Ad Code

ផ្សព្វផ្សាយ​សេចក្ដីសម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្តរមាន​ជ័យ​

ឧត្តរមានជ័យ ៖ គណៈ​ពង្រឹង​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​នៅ​តាម​មូលដ្ឋាន​ខេត្ត​ឧត្តរមាន​ជ័យ ចំណុច​ឯកភាព​សាមគ្គី​ផ្ទៃក្នុង និង​សន្សំ​ពិន្ទុ​ជាមួយ​ប្រជាពលរដ្ឋ ត្រូវ​យកចិត្តទុកដាក់​ឱ្យ​ខ្លាំង​ជាមុន​បាន​មួយ​កម្រិត​ទៀត ហើយនឹង​ចំណុចខ្សោយ​របស់​ខ្លួន ក៏​ត្រូវ​លើកយក​មក​ពិភាក្សា​ដោះ​ស្រាយ ដុសលាង​ខ្លួនឯង​ដែរ។​
ចំណុច​ទាំងនេះ​ដែល​គណៈ​ពង្រឹង​របស់​ក្រុមការងារ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើក​ឡើង​នៅក្នុង​ពិធី​ផ្សព្វផ្សាយ សេចក្ដីសម្រេច​នៃ​មហាសន្និបាត​វិសាមញ្ញ​គណ​ប្រជាជន​កម្ពុជា ដល់​សកម្មជន​របស់​ខ្លួន នៅ​ស្រុក​អន្លង់វែង ក្នុង​ខេត្ត​ឧត្តរមានជ័យ​នៅ​ព្រឹក​ថ្ងៃទី​២២ ខែកុម្ភៈ ឆ្នាំ​២០១៥ ក្រោម​អធិបតីភាព​ឯកឧត្តម គន់ គីម សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​ប្រធាន​ក្រុម​ថ្នាក់​ជាតិ​ចុះ​ជួយ​ខេត្ត​ឧត្តរមានជ័យ ឯកឧត្តម វ៉ា​ត់ ប៉ា​រ៉ានី​ន សមាជិក​គណៈ​អចិន្ត្រៃយ៍​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្ត​ឧត្តរមានជ័យ និង​ជា​ប្រធាន​ក្រុមការងារ​ចុះ​ជួយ​ស្រុក​អន្លង់វែង​។​
បន្ទាប់ពី​លោក យឹម ផាន់​ណា បាន​ឡើង​អាន​សេចក្ដីសម្រេចចិត្ត​នៃ​មហាសន្និបាត​វិសាមញ្ញ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ទៅ​ទាំង​ប្រទេស​រួចមក ឯកឧត្តម វ៉ា​ត់ ប៉ា​រ៉ានី​ន បាន​ប្រសាសន៍​លើកឡើង​ពី​ផែនការ​ថ្មី​ដល់​សមាជិក​សមាជិកា​បក្ស​ប្រជាជន ជា​គោលការណ៍​៩​ចំណុច​សម្រាប់​អនុវត្តន៍​នៅ​តាម​មូលដ្ឋាន គឺ​ការ​ផ្ដោត​លើ​សាមគ្គី​ផ្ទៃក្នុង ចិញ្ចឹម​ចលនា​ស្មារតី​សមាជិក​ចុះ​រស់នៅ​ជា​មួយ​ប្រជាពលរដ្ឋ សន្សំ​ពិន្ទុ​នៃ​ការ​ឆ្លើយតប​តាម​សំណូមពរ​ប្រជាជន ធ្វើការ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម បង្កើន​ការ​ផ្សព្វផ្សាយ​ចំពោះ​សេរីភាព​បញ្ចេញមតិ​ដល់​ប្រជាជន​ឱ្យ​បាន​យល់​គ្រប់គ្នា ឱ្យ​ពួកគាត់​ហ៊ាន​រិះគន់​ទៅលើ​អាជ្ញាធរ​ឱ្យ​ឃើញ​ពី​ភាព​ខ្លាំង និង​ភាព​ខ្សោយ​របស់​ខ្លួន ហើយ​ពង្រឹង​ស្មារតី​ដល់​អ្នកជា​សេនាធិការ​ប្រជាពលរដ្ឋ​ឱ្យ​ព្យាយាម​បង្ហាញ​នូវ​ចំណុច​លាក់បាំង​ភាព​អសកម្ម​របស់​អាជ្ញាធរ ធ្វើ​ឱ្យ​បាត់បង់​ជំនឿ​ទុកចិត្ត​ពី​ប្រជាជន។​
ក្នុង​ឱកាស​អញ្ជើញ​ចុះ​បិទ​ពិធី​ផ្សព្វផ្សាយ​នៃ​មហាសន្និបាត​វិសាមញ្ញ​ដល់​សមាជិក​សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា ឯកឧត្តម គន់ គីម បាន​មានប្រសាសន៍​សម្ដែង​សួរសុខទុក្ខ​ពី​សំណាក់​ប្រធាន​ទាំង​៣ ដល់​សមាជិក​បក្ស​ទាំងអស់ និង​សូម​ធ្វើការ​កោត​សសើរ​ចំពោះ​ការ​ខិតខំ​ប្រឹងប្រែង ក្នុង​ព្រឹត្តិការណ៍​បោះឆ្នោត ក្រុម​ប្រឹក្សាឃុំ​សង្កាត់ និង​ជ្រើសរើស​រដ្ឋាភិបាល​ដែល​បាន​ចូលរួម​បង្ក​លក្ខណៈ​ងាយស្រួល និង​ប្រព្រឹត្ត​ទៅ​បាន​ជោគជ័យ ហើយ​ក្នុង​នោះ​ក៏​មាន​យុវជន​ផង​ដែរ​។​
ឯកឧត្តម​បន្ត​ថា សន្និបាត​វិសាមញ្ញ​ថ្មី យើង​រក​ឃើញ​ចំណុច​ល្អ និង​ចំណុច​អវិជ្ជមាន ដែល​ចំណុច​ទាំងនេះ យើង​បាន​លើក​យក​មក​ធ្វើការ​ពិភាក្សា​ដោះស្រាយ និង​បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ថ្មី នូវ​អ្វី​ដែល​សេសសល់​មន្ត្រី​ថ្នាក់​មូលដ្ឋាន​សម្រាប់​អនុវត្តន៍ ហើយ​ផែនការ​នេះ​បាន​បន្ត​រហូតដល់​គ្រប់​ជ្រុងជ្រោយ រាល់​សេចក្តី​ត្រូវការ​របស់​ប្រជាជន និង​រក​ឱ្យ​ឃើញ​ពី​ចំណុចខ្សោយ​របស់​ខ្លួន ជាមួយ​ប្រជាជន រួចហើយ​យក​ចំណុច​កំពុង​ប្រឈម​ទាំងនេះ​មក​ដោះស្រាយ​ជូន​ដល់​ពួកគាត់​ទៅតាម​លទ្ធភាព​ដែល​ធ្វើ​បាន​៕
ចាន់ ធី​​

Post a Comment

0 Comments

Close Menu