ភ្នំពេញ ៖ ស្របពេលទៅនឹងតារាសិល្បៈខ្មែរទាំងប្រុសទាំងស្រីមួយចំនួនបានចូលរោងការជាបន្តបន្ទាប់នោះ ដោយឡែកសម្រាប់នាងសូដា នីតាវិញ បែរជាមិនបានចាប់អារម្មណ៍ឬស្វះស្វែងអំពីរឿងចង់រៀបការនោះឡើយ ហើយនាងក៏ថែមទាំងបានប្រកាសប្រាប់គេឯងក្ដែងៗក្នុងពេលចូលរួមពិធីមង្គលការរបស់តារាចម្រៀងនាង ពេជ្រ សោភាថា «បច្ចុប្បន្ននាងមិនបានខ្វល់អំពីរឿងគូស្រករនោះទេ!»។ តារាសម្ដែង ចម្រៀង និងពិធីការិនី សូដា នីតាបាននិយាយប្រាប់អ្នកសារព័ត៌មានយ៉ាងខ្លីថា «នាងមិនទាន់បានត្រៀមខ្លួនថានឹងចង់រៀបការដូចតារាសិល្បៈរួមអាជីពមួយចំនួននោះទេ នេះក៏ព្រោះតែនាងត្រូវមានភារកិច្ចជាច្រើនរ៉ាប់រងក្រុមគ្រួសារដែលមានសមាជិកច្រើននាក់ ហើយការដែលនាងមិនទាន់ចង់បានគ្រួសារនេះក៏មិនមែនថា គ្មានអ្នកស្រឡាញ់នោះទេ ពោលគឺមានទាំងបុរសក្នុងស្រុកនិងក្រៅស្រុក!»។
ដោយឡែកប្រភពមាត់ចាបមាត់ព្រាបបាននិយាយបង្ហើបឲ្យដឹងថា តារាសិល្បៈដ៏ស្រស់សោភារូបនេះធ្លាប់បានភ្ជាប់ពាក្យម្តងរួចមកហើយជាមួយបុរសម្នាក់មានឈ្មោះ ឆាយ វិបុល ដែលជាអាណិកជនរស់នៅប្រទេសបែលហ្ស៊ិក ក៏ប៉ុន្តែចំណងស្នេហ៍ភ្លើងចំបើងនេះក៏បានរលត់ទៅវិញ ដោយសារតែភាគីខាងប្រុសប្រច័ណ្ឌខ្លាំងពេក ហើយបន្ទាប់ពីធ្លាប់ខកចិត្តជាមួយនឹងបុរស ឯនាយសមុទ្រនោះមក នាងសូដា នីតាតែងតែឆ្លើយតបជាមួយនឹងអ្នកដែលជជីកសួរនាំនាងអំពីរឿងនោះបែបចុងមាត់ចុងកថាឈប់ចង់បានហើយគូស្រករ។
មជ្ឈដ្ឋានសិល្បៈដែលស្និទ្ធនឹងនាងលួចខ្សឹបប្រាប់ថា អ្វីៗវាមិនដូចការនិយាយចេញពីបបូរមាត់របស់តារាសិល្បៈ សូដា នីតានោះទេ ពោលពេលនេះនាងកំពុងតែមានទំនាក់ទំនង និងមានគម្រោងគិតគូររៀបការជាមួយនឹងបុរសពោះម៉ាយដែលជាអាណិកជននៅប្រទេសអូស្ត្រាលីម្នាក់។ ការដែលនាងលាក់លៀមរឿងនេះ ដោយសារតែខ្លាចអាម៉ាស់ដូចកាលពីលើកមុន ដូច្នេះហើយទើប សូដា នីតាពេលទៅណាមកណាម្តងៗតែងតែឆ្លើយបដិសេធឲ្យតែរួចពីមាត់ជាមួយអ្នកកាសែត និងទស្សនាវដី្តថាមិនទាន់នឹកនាដល់រឿងរៀបការដូចតារាសិល្បៈមួយចំនួន តែតាមការពិតក្នុងចិត្តមិនដូចសំដីដែលនាងនិយាយចេញមកនោះទេ៕
ឥន្ទ្រីយ៍ទេព
0 Comments