សៀមរាប ៖ យោងតាមសេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាចុះថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានឲ្យដឹងថា ដោយបានយល់ច្បាស់ពីគោលបំណងដ៏ថ្លៃថ្លា ព្រមទាំងបានឃើញដោយផ្ទាល់ពីភាពអស្ចារ្យនៃការប្រារព្ធធ្វើព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឆ្នាំកន្លងទៅ ប្រជាពលរដ្ឋកម្ពុជាទាំងជិត ទាំងឆ្ងាយ គ្រប់ឋានៈ និងនិន្នាការសង្គមបានចូលរួមអបអរសាទរនូវព្រឹត្តិការណ៍នេះក្នុងស្មារតីសប្បាយរីករាយក្រោយពេលឈប់សម្រាកពីការងារក្នុងនាមជាមហាគ្រួសារខ្មែរតែមួយ។
សេចក្តីជូនដំណឹងរបស់សហភាពសហព័ន្ធយុវជនកម្ពុជាបានឲ្យដឹងទៀតថា វត្តមានដ៏ច្រើនកុះកររបស់បងប្អូនប្រជាពលរដ្ឋខ្មែរ ក៏ដូចជាភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង៣៨ ម៉ឺននាក់នៅក្នុងព្រឹត្តិការណ៍អង្គរសង្ក្រាន្តនាឆ្នាំកន្លងទៅបានបង្ហាញយ៉ាងច្បាស់ពីការគាំទ្រយ៉ាងមុតមាំ និងសេចក្តីប្រាថ្នាចង់ឃើញព្រឹត្តិការណ៍នេះរៀបចំជាថ្មីនៅក្នុងឆ្នាំបន្ទាប់។ ជាការឆ្លើយតប ព្រឹត្តិការណ៍អង្គរសង្ក្រាន្តបានវិលមកវិញជាថ្មីម្តងទៀតនាឆ្នាំ២០១៥នេះ។ ជាមួយនឹងវិសាលភាពកាន់តែធំ និងកម្មវិធីពិសេសៗថ្មីៗមួយចំនួនដែលមិនធ្លាប់មានពីមុនអង្គរសង្ក្រាន្ត២០១៥ រំពឹងថា ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិប្រមាណជាង៥០ម៉ឺននាក់នឹងមកចូលរួមទស្សនាព្រឹត្តិការណ៍នៅឆ្នាំនេះ។ ទន្ទឹមនឹងការសាទរពីគ្រប់មជ្ឈដ្ឋាននូវភាពជោគជ័យជាបន្តបន្ទាប់នៃព្រឹត្តិការណ៍នេះ ក៏មាននូវជនមួយក្រុមតូចបាននិងកំពុងឆ្លៀតឱកាសក្នុងគោលបំណងកេងចំណេញនូវប្រជាប្រិយភាពពីព្រឹត្តិការណ៍អង្គរសង្ក្រាន្តតាមគ្រប់រូបភាព ដែលក្នុងនោះក៏រួមមានផងដែរនូវការប្រើប្រាស់បណ្ដាញសង្គមFacebook ដែលមានលក្ខណៈប្រហាក់ប្រហែលដើម្បីបំភ័ន្តមតិជាតិ និងអន្តរជាតិស្ដីពីព្រឹត្តិការណ៍អង្គរសង្ក្រាន្ត។ ដើម្បីជៀសវាងនូវការភ័ន្តច្រឡំណាមួយជាយថាហេតុ សហភាពសហព័ន្ធយុវជនកម្ពុជា។ សូមធ្វើការបញ្ជាក់ថា បណ្ដាញសង្គម Facebook ផ្លូវការរបស់ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត មានតែមួយគត់ និងមានអាសយដ្ឋានដូចខាងក្រោម គឺ https://www.facebook.com/AngkorSankranta ឬ ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត - Angkor Sankranta សហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកទឹកចិត្តដល់ជនរួមជាតិទាំងអស់ មេត្តាជួយសហការ និងផ្តល់ព័ត៌មានឲ្យបានទាន់ពេលវេលានូវភាពមិនប្រក្រតីណាមួយដែលនាំឲ្យប៉ះពាល់ដល់កិត្តិនាមព្រឹត្តិការណ៍នេះដោយក្តីអនុគ្រោះ៕
កោះកែវ
0 Comments