ស្វាយរៀង ៖ កាលពីព្រឹកថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០១៥ នៅសាលប្រជុំធំនៃសកលវិទ្យាល័យស្វាយរៀងមានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នានៃគម្រោង "ធនាគារឈាម និងសេវាសុខភាពសាធារណៈ" ក្នុងខេត្តស្វាយរៀង រវាងមន្ទីរសុខាភិបាលខេត្ត និងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ ពិធីនេះក្រោមអធិបតីភាពលោក ម៉ែន វិបុល អភិបាលរងខេត្ត លោក ឌី វិជ្ជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង លោកវេជ្ជបណ្ឌិត កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្ត និងមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តក្រុង/ស្រុក គ្រប់ស្រុក/ក្រុងទូទាំងខេត្ត រួមនឹងយុវនិស្សិតប្រមាណជាង៥០០នាក់ចូលរួមជាសាក្សីផងដែរ។ លោក ឌី វិទ្យា មានប្រសាសន៍នៃគោលបំណងការបង្កើតអនុស្សរណៈនេះរួមមានដូចជាបង្កើនការយល់ដឹងអំពីការបរិច្ចាគឈាមដើម្បីសង្គ្រោះជីវិត ពីព្រោះការបរិច្ចាគនេះនឹងអាចជួយសង្គ្រោះជីវិតមួយនៅថ្ងៃនេះឬថ្ងៃស្អែកឲ្យរួចពីសេចក្ដីស្លាប់ ចំណែកឯអ្នកបរិច្ចាគឈាមវិញ មិនខាតបង់អ្វីឡើយ ព្រោះថាឈាមដែលបានបូមចេញនឹងត្រូវបំពេញមកវិញក្នុងពេលដ៏ខ្លីបំផុត។ ជំរុញនិងពង្រឹងភាពក្លាហានដល់សមាជិកសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង និងប្រជាពលរដ្ឋឲ្យចូលរួមកិច្ចការងារសង្គមលើការបរិច្ចាគឈាម។ លើកកម្ពស់សេវាសុខភាពសាធារណៈនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក/ក្រុង និងការយល់ដឹងកិច្ចការងារសង្គមតាមរយៈកម្មវិធីរបស់គម្រោងនេះ ដោយធានានិរន្តភាពនៃការបរិច្ចាគឈាមឲ្យមានជាទៀងទាត់តាមកម្មវិធីដែលបានគ្រោងទុក។ ជាពិសេសលើកទឹកចិត្តអ្នកដែលចូលរួមបរិច្ចាគឈាមឲ្យទទួលបានសេវាត្រួតពិនិត្យសុខភាពសាធារណៈដោយឥតគិតថ្លៃឬបញ្ចុះតម្លៃនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក/ក្រុងមណ្ឌលសុខភាពឃុំ/សង្កាត់ ក្នុងខេត្តស្វាយរៀង។ តាមគ្រោង "ធនាគារឈាមនិងសេវាសុខភាពសាធារណៈក្នុងខេត្តស្វាយរៀង" គឺធ្វើឡើងសម្រាប់ប្រជាពលរដ្ឋក្នុងខេត្តស្វាយរៀង ជាពិសេសសមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀង។ គម្រោងនេះគឺជាការលើកទឹកចិត្តឲ្យមានការចូលរួមបរិច្ចាគឈាមដោយទទួលបានការប្រើប្រាស់សេវាសាធារណៈជាអាទិ៍ ការត្រួតពិនិត្យសុខភាពឬការព្យាបាលជំងឺនៅមន្ទីរពេទ្យខេត្ត មន្ទីរពេទ្យបង្អែកស្រុក/ក្រុង ក្នុងខេត្តស្វាយរៀង ដោយមានការបញ្ចុះតម្លៃ។ ក៏ប៉ុន្តែសាមីខ្លួនដែលជាអ្នកបរិច្ចាគឈាមត្រូវគោរពតាមលក្ខខណ្ឌមួយចំនួនឲ្យបានត្រឹមត្រូវមុននឹងទទួលបានការប្រើប្រាស់សេវានេះ។ ការបរិច្ចាគឈាមនឹងធ្វើឡើងយ៉ាងតិចចំនួន៣ដងក្នុងមួយឆ្នាំ ដោយសហការគ្នាជាដៃគូសម្រាប់រៀបចំសកម្មភាពបរិច្ចាគឈាមជាមួយនឹងផែនការនិងការទទួលខុសត្រូវច្បាស់លាស់ ដោយធានាយ៉ាងណាបញ្ចៀសបញ្ហានានាឲ្យបានជាអតិបរិមា។ សកម្មភាពនេះគឺជាយុទ្ធសាស្ត្រផ្សព្វផ្សាយជាសាធារណៈស្ដីពីការផ្លាស់ប្ដូរឥរិយាបថសង្គម និងសកម្មភាពស្វែងរកការគាំទ្រដើម្បីចូលរួមសកម្មភាពបរិច្ចាគឈាមក្នុងព្រះរាជាណាចក្រកម្ពុជា។ លោក ម៉ែន វិបុល មានប្រសាសន៍ថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ និងសូមកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងដែលបានរៀបចំកម្មវិធីនេះឡើង ជាក់ស្ដែងថ្ងៃនេះយុវជនយើងបានចូលរួមក្នុងកិច្ចការសំខាន់មួយទៀតគឺជួយផ្ដល់ឈាមដល់ធនាគារឈាមដើម្បីសង្គ្រោះប្រជាពលរដ្ឋឬអ្នកជំងឺដែលត្រូវការឈាម ហើយដែលមន្ទីរសុខាភិបាលនិងសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងបានរៀបចំធ្វើនាពេលនេះ។ ក្នុងនាមអាជ្ញាធរខេត្ត ខ្ញុំពិតជាមានការរីករាយណាស់ចំពោះទង្វើប្រកបដោយមនុស្សធម៌របស់ក្មួយៗនាពេលនេះ សូមឲ្យសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងរបស់យើងខិតខំបន្តទៀតនូវកិច្ចការទាំងឡាយណាដែលជួយដល់សង្គមជាតិរបស់យើង តទៅសង្ឃឹមថាទៅអនាគតយុវជនយើងនឹងចូលរួមគ្រប់សកម្មភាពបន្តទៀតជាមួយរាជរដ្ឋាភិបាលក្នុងការស្ដារ និងអភិវឌ្ឍន៍សង្គមជាតិប្រកបដោយជោគជ័យទៅអនាគត៕
គឹម សេង
0 Comments