Ad Code

ចេញពី​ផឹកស៊ី​ជិះ​ម៉ូតូ​ដើរលេង​មួយ​ជុំ​ត្រូវ​រថយន្ត​ប្រភេទ​១២​កៅអី​បើក​កៀរ​ដួល​របួស​៣​នាក់ ​រួច​រថយន្ត​បើក​រត់​បាត់​

ភ្នំពេញ ៖ បុរស​ម្នាក់​បាន​រង​របួស​ធ្ងន់ ​និង​ស្រាល​ ដោយសារ​ត្រូវ​រថយន្ត​ប្រភេទ​១២​កៅអី​បើក​កៀរ​បណ្ដាល​ឲ្យ​ដួល​បោក ខណៈ​ដែល​ពួកគេ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​កាលពី​វេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អាធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៤ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​ចំណុច​ខាងជើង​រង្វង់​មូល​វិមានឯករាជ្យ តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨​ កែង​ផ្លូវ​នរោត្តម ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌដូនពេញ។​
សមត្ថកិច្ច​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា​ ជនរងគ្រោះ​ទី១-ឈ្មោះ សែម សុ​លី ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មុខរបរ​ជាងកាត់សក់ ទី​២-ឈ្មោះ សែម សុ​រិ​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជាងកាត់សក់ ទី​៣- ឈ្មោះ តយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ អ្នក​ទាំង​៣​នាក់​ស្នាក់នៅ​ផ្ទះ​ជួល​ដំបូល​ខៀវ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ជិះ​ម៉ូតូ​ម៉ាក​វេ​វ ពណ៌​ខ្មៅ គ្មាន​ស្លាក​លេខ​។​
បើ​តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​ឈ្មោះ សែន សុ​លី បាន​រៀបរាប់​ថា​ មុន​ពេល​កើតហេតុ​ពួកគេ​បាន​ជួប​ជុំគ្នា​ដោយ​ជប់លៀង​មិត្តភ័ក្ដិ​ទើបតែ​មកពី​ប្រទេស​ថៃ ផឹកស៊ី​នៅផ្ទះ​ជួល ហើយក៏​បាន​នាំ​គ្នា​ជិះ​ម៉ូតូ​មក​ដើរលេង​នៅ​ម្តុំ​កោះ​ពេ​ជ្យ ពេល​ជិះ​មកវិញ ដោយ​ធ្វើដំណើរ​តាម​បណ្តោយ​ផ្លូវ​លេខ​២៦៨ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ខណៈ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​ទេសចរណ៍​១២​កៅអី​មិន​ចាំ​ស្លាក​លេខ​ធ្វើដំណើរ​ស្រប​ទិស​គ្នា​ ហើយ​បាន​បើក​បត់​ស្តាំ​ទៅ​ជើង​តាមផ្លូវ​នរោត្តម ក៏បាន​កៀរ​ម៉ូតូ​ពួកគេ​បណ្ដាល​ឲ្យ​ដួល​រង​របួស​ធ្ងន់ ហើយ​រថយន្ត​បង្ក​បាន​បើក​គេចខ្លួន​បាត់ស្រមោល​។​
ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ដែល​របួសធ្ងន់​ត្រូវ​បាន​មិត្តភ័ក្ដិ​ដឹក​តាម​កង់​បី​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ ចំណែក​ម្នាក់​ដែល​របួសស្រាល​ក៏បាន​យក​ម៉ូតូ​ទៅផ្ទះ​ដោយ​មិនបាន​ដាក់ពាក្យ​បណ្ដឹង​នោះ​ទេ ដោយសារតែ​រថយន្ត​បង្ក​គេចខ្លួន​បាត់ស្រមោល​ទៅ​ហើយ​នោះ​៕
រស្មី​

Post a Comment

0 Comments

Close Menu