោក​ធ្វើ​ទៅតាម​អ្វី​ដែល​ឃើញ​ជាក់ស្តែង​ដោយ​ គង់ កា​ នាង​ធ្វើ​បាន​ល្អ​ច្រើន​។ លោក​ ចែម វុ​ឌ្ឍ​សុ​វីន ​និយាយ​តប​ទៅ​អ្នកនាង ​ច​ន ច័ន្ទ​លក្ខិណា​ទៀត​ថា « ច​ន ច័ន្ទ​លក្ខិណា​មិន​មែន​ជា​អ្នកជំនាញ​លើក​ផ្នែក​គណៈកម្មការ​ឲ្យ​ពិន្ទុ​ពិតប្រាកដ​ឡើយ ដូច្នេះ​អ្នកនាង ច​ន ច័ន្ទ​លក្ខិណា មិន​គួរណា​មក​និយាយ​វាយប្រហារ​កម្មវិធី​នេះ​ឡើយ​»​៕ ឥន្ទ្រី​យ៍​ទេព
​ ​
​ ​
​ ​


Post a Comment

0 Comments

Close Menu