ភ្នំពេញ ៖ បុគ្គលិកសហជីពសហព័ន្ធសាមគ្គីការងារកម្ពុជាលោក សៀង រិទ្ធី ត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនទៅកាន់តុលាការក្រុងភ្នំពេញ ដោយជាប់ពាក់ព័ន្ធនឹងករណីលាក់ទុកដើមឫស្សី បំណងត្រៀមបង្កអំពើហិង្សាណាមួយ។
នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០១៥នេះ សមត្ថកិច្ចនគរបាលបានបញ្ជូនខ្លួនលោក សៀង រិទ្ធី ទៅកាន់តុលាការដើម្បីសាកសួរពីករណីនេះ ហើយគេសង្កេតឃើញមានសមាជិកក្រុមអ្នកតវ៉ាប្រមាណ៥០នាក់បាននាំគ្នាទាមទារមុខតុលាការឲ្យធ្វើការដោះលែងបុគ្គលិកសហជីពរបស់ខ្លួនឡើងវិញ។
គួរបញ្ជាក់ថា លោក សៀង រិទ្ធី អាយុ៣៣ឆ្នាំ ជាបុគ្គលិកសហព័ន្ធសហជីពសាមគ្គីភាពកម្មករ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅមុខរោងចក្រកាត់ដេរយីហោ "អប្សរា" ស្ថិតក្នុងបុរី ប៊ុន ហួរ តាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីង ខាងត្បូងសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។
រោងចក្រខាងលើបានផ្ទុះកូដកម្មរយៈពេល៣ថ្ងៃមកហើយ ដោយមានកម្មករប្រមាណជាង១០០នាក់ ធ្វើការប្រមូលផ្ដុំតវ៉ាមុខរោងចក្រដើម្បីទាមទារលក្ខខណ្ឌការងារមួយចំនួនក្នុងរោងចក្រនោះមានកម្មករចំនួន៩០០នាក់កំពុងធ្វើការ។
ចំពោះបុរសឈ្មោះ សៀង រិទ្ធី បានផ្ទុកទៅដោយដំបងឫស្សីកាត់រួចជាកំណាត់ៗ លាក់ទុកក្នុងឃ្លុបរថយន្ត ហើយបើកឆ្ពោះទៅរកកន្លែងតវ៉ាក្នុងបំណងឲ្យក្រុមកម្មករទាំង៩០០នាក់ចេញតវ៉ាទាំងអស់គ្នា។ ប៉ុន្តែដោយសារសមត្ថកិច្ចមានការសង្ស័យក៏ធ្វើការឃាត់ខ្លួននៅម៉ោង៩និង២០នាទីព្រឹកថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយរកឃើញមានដើមឫស្សីចំនួន៥១កំណាត់ ហើយក៏បង្កសំណុំរឿងបញ្ជូនខ្លួនទៅសាកសួរនៅតុលាការតែម្តង៕
មករា
0 Comments