ភ្នំពេញ ៖ ជនសង្ស័យ៤នាក់ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌដង្កោសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ព្រែកកំពិសធ្វើការឃាត់ខ្លួនជាក់ស្តែង នៅលំនៅដ្ឋានមួយកន្លែង ស្ថិតនៅភូមិព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១៤រសៀល ថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥។
ជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ ដែលត្រូវឃាត់ខ្លួន ទី១-ឈ្មោះ យ៉ុន សុភ័ណ ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ ព្រែកកំពិស សង្កាត់ព្រែកកំពិស ខណ្ឌដង្កោ ទី២-ឈ្មោះ សីហា ពុទ្ធារ៉ា ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរសន្តិសុខមណ្ឌលសុខភាពជើងឯក រស់នៅភូមិរលួស សង្កាត់ជើងឯក ខណ្ឌដង្កោ ទី៣-ឈ្មោះ អ៊ុង សិលា ភេទប្រុស អាយុ២១ឆ្នាំ មុខរបរជាងដាក់វាំងនន រស់នៅភូមិព្រែកប្រណាក សង្កាត់ជើងឯក ខណ្ឌដង្កោ និងទី៤-ឈ្មោះ ហឹម ណារ័ត្ន ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅភូមិទំនប់កប់ស្រូវ សង្កាត់គោករកា ខណ្ឌសែនសុខ។
លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង នាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់ឲ្យដឹងថា ដោយមានការបញ្ជាពីលោក យឹម សុជាតិ អធិការខណ្ឌដង្កោ ទើបលោកដឹកនាំកម្លាំងនគរបាលព្រហ្មទណ្ឌសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកកំពិសចុះបង្ក្រាបទីតាំងផ្ទះជួញដូរ និងផ្តល់កន្លែងប្រើប្រាស់គ្រឿងញៀន ឃាត់បានជនសង្ស័យ៤នាក់ដូចបានរៀបរាប់ខាងលើ ដកហូតបានថ្នាំញៀន០៧កញ្ចប់ ប្រដាប់ប្រើប្រាស់មួយចំនួន ដាវ កាំបិត ពូថៅ កន្ត្រៃ ជំពុសទង់ និងវត្ថុតាងមួយចំនួនទៀត ព្រមទាំងម៉ូតូ០២គ្រឿង ក្នុងនោះ ម៉ូតូម៉ាកវ៉េវ០១គ្រឿង និងម៉ូតូម៉ាកស្តេប០១គ្រឿង ។ លោកវរសេនីយ៍ទោ ហួរ ម៉េងវ៉ាង ប្រាប់បន្តថា ជនសង្ស័យទាំង៤នាក់ ក្នុងនោះម្នាក់ឈ្មោះ យ៉ុន សុភ័ណ គឺជាអ្នកជួញដូរ និងផ្តល់ទីតាំងឲ្យប្រើប្រាស់គ្រឿងញៀន ចំណែក៣នាក់ទៀតគឺជាអ្នកប្រើប្រាស់។ ការឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀនទាំង៤នាក់ គឺបន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពីប្រជាពលរដ្ឋល្អ ទើបលោកសុំការបញ្ជាពីលោក យឹម សុជាតិ អធិការខណ្ឌដង្កោសហការជាមួយនគរបាលប៉ុស្តិ៍រដ្ឋបាលព្រែកកំពិសចុះបង្ក្រាបតែម្តង រួចនាំយកមកកាន់អធិការដ្ឋាននគរបាលខណ្ឌដង្កោធ្វើការសាកសួរ។
លោកនាយផ្នែកនគរបាលព្រហ្មទណ្ឌខណ្ឌដង្កោប្រាប់បញ្ជាក់ឲ្យដឹងថា បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ សមត្ថកិច្ចកំពុងឃាត់ខ្លួនបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំកសាងបញ្ជូនសំណុំរឿងទៅកាន់សាលាដំបូងរាជធានីភ្នំពេញផ្ដន្ទាទោសតាមច្បាប់៕
រ៉ាវុទ្ធ

0 Comments