Ad Code

ប្រជាពលរដ្ឋ​ចំនួន​២៤​គ្រួសារ​ធ្វើការ​តវ៉ា​រក​ដំណោះស្រាយ​ដីធ្លី​ ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​(​ថៃ​ប៊ុន​រ៉ុង​)

ព្រះសីហនុ ៖ ប្រជាពលរដ្ឋ​ចំនួន​ប្រមាណ​២៤​គ្រួសារ​រស់នៅ​ក្នុងភូមិ​លេខ​១​ សង្កាត់​លេខ​៣ ​ក្រុង​ព្រះសីហនុ/ខេត្ត​ព្រះសីហនុ ​នៅ​រសៀល​ថ្ងៃទី​២២​ ខែ​កុម្ភៈ​ ឆ្នាំ​២០១៥​នេះ ​បាន​ទៅ​ជួប​ជុំគ្នា​នៅ​លើ​ដី​អតីត​ដែល​ពួកគេ​ធ្លាប់​រស់នៅ​កាន់កាប់​រយៈពេល​ប្រមាណ​២០​ឆ្នាំមុន​ និង​និមន្ត​ព្រះសង្ឃ​ចំនួន​៣​អង្គ​រៀបចំ​ធ្វើ​ពិធីសែនព្រេន​ ម្ចាស់​ទឹក ​ម្ចាស់​ដី​ នៅ​ទីនោះ​ និង​វត្ថុ​សក្ដិសិទ្ធិ​ឲ្យ​ជួយ​ដល់​ពួកគាត់​ទាំង​អស់​គ្នា​ ក្នុង​គោលដៅ​ស្វែងរក​យុត្តិធម៌​តាម​ប្រព័ន្ធ​ផ្លូវច្បាប់ ​ពាក់ព័ន្ធ​ដីធ្លី​ទំហំ​(៤២.៧១០​ម៉ែត្រការ៉េ​)​ ដែល​ត្រូវ​ក្រុមហ៊ុន​(​ថៃ​ប៊ុន​រ៉ុង​)​រំលោភបំពាន​យក​ក្នុង​ពេល​កន្លងមក​ឲ្យ​ពួកគាត់​បាន​កាន់កាប់​វិញ​។​ ហើយ​នៅ​ក្នុង​ពិធី​នោះ​ ក៏​មាន​រៀបចំ​ពិធី​ដុត​រូបសំណាក​ទីងមោង​តំណាង​ឲ្យ​បុគ្គល​ចំនួន​២​នាក់​ គឺ​ទី​១-​រូប​សំណាក​សព​លោក ​ម៉ម​ មិត្ត ​អតីត​ព្រះរាជអាជ្ញា​រង​ខេត្ត​ព្រះសីហនុ ​និង​ទី​២-​រូប​សព​លោក​ ឃឹម ​បូរ​អតីត​អភិបាលក្រុង​ព្រះសីហនុ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ​ព្រមទាំង​បាច​អំបិល​ និង​ផ្លែ​ម្ទេស​ដុត​ជា​មួយ​ផង​ដែរ​ក្នុង​នៃ​ចងកំហឹង​យ៉ាង​មុតមាំ​ ពីព្រោះ​បុគ្គល​ទាំងពីរ​នាក់​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​អះ​អាង​ថា​ គឺជា​ដើមចម​ធំ​បំផុត​ដែល​ប្រើប្រាស់​អំណាច​រំលោភបំពាន​យក​ដីធ្លី​របស់​គាត់​ទៅ​ឲ្យ​ក្រុម​ថៃ​ប៊ុន​រ៉ុង​។​ លុះ​ព្រឹក​ថ្ងៃទី​២៣​ ខែ​កុម្ភៈ ​ឆ្នាំ​២០១៥​ ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​២៤​គ្រួសារ​ខាងលើ​ក៏បាន​នាំ​គ្នា​ដង្ហែ​ជា​ក្បូន​នាំ​យក​ញត្តិ​ស្តីអំពី​ការ​ស្នើ​សុំ​ការ​ជួយ​អន្តរាគមន៍​បញ្ហា​ទំនាស់​ដីធ្លី​របស់​ពួកគាត់​ខាង​លើ​ដាក់​ចូល​ទៅ​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ខេត្ត​ឲ្យ​ជួយ​ដោះស្រាយ​ ដោយ​ក្បូន​ដង្ហែ​នេះ​ក៏​មាន​ការ​គាំទ្រ​ និង​ចូលរួម​ដង្ហែ​ពីរ​សំណាក់​តំណាង​សហគមន៍​ចំនួន​១៩​មកពី​ទូទាំង​ខេត្ត​ព្រះសីហនុ​ផង​ដែរ។​
បងស្រី​ឈ្មោះ​ ហង្ស​ ចិន្តា ​តំណាង​ក្រុម​ប្រជាពលរដ្ឋ​រងគ្រោះ​ចំនួន​២៤​គ្រួសារ​ខាងលើ​បាន​និយាយ​រៀបរាប់​ប្រាប់​ឲ្យ​ដឹង​ថា​ ពួកគាត់​បាន​រស់​នៅ​ និង​កាន់កាប់​ដី​តំបន់​ខាង​លើ​នេះ​តាំងពី​ឆ្នាំ​១៩៧៩​មក​ម្ល៉េះ ​ក្រោយមក​នៅក្នុង​អំឡុង​ឆ្នាំ​១៩៩៦​ ដីធ្លី​របស់​ពួកគាត់​ត្រូវ​បាន​ក្រុមហ៊ុន​(​ថៃ​ប៊ុន​រ៉ុង​)​ធ្វើ​របង​ហ៊ុមព័ទ្ធ​យក​ទាំង​រំលោភបំពាន ពេលនោះ​យើង​ពួកគាត់​អស់​គ្នា​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​អាជ្ញាធរ​មូលដ្ឋាន​ថ្នាក់​ឃុំ/ស្រុក​ និង​ក្រុង​ ដើម្បី​សុំ​ទាមទារ​យកដី​នោះ​មក​កាន់កាប់​វិញ​ ប៉ុន្តែ​គ្មាន​ទទួល​បាន​ដំណោះស្រាយ​អ្វី​ទាំង​អស់​ ផ្ទុយទៅវិញ​នៅ​ថ្ងៃទី​០៤​ ខែឧសភា​ ឆ្នាំ​២០០២ ​អាជ្ញាធរ​សម័យ​លោក ​ឃឹម ​បូរ ​ជា​អភិបាលរង​ក្រុងព្រះសីហនុ​ និង​លោក ​ម៉ម​ មិត្ត​ ជា​ព្រះរាជអាជ្ញា​តុលាការក្រុង​ផង​នោះ បាន​ប្រើប្រាស់​កម្លាំង​សមត្ថកិច្ច​ប៉ូលិស ប៉េអិម​ និង​យោធា ​មក​ចាប់​ពួកគាត់​ឃុំឃាំង​យ៉ាង​អយុត្តិ​ធម៌​បំផុត ​ព្រម​ទាំង​ធ្វើ​ការ​ឈូស​ឆាយ​បំផ្លាញ​នៅ​ផលដំណាំ​ដាំ​ដុះ​ជាដើម​ និង​ផ្ទះសម្បែង​ខ្ទេចខ្ទី​អស់​គ្មាន​សល់​ធ្វើ​ឲ្យ​ពួកគាត់​ទាំង​អស់​គ្នា​រង​ទុក្ខ​វេទនា​គ្មាន​ដីធ្លី​ផ្ទះសម្បែង​រស់នៅ​តាំងពី​ពេលនោះ​រហូត​មក​។ ​ហើយ​នៅក្នុង​អំឡុង​ឆ្នាំ​២០០៨​ ទីតាំង​ដី​នោះ​ក៏​ត្រូវ​បាន​គេ​ឃុបឃិត​គ្នា​លក់​បន្ត​ពី​មួយ​ទៅ​មួយ​និង​ធ្វើ​ប្លង់​កម្មសិទ្ធិ​ស្របច្បាប់​យក​ទាំង​បំពាន​តែម្តង​ បើ​ទោះ​បី​ជា​ពួកគាត់​(​ប្រជាពលរដ្ឋ​រងគ្រោះ​)​បាន​ដាក់​ពាក្យ​ប្ដឹង​ទាស់​ក្នុង​ការ​ចេញ​ប្លង់​ក៏ដោយ ​ក៏​មិនបាន​លទ្ធផល​នោះ​ដែរ​។​ ជាមួយ​គ្នា​នេះ​ បងស្រី ​​បាន​ធ្វើ​ការ​បញ្ជាក់​យ៉ាង​មុតមាំ​ថា ​រូប​គាត់ ​ក៏​ដូច​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​២៤​គ្រួសារ​នឹង​ធ្វើការ​សាង​សង់​ខ្ទម​រស់នៅ​លើ​ទី​ដី​តាំង​ទំនាស់​ខាង​លើ​នេះ ​មិន​ចាកចេញ​ជា​ដាក់​ខាត ​បើសិនជា​អាជ្ញាធរ​ខេត្ត​មិន​ព្រម​ធ្វើ​ការ​ដោះស្រាយ​តាមផ្លូវ​ច្បាប់​ផ្តល់​ភាព​យុត្តិធម៌​ដល់​ពួកគាត់​ទាំងអស់​គ្នា​។​ ជាមួយគ្នា​ក្នុង​ថ្ងៃ​ដដែល​នេះ ​ក៏​មាន​ប្រជាពលរដ្ឋ​ចំនួន​៨​គ្រួសារ​ផ្សេងទៀត​ ក៏បាន​នាំគ្នា​មក​ធ្វើការ​តវ៉ា​ផង​ដែរ​ ចំពោះ​បុគ្គល​មួយ​ចំនួន​ដែល​កំពុង​រំលោភ​វាទី​យក​ដី​របស់​ពួកគាត់​កាន់កាប់​ទាំង​បំពាន​មិន​មាន​ដំណោះ​ស្រាយ ​និង​សូម​សំណូមពរ​ទៅដល់​អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ឲ្យ​ជួយ​ដោះស្រាយ​ដូចគ្នា​ដែរ​។
លោក ​សុខ​ សុង​ ប្រធាន​សភា​ពាណិជ្ជកម្ម​ខេត្ត​ព្រះសីហនុ​ជា​តំណាង​ក្រុមហ៊ុន​(​ថៃ​ប៊ុន​រ៉ុង​)​បាន​ធ្វើការ​បញ្ជាក់​ថា​ ទីតាំង​ដី​ទំនាស់​ខាង​លើ​នេះ​ជា​ដី​ក្រុមហ៊ុន​ទិញ​ពីរ​អាជ្ញាធរ​ខេត្ត​ដោយ​មិន​មាន​ការ​រំលោភបំពាន​ដី​ពី​ប្រជាពលរដ្ឋ​ខាង​លើ​នេះ​ទេ​។ ​បន្ទាប់មក​ដី​នេះ​ក្រុមហ៊ុន​ក៏បាន​ពុះ​ជ្រាក​លក់​ទៅ​ឲ្យ​អ្នកដទៃ​ជា​ហូរហែ​ ព្រមទាំង​បាន​ធ្វើ​ប្លង់​កម្ម​សិទ្ធ​ស្របច្បាប់​រួចរាល់​អស់ហើយ។​
លោក​ ជិន ​សេង​ អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម​សំណង់ ​និង​សុរិយោដី​ខេត្ត​ព្រះសីហនុ ​ជុំវិញ​បញ្ហា​នេះ​លោក​បាន​ធ្វើ​ការ​បញ្ជាក់​ផង​ដែរ​ថា ​ញត្តិ​ដែល​ប្រជាពលរដ្ឋ​ស្ដីពី​ សូម​អន្តរាគមន៍​លើ​ដី​ទំនាស់​ខាង​លើ​នេះ​ ខាង​មន្ទីរ​បាន​ទទួល​ហើយ ​ប៉ុន្តែ​ចំពោះ​ដំណោះស្រាយ​យ៉ាង​ណា​នោះ​ខាង​មន្ទីរ​មិន​មាន​លទ្ធភាព​ទេ​ គឺ​ហួស​សមត្ថភាព ​ពី​ព្រោះ​រឿង​រាវ​នេះ​បាន​កើតឡើង​រយៈ​ពេល​៥​ជំនាន់​នៃ​ថ្នាក់ដឹកនាំ​ខេត្ត​ព្រះសីហនុ​មក​ហើយ​ ដូចនេះ​នីតិវិធី​មានតែ​ធ្វើ​របាយការណ៍​ដាក់​ជូន​ទៅ​ថ្នាក់លើ​បាន​ជ្រាប​តែ​ប៉ុណ្ណោះ​៕
កោះពស់

Post a Comment

0 Comments

Close Menu