បន្ទាយមានជ័យ ៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតចំនួន៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក ជា ដា មេបញ្ជាការមូលដ្ឋានក្រុងប៉ោយប៉ែតបានចុះឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ដៀបសុខុម ហៅ ម៉ាប់ ភេទប្រុស អាយុ៣៣ឆ្នាំ ពីបទប្រើអំពើហិង្សាលើឪពុកបង្កើត។ ការឃាត់ខ្លួនបុរសវាយឪពុកបង្កើតនៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២១០១៥ នៅផ្ទះរបស់ខ្លួន ស្ថិតនៅភូមិក្បាលស្ពាន១សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ លោក ជា ដា បាននិយាយថា មុនពេលកើតហេតុជនសង្ស័យបានទៅផឹកស៊ីជាមួយមិត្តភ័ក្ដិរាប់ម៉ោងមានភាពស្រវឹងជោគមកដល់ផ្ទះ ក៏បានស្រែកឡូឡាធ្វើឲ្យរំខានដល់អ្នកជិតខាង ពេលនោះឈ្មោះ អឿ ដៀប អាយុ៥៩ឆ្នាំ ត្រូវជាឪពុកបង្កើតបានមកហាមឃាត់ ហើយនិយាយថាបើស្រវឹងដេកទៅកុំស្រែកឡូឡារំខានអ្នកជិតខាង និយាយពាក្យប៉ុណ្ណឹងឈ្មោះ ដៀប សុខុមនោះ មានការខឹងសម្បាយ៉ាងខ្លាំង ហើយបានស្ទុះទៅដាល់ឪពុកដោយកណ្ដាប់ដៃ ត្រូវភ្នែកខាងស្ដាំចំនួន២ដៃ បណ្ដាលឲ្យរងរបួសប៉ោងភ្នែកចេញឈាម និងមានការប្រវាយប្រតប់ទៅលើឪពុកថែមទៀត តែត្រូវបានអ្នកជិតខាងចាប់ឃាត់បំបែកទាន់។ គួរបញ្ជាក់ថាឈ្មោះ ដៀប សុខុននេះ ធ្លាប់ប្រើប្រាស់គ្រឿងញៀនមានមុខរបរអូសរទេះនៅប៉ោយប៉ែត ហើយធ្លាប់លួចទ្រព្យសម្បត្តិឪពុកម្ដាយយកទៅលក់ និងធ្លាប់ជាប់ពន្ធធនាគារ៣ឆ្នាំពីបទលួចម៉ូតូអ្នកដទៃ ពេលចេញពីពន្ធនាគារវិញ ឈ្មោះ ដៀប សុខុមនេះ ពុំកែចរិតមាយាទទេ តែងតែបង្ករឿងហេតុនៅក្នុងគ្រួសាររហូតដល់មានអំពើហិង្សាវាយតប់ និងជេរប្រមាថទៅលើឪពុកម្ដាយខ្លួនឯង។ បច្ចុប្បន្នសមត្ថកិច្ចអាវុធហត្ថខេត្តកំពង់កសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
គង្គា
0 Comments