ភ្នំពេញ ៖ ក្រុមហ៊ុនវិនិយោគវៀតណាមមួយក្រុមដែលមានជំនាញផ្នែកសំណង់បានសំឡឹងមើលទីផ្សារវិនិយោគនៅកម្ពុជា។
នៅក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ព្រឹកថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ នៅវិមានរដ្ឋសភា លោក ឡេ ហ្សុង (Le Dung) ប្រធានក្រុមហ៊ុនCC1វៀតណាម និងគណៈប្រតិភូអមដំណើរបានជម្រាបជូនសម្ដេចចក្រី ប្រធានរដ្ឋសភាថា ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូលោកនៅកម្ពុជានាពេលនេះ ក្នុងបំណងចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា ព្រោះថាក្រុមហ៊ុន (CC1) របស់លោកនៅវៀតណាមកន្លងមកបានចូលរួមអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធជាច្រើននៅវៀតណាម ដូចជាអាគារឧស្សាហកម្មធំៗ និងផ្នែកសំណង់វិស័យអគ្គិសនីផងដែរ។
លោកបន្តថា ក្នុងដំណើរនេះលោកបានដឹកនាំគណៈប្រតិភូចុះទៅពិនិត្យការវិនិយោគវិស័យសំណង់នៅខេត្តត្បូងឃ្មុំរបស់កម្ពុជា ដែលជាខេត្តថ្មី មានការអភិវឌ្ឍន៍ច្រើន ហើយនៅទីនោះ គណៈប្រតិភូលោកបានជួបជាមួយអាជ្ញាធរខេត្ត និងបានទៅពិនិត្យទីកន្លែងដែលត្រូវអភិវឌ្ឍន៍ ឃើញថាមានលទ្ធភាពច្រើនដើម្បីធ្វើការអភិវឌ្ឍន៍នៅទីនោះ ដែលលោកសុំការគាំទ្រពីសម្ដេចប្រធានសភាជាតិផងដែរ។
សម្ដេចចក្រី ប្រធានរដ្ឋសភាបានស្វាគមន៍លោក ឡេ ហ្សុង (Le Dung) ប្រធានក្រុមហ៊ុន CC1វៀតណាម និងគណៈប្រតិភូអមដំណើរ ដែលបានមកពិនិត្យឱកាសវិនិយោគនៅកម្ពុជា។ សម្ដេចបញ្ជាក់ថា កម្ពុជាបច្ចុប្បន្នមានសុខសន្តិភាព មានស្ថិរភាពយ៉ាងល្អប្រសើរគ្រប់ទីកន្លែង ហើយសព្វថ្ងៃទាំងរដ្ឋសភាក៏ដូចជារាជរដ្ឋាភិបាលកំពុងលើកទឹកចិត្តវិនិយោគទាំងក្នុងស្រុក និងបរទេសក្នុងបំណងឲ្យចូលរួមអភិវឌ្ឍន៍ប្រទេសកម្ពុជា។ សម្ដេចប្រធានបន្ថែមថា រួមជាមួយរាជរដ្ឋាភិបាល រដ្ឋសភាបានអនុម័តច្បាប់ដើម្បីគាំពារអ្នកវិនិយោគនៅកម្ពុជាផងដែរ។ សម្ដេចបន្ថែមទៀតថា កន្លងមកប្រមុខរដ្ឋាភិបាលទាំងពីរកម្ពុជា-វៀតណាមក៏បានឯកភាពគ្នាជំរុញលើកទឹកចិត្ត និងបង្កើនពាណិជ្ជកម្មទ្វេភាគីឲ្យកើនដល់៥.០០០លានដុល្លារ។ បច្ចុប្បន្នការវិនិយោគពីវៀតណាមមកកម្ពុជាបានកើនឡើងដល់ទំហំទឹកប្រាក់ប្រមាណជាង៤.០០០លានដុល្លារក្នុងឆ្នាំ២០១៥នេះ។ ក្រុមហ៊ុនវៀតណាមដែលមកវិនិយោគនៅកម្ពុជាមានច្រើនវិស័យដូចជាខាងវិស័យកសិកម្ម ធនាគារ សំណង់ សុខាភិបាល អាកាសចរណ៍ និងទូរគមនាគមន៍ជាដើម។ រដ្ឋសភាកម្ពុជាសូមគាំទ្រ និងលើកទឹកចិត្តចំពោះការសម្រេចចិត្តក្រុមហ៊ុនCC1វៀតណាម ក្នុងការមកបណ្ដាក់ទុននៅកម្ពុជា ឬក៏ស្វែងរកដៃគូនៅក្នុងប្រទេសកម្ពុជាដោយភាពជឿជាក់ជាមួយគ្នានឹងគ្នា៕
សុងយោ

0 Comments