ភ្នំពេញ ៖ នៅក្នុងសេចក្ដីថ្លែងការណ៍ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានរិះគន់យ៉ាងខ្លាំងក្លាទៅដល់ការធ្វើអត្ថាធិប្បាយរបស់អង្គការក្រៅរដ្ឋាភិបាល (NGO) មួយចំនួនទាំងក្នុង និងក្រៅប្រទេស ដែលបាននិយាយពាក់ព័ន្ធជាមួយបញ្ហារបស់លោក ALEJANDRO GONZA LEX DAVIDSON ជនជាតិអេស្ប៉ាញ ជាអនុប្រធានអង្គការមាតាធម្មជាតិនោះ។ សម្ដេចនាយករដ្ឋមន្ត្រីមានប្រសាសន៍ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកល វិទ្យាល័យជាតិគ្រប់គ្រងនៅកោះពេជ្រថា សូម្បីតែទិដ្ឋាការនៃរដ្ឋអធិបតេយ្យមួយត្រូវបានបំពានដោយអត្ថាធិប្បាយមិនដឹងមកពីណា។ អ្នកដែលធ្វើអត្ថាធិប្បាយមានតួនាទីអី។ សូមកុំអាងខ្លួនជា NGO មកអង្គុយលើក្បាលនីតិប្រតិបត្តិឱ្យសោះ។ សម្ដេចតេជោបានចោទជាសំណួរថា អ្វីដែលហៅថាខ្លួនជាអង្គការក្រៅរដ្ឋាភិបាល។ នៅស្រុកខ្មែរអង្គការក្រៅរដ្ឋាភិបាលខ្លះដើរតួនាទីធំជាងសភា ធំជាងរដ្ឋាភិបាល ធំជាងតុលាការទៅទៀត។ សូមពិនិត្យមើលអំពីទំនាក់ទំនងរវាងអង្គទាំង៣ អង្គនីតិប្បញ្ញត្តិ អង្គនីតិប្រតិបត្តិ និងអង្គតុលាការ វាមិនអាចទៅដាច់ពីគ្នាបានទេ។
នៅក្នុងលិខិតផ្ញើជូនឯកឧត្តម សម រង្ស៊ី ប្រធានក្រុមភាគតិចនៃរដ្ឋសភា កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ ឯកឧត្តមនាយឧត្តមសេនីយ៍ ឯម សំអាន រដ្ឋ មន្ត្រីស្តីទីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោក ALEJANDRO GONZA LEX DAVIDSON ដែលកាន់លិខិតឆ្លងដែនអេស្ប៉ាញចាស់លេខXDA198043 ផុតសុពលភាពត្រឹមថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ និង មានទិដ្ឋាការស្នាក់នៅបណ្ដោះអាសន្នក្នុងព្រះរាជាណាចក្រកម្ពុជា មានសុពលភាពត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥។ នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០១៥ លោក ALEJANDRO បានទទួលលិខិតឆ្លងដែនថ្មីលេខ XDC006070 មានសុពលភាពដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥។
ឯកឧត្តម ឯម សំអាន មានប្រសាសន៍ថា លោក ALEJANDRO បានប្រព្រឹត្តខុសទៅនឹងលក្ខន្តិកៈរបស់អង្គការមាតាធម្មជាតិ ដែលតម្កល់ទុកនៅក្រសួងមហាផ្ទៃ ដោយបានធ្វើសកម្មភាពរារាំងការគ្រប់គ្រងរដ្ឋបាលសាធារណៈរបស់អាជ្ញាធរខេត្តកោះកុង តាមរយៈការញុះញង់ប្រជាជនឱ្យចូលរួមបិទផ្លូវសាធារណៈមិនឱ្យក្រុមការងារចុះទៅជួបប្រជាពលរដ្ឋនៅឃុំថ្មដូនពៅ ឃុំប្រឡាយ និងឃុំជំនាប់ ក្នុងស្រុកថ្មបាំង ដែលសកម្មភាពនេះ ត្រូវបានលោក ALEJANDRO ទទួលសារភាពតាមរយៈលិខិតសុំអភ័យទោសសរសេរផ្ទាល់ដៃជាភាសាខ្មែរ ចុះថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៤។ ក្រសួងមហាផ្ទៃតម្រូវឱ្យលោក ALEJANDRO ចាកចេញពីព្រះរាជាណាចក្រកម្ពុជាមួយរយៈពេលខ្លី ដែលលោក ALEJANDRO យល់ថាសមស្របនៅមុនពេលផុតទិដ្ឋាការស្នាក់នៅ។ ក្រសួងមហាផ្ទៃពុំមានគោលការណ៍ហាមឃាត់លោក ALEJANDRO ក្នុងការចូលមកព្រះរាជាណាចក្រកម្ពុជាវិញនោះទេ ប្រសិនបើគាត់បំពេញបែប បទ និងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដូចជនអន្តោប្រវេសន៍ដទៃទៀត ស្របតាមគោលការណ៍ច្បាប់នៃព្រះរាជាណាចក្រកម្ពុជានោះ។ សម្ដេច ហ៊ុន សែន មានប្រសាសន៍ថា កម្ពុជាមិនមែនរដ្ឋរណបទេ ប៉ុន្តែជារដ្ឋអធិបតេយ្យ មិនត្រឹមតែជនបរទេសបំពានទេ សូម្បីតែខ្មែរបំពានក៏ត្រូវតែមានទោសដែរ។ វាច្បាស់ណាស់រដ្ឋមួយគេមិនដែលឱ្យអ្នកឯងបំពានទេ ហើយសង្ឃឹមថាអ្នកនយោបាយនានាអាចយល់ នេះជារដ្ឋអធិបតេយ្យ មិនថាអ្នកនោះជាអ្នកណាទេ។ សម្ដេចបានពន្យល់ថា បើយើងចូលប្រទេសគេអត់ទិដ្ឋាការក៏គេមិនឱ្យចូល។ អត់ទិដ្ឋាការចាប់គេបណ្ដេញចេញអញ្ចឹងទេបើធ្វើរដ្ឋអធិបតេយ្យមួយគ្រាន់តែគេបំពានដែរ ចាំបាច់ធ្វើរដ្ឋធ្វើអី។ សម្ដេចតេជោថ្លែងថា ខ្ញុំក៏សូម សុំផ្កាំទៅអ្នកនយោបាយមួយចំនួនថាគ្មានបរទេសណាស្រឡាញ់ខ្មែរជាងខ្មែរទេ។
សម្ដេចនាយករដ្ឋមន្ត្រីបានលើកឧទាហរណ៍ថា ជាក់ស្តែងអាម៉េរិកបានធ្វើជាស្រឡាញ់ ខ្មែរៗ ដើម្បីទម្លាក់សម្ដេចព្រះនរោត្តម សីហនុ ដែលនៅសល់តែប៉ុន្មានថ្ងៃទៀតដល់ខួប៤៥ឆ្នាំ នៃថ្ងៃធ្វើរដ្ឋប្រហារហើយនៅទីចុងបំផុតសួរថា តើងអាម៉េរិករត់ទេ? អាម៉េរិករត់ៗទៅបាត់។ ដូច្នេះហើយបានជាព្រះអង្គម្ចាស់ ស៊ីសុវត្ថិ សិរីមតៈ សរសេរអត្ថបទមួយថា កំហុសតែមួយគត់ គឺជឿអាម៉េរិក។ ឥឡូវនេះសួរថា អាម៉េរិក និងប្រទេសមួយចំនួនរត់ចោលយើងមែនទេ ។ រត់បាត់ទៅហើយៗ អ្នកដែលស្លាប់គឺប្រជាជនយើងមែនទេ វាដូចជាខ្មែរយើងនៅឆ្នាំ១៩៧៥។ សម្ដេច ហ៊ុន សែន ថ្លែងថា រឿងអស់ទាំងនេះត្រឹមតែរដ្ឋមន្ត្រីក្រសួងមហាផ្ទៃដោះស្រាយបានហើយ។ ព្រោះបញ្ហាអន្តោប្រវេសន៍ជាសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃចាត់ចែងទៅវាចប់ហើយ។ ប៉ុន្តែជនជាតិខ្មែរយើងខ្លះស្គាល់មិនគ្រប់អំពីអធិបតេយ្យទេ៕
ស្នាយពល

0 Comments