Ad Code

ក្រុម​ជញ្ជីង​ចល័ត​ខេត្តក្រចេះ​ចាប់​ឃាត់​ថ្លឹង​រថយន្ត​ដឹកឈើ​លើស​ទម្ងន់​ដែល​បង្ក​ឲ្យ​ផ្លូវជាតិ​លេខ​៧​មានការ​ខូចខាត​

ក្រចេះ ៖ ក្រុម​ត្រួតពិនិត្យ​ចល័ត​ខេត្តក្រចេះ​បានសម្រេច​ធ្វើការ​ចាប់​ឃាត់​ថ្លឹង​រថយន្ត​ធុន​ធំ ដែល​មាន​ផ្ទុក​ឈើ​លើស​ទម្ងន់​កំណត់ និង​ធ្វើការ​ផាកពិន័យ​អន្តរកាល ដោយ​តម្រូវ​ឲ្យ​ថៅកែ​ចូលខ្លួន​បង់​ពិន័យ​ចាប់ពី​១០​ទី​២០​ភាគរយ​តាមច្បាប់​កំណត់ និង​កំណត់​លើក​ផ្ទេរ​ឈើ​ដែល​ផ្ទុក​លើស​ឲ្យ​សមស្រប​ទៅតាម​ទម្ងន់​ដែល​ច្បាប់​បាន​កំណត់។​
ការ​ចុះ​អនុវត្ត​ច្បាប់​របស់​មន្ត្រី​ជំនាញ​ធ្វើឡើង​ចាប់​យប់​ថ្ងៃទី​២១​ ដល់​ថ្ងៃទី​២៣ ខែ​កុម្ភៈ ហើយ​ការ​ចុះ​បង្ក្រាប​រថយន្ត​ធុន​ធំ​ដឹកឈើ​លើស​ទម្ងន់​កំណត់​ មន្ត្រី​ជំនាញ​គឺ​បាន​ចាប់​ឃាត់​រថយន្ត​ថ្លឹង​បាន ចំនួន​៧​គ្រឿង ហើយ​រថយន្ត​ទាំងនេះ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ធ្វើការ​ថ្លឹង​ទម្ងន់​ដោយ​រក​ឃើញ​ថា​សុទ្ធតែ មាន​ផ្ទុក​លើស​ទម្ងន់​ដូចគ្នា និង​សម្រេច​ឲ្យ​ម្ចាស់​ចូលខ្លួន​មក​បង់​ពិន័យ​។​
បើ​តាម​មន្ត្រី​នៃ​មន្ទីរ​សាធារណៈ​ការ​បាន​ឲ្យ​ដឹង​ថា រថយន្ត​ទាំងនេះ​បាន​ផ្ទុក​លើស​ទម្ងន់​កំណត់​ក្នុង​ចន្លោះ​ពី​៨​តោន​ទៅដល់​ជាង​៣០​តោន ក្នុង​មួយ​រថយន្ត ហើយ​ការ​បង់​ពិន័យ​អន្តរកាល​ក៏​នឹង​អាច​ធ្វើ​ការ​ផាក​ពិន័យ​ទៅតាម​ច្បាប់ និង​ផែនការ​កំណត់​របស់​ក្រសួង​ផង​ដែរ។​
បើ​តាម​មន្ត្រី​នៃ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្ត​ដែល​មាន​នាទី​លើ​ការដឹកនាំ​ក្រុម​ត្រួត​ពិនិត្យ​ចល័ត​ពិសេស​ខេត្ត​ក្នុង​ការ​ចុះ​បង្ក្រាប​រថយន្ត​លើស​ទម្ងន់​ទាំងនេះ​បាន​បញ្ជាក់​ថា ផ្អែក​តាម​ផែនការ​របស់​ក្រសួង និង​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត រថយន្ត​ទាំងនេះ ត្រូវ​ក្រុមការងារ​ចុះ​បង្ក្រាប​បាន​នៅ​កន្លែង​ផ្សេងគ្នា​។​
ប្រភព​បន្ត​ឲ្យ​ដឹង​ទៀត​ថា នេះ​ជា​ប្រតិបត្តិការ​ជា​ទ្រង់ទ្រាយ​ធំ​ហើយ​ជា​លើក​ទី​១​របស់​ខេត្ត​ក្រចេះ ក្រោយពី​ក្រុម​ត្រួតពិនិត្យ​ចល័ត​ពិសេស​ខេត្ត​ទទួល​បាន​ផែនការ​អនុវត្ត​ពី​ក្រសួង​ដែល​តម្រូវ​ឲ្យ​ចុះ​អនុវត្ត​ទប់ស្កាត់​ការ​ដឹក​លើស​ទម្ងន់​តាំងពី​ចុងខែ​មករា ឆ្នាំ​២០១៥​កន្លង​ទៅ​នេះ។
ជា​មួយ​នឹង​កា​ចុះ​បង្ក្រាប​ខាង​លើ​នេះ ឈ្មួញ​ជា​ថៅកែ​ស្រី​ម្នាក់​ដឹកឈើ​ជំនៀរ ដែល​គាត់​ទិញ​ម៉ៅ​ពី​ក្រុមហ៊ុន​ក្នុង​តម្លៃថោក​បាន​និយាយ​ថា ចំពោះ​ចំណាត់ការ​របស់​មន្ត្រី​ជំនាញ គឺ​ហាក់បីដូចជា មិន​ស្មើភាព​សោះ ដោយ​គេ​អនុវត្ត​តែ​ទៅលើ​ក្រុម​ឈ្មួញ​តូចតាច​ដែល​គ្មាន​លទ្ធភាព​ប៉ុណ្ណោះ រថយន្ត​របស់​គាត់ ដឹកឈើ​ជំនៀរ​មិន​ពេញ​ផង ហើយ​បាន​បង់​លុយ​ឲ្យ​ក្រុម​ជញ្ជីង​ស្នួល​រាល់​ជើង ត្រង់​គាត់​ដាក់​បន្តិច​សោះ ចាប់​ថ្លឹង​ដែរ រីឯ​រថយន្ត​ដឹក​ដំឡូង​មី​ធំៗ និង​រថយន្ត​ដឹកឈើ​របស់​ក្រុមហ៊ុន​ធំៗ ដឹក​ចង់​ស្រុត​ផ្លូវ​អត់​ឃើញ​ចាប់​ថ្លឹង​ផង​។​
ថៅកែ​ស្រី​បាន​បន្ត​ថា ទោះជា​ណា​គាត់​មិន​ខឹង​ទេ តែ​សូម​ឲ្យ​មន្ត្រី​ជំនាញ​ធ្វើ​ឲ្យ​ស្មើភាព​ផង កុំ​អនុវត្ត​តែ​អ្នក​រក​ស៊ី​តូចតាច ចំណែក​មេ ឈ្មួញ​ធំៗ​ដឹក​ដំឡូង​មី​ខ្នាត​ធំៗ និង​រថយន្ត​ដឹកឈើៗ​សូម​អនុវត្តន៍​ឲ្យ​មាន​តម្លាភាព​ផង៕
ម៉េង ហ៊ាង

Post a Comment

0 Comments

Close Menu