Ad Code

ជិះ​មកពី​ការ​បងប្អូន​ពេល​មក​ដល់​មុខ​ផ្ទះ ត្រូវ​ឡានក្រុង​បុក​ស្លាប់​ម្នាក់​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​

កំពង់ឆ្នាំង ៖ បុរស​-​ស្ត្រី​ និង​ក្មួយ​ស្រី​អាយុ​៦​ឆ្នាំ​ម្នាក់ ជិះ​ម៉ូតូ​ត្រឡប់​មកពី​ការ​បងប្អូន​វិញ លុះ​មកដល់​ផ្លូវបត់​ចូល​ផ្ទះ ក៏​បត់​ចូល ប៉ុន្តែ​ទើបតែ​ងាក​ម៉ូតូ​បន្តិច ត្រូវ​រថយន្ត​ក្រុង​បុក​បញ្ឆិត​ពី​ចំហៀង​ពេញ​១​ទំហឹង​តែម្ដង បណ្ដាល​ឲ្យ​ស្ត្រី​ម្នាក់​នោះ​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ចំណែក​បុរស ​និង​ក្មេងស្រី របួស​ធ្ងន់ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ។​
ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរ​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៣​និង​២០​រសៀល ថ្ងៃទី ២៣ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិតនៅ​ក្នុងភូមិ​អូរ​រំចេក ឃុំ​ចក ស្រុក​បរិបូណ៌ ខេត្ត​កំពង់ឆ្នាំង នៅ​ទល់មុខ​ផ្ទះ​ជនរងគ្រោះ​តែម្ដង។​
យោង​តាម​ព័ត៌មាន​ពី​ក្រុម​គ្រួសារ​ជនរងគ្រោះ​កំពុង​យំសោក​សង្រេង​នឹង​សោកនាដកម្ម​នេះ បាន​និយាយ​ឲ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​នេះ​ឈ្មោះ ស សា​រិ អាយុ​៥៦​ឆ្នាំ ចំណែក​អ្នក​រង​របួស​ធ្ងន់ ឈ្មោះ ​ស ស៊ីម អាយុ​៦៥​ឆ្នាំ ​និង​ក្មេងស្រី​អាយុ​៦​ឆ្នាំ​។​ ជនរងគ្រោះ​ខាងលើ​នៅ​ភូមិ​កើតហេតុ​ជាមួយ គ្នា​។ ប្រភព​នេះ​បាន​បន្ត​ឲ្យ​ដឹង​ថា បុរស​-​ស្ត្រី​នេះ ជា​បងប្អូន​បង្កើត ចំណែក​ក្មេងស្រី​នោះ​ជា​ក្មួយ​ស្រី បង្កើត​របស់​បុរស​-​ស្ត្រី​នេះ ហើយ​នៅពេល​កើតហេតុ ជនរងគ្រោះ​ខាងលើ​ជិះ​ម៉ូតូ​ម៉ាក​C125​សេរី ០១០​ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1B 36 46 40 ត្រឡប់​មកពី​ការ​បងប្អូន នៅ​រ៉ា​បំ​ណ​ក់ ស្រុក ក្រគរ ខេត្តពោធិ៍សាត់ លុះ​មកដល់​មុខ​ផ្ទះ ក៏​បត់​ចូល ប៉ុន្តែ​គ្រាន់តែ​ងាក​ម៉ូតូ​បាន​បន្តិច​ ស្រាប់តែ រថយន្ត​ក្រុង​ដែល​បើក​មកពី​ក្រោយ​ស្រប​ទិស​គ្នា​បុក​បញ្ឆិត​ពី​ចំហៀង​ពេញ​១​ទំហឹង​តែម្ដង។​
ប្រភព​ព័ត៌មាន​ពី​ប៉ូលិស​ស្រុក​បរិបូរណ៍​ដែល​កំពុង​អន្តរាគមន៍​នៅ​នឹង​កន្លែង​កើតហេតុ​នេះ បាន​ប្រាប់​ឲ្យ​ដឹង​ថា ​រថយន្តក្រុង​នេះ​មានឈ្មោះ ​ថា​ លី​ហុង ទេសចរណ៍ ពាក់​ស្លាក​លេខ ភ្នំពេញ​3B 34 65​ ហើយ​នៅ​មុន​ពេល​សមត្ថកិច្ច​ពួកគាត់​មកដល់​គឺ​តៃកុង​រថយន្ត​នេះ​រត់​គេច​ខ្លួន​បាត់​ទៅ​ហើយ​។​
ប្រភព​ពី​សមត្ថកិច្ច​ប៉ូលិស​ស្រុក​បរិបូរណ៍​បាន​បន្ត​ឲ្យ​ដឹង​ថា បើ​ផ្អែកលើ​ស្លាកស្នាម និង​ភ័ស្ដុ​តាង​នៅ​នឹង​កន្លែង​កើតហេតុ សមត្ថកិច្ច​ជំនាញ​ក៏បាន​សន្និដ្ឋាន​ដូច​ប្រភព​ព័ត៌មាន​ខាងលើ​ដូច្នេះ​ដែរ។​
ប្រភព​នេះ​បាន​បញ្ជាក់​ថា ចំពោះ​ករណីនេះ ក្រោយពី​ការវាស់វែង​ និង​ពិនិត្យ​ប្រមូល​ភ័ស្ដុតាង រួច​ហើយ គឺ​វត្ថុតាង ត្រូវ​យក​ទៅ​រក្សាទុក​នៅ​អធិការដ្ឋាន និង​កសាង​សំណុំរឿង​ដើម្បី​ចំណាត់ការ តាម​ច្បាប់។ ប្រជាពលរដ្ឋ​ដែល​បានឃើញ​ហេតុការណ៍​ផ្ទាល់​ និង​ឃើញ​នៅក្នុង​ប្រព័ន្ធ​ព័ត៌មាន​នោះ ​គឺ​ករណី​គ្រោះថ្នាក់​ចរាចរ​បែបនេះ ​គឺ​បាន​កើតឡើង​ច្រើន​ករណី​មក​ហើយ ដោយសារតែ​ការ​បត់​កៀក​ពី​មុខ និង​អ្នក​បើក​ពីក្រោយ​បើក​ហួស​ល្បឿន​កំណត់​នៃ​ច្បាប់​នោះ​៕
កង ចេស្ដា​

Post a Comment

0 Comments

Close Menu