Ad Code

ជីវភាព​ក្រីក្រ​ពេក​ ណាមួយ​ប្រពន្ធ​ឈឺ​គ្មាន​លុយ​ព្យាបាល​ បុរស​ជា​ប្ដី​បាន​សម្រេចចិត្ត​ចង.ក​សម្លាប់​ខ្លួន​


ភ្នំពេញ ៖ បុរស​វ័យ​ជាង​៥០​ឆ្នាំ​ម្នាក់​បាន​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួនឯង ព្រោះតែ​ជួប​ការ​លំបាក​ក្នុង​ជីវភាព​រស់នៅ​ម្យ៉ាង​ប្រពន្ធ​ក៏​ធ្លាក់ខ្លួន​ឈឺ​មិនទាន់​ចេញពី​មន្ទីរពេទ្យ ហើយ​កូនៗ​ក៏​គ្មាន​ការងារ​ធ្វើ​ទៀត។ ហេតុការណ៍​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃទី​០៧ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ផ្ទះ​ខ្ទម​គ្មាន​លេខ ស្ថិត​ក្នុង​ភូមិ​ព្រៃ​ទីទុយ សង្កាត់​ព្រៃ​ស ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ នគរបាល​មូលដ្ឋាន​ចុះ​ដល់​កន្លែង​កើតហេតុ​ប្រាប់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​មានឈ្មោះ សាំង សាន់ ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ ខាំ ភន អាយុ​៥៦​ឆ្នាំ មាន​ទីលំនៅ​ផ្ទះ​កើតហេតុ​ខាង​លើ​។ ជនរងគ្រោះ​គ្មាន​ការងារ​ធ្វើ​នោះ​ទេ ចំណែក​ប្រពន្ធ​គាត់​ក៏​ធ្លាក់ខ្លួន​ឈឺ​ទៀត ហើយ​កាលពីមុន​ការ​ដែល​ប្រពន្ធ​គាត់​មិនទាន់​ធ្លាក់ខ្លួន​ឈឺ​នោះ គឺ​ប្រពន្ធ​របស់​គាត់​តែងតែ​ដើរ​បេះ​បន្លែ​តាម​បឹង ត្រពាំង ក៏ដូចជា ឡើង​ដើម​អម្ពិល បេះ​ត្រួយ​អម្ពិល​យក​ទៅ​លក់​នៅ​ផ្សារ​បាន​ប្រាក់​តិចតួច​សម្រាប់​ទិញ​អង្ករ​ហូប ក៏ប៉ុន្តែ​មាន​ថ្ងៃមួយ​ប្រពន្ធ​គាត់​បាន​ធ្លាក់​ពីលើ​ដើម​អម្ពិល​កំពស់​ជាង​១០​ម៉ែត្រ​បណ្ដាល​ឲ្យ​ធ្លាក់ខ្លួន​ឈឺ​មក​ទល់​សព្វ​ថ្ងៃ​នេះ។​

នគរបាល​មូលដ្ឋាន​បាន​ប្រាប់​បន្ត​ថា ដោយសារ​ស្ថានភាព​គ្រួសារ​ជួប​វិបត្តិ​ផង និង​កូនៗ​ក៏​ពឹង​មិនបាន ទើប​ជនរងគ្រោះ​សម្រេចចិត្ត​ធ្វើ​អត្តឃាត​ដោយ​ចង.ក​សម្លាប់​ខ្លួនឯង ទុក​ឲ្យ​ប្រពន្ធ​នៅ​កំព្រា​ម្នាក់ឯង។ ពាក់ព័ន្ធ​ទៅ​នឹង​ករណីនេះ​ នគរបាល​ជំនាញ​កោសល្យវិច័យ​ខណ្ឌដង្កោ​ប្រាប់​បញ្ជាក់​ឲ្យ​ដឹង​ថា ជនរងគ្រោះ​បាន​ចង.ក​សម្លាប់​ខ្លួន​នឹង​ក្រមា​ពណ៌​ក្រហម ដោយ​ចងភ្ជាប់​ទៅ​នឹង​ធ្នឹម​ផ្ទះ​ មាន​កម្ពស់​ប្រហែល​ជាង​២​ម៉ែត្រ​។ ក្រោយពី​ពិនិត្យ​ធ្វើ​កោសល្យវិច័យ​រួចរាល់ សព​បាន​ប្រគល់​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​ទៅតាម​ប្រពៃណី។​

ដោយ​មើលឃើញ​ពី​ទុក្ខ​លំបាក​នៃ​គ្រួសារ​ជនរងគ្រោះ លោក ខាត់ សុ​ខៃ ចៅសង្កាត់​ព្រៃ​ស ក៏​បាន​ជួយ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​សព​នូវ​ទឹកប្រាក់​ចំនួន​៥៤​ម៉ឺន​រៀល​ក្នុង​ការ​ធ្វើបុណ្យ ព្រមទាំង​ស្នើ​ទៅដល់​គណៈកម្មាធិការ​វត្ត​ឫស្សី​សាញ់ បូជា​សព​ដោយ​មិន​អស់​លុយ​។ ជា​មួយ​នេះ​ដែរ​ ក៏​មាន​ការ​ជួយ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​សម្រាប់​ធ្វើបុណ្យ​ពី​សំណាក់​អ្នកភូមិ​ទាំង​១២​ក្នុង​សង្កាត់​ព្រៃ​ស ផង​ដែរ៕

រ៉ា​វុ​ទ្ធ​

Post a Comment

0 Comments

Close Menu