Ad Code

រថយន្ត​លុ​ច្យ​ស៊ី​ស​បុក​ម៉ូតូ​២​គ្រឿង ​ពី​ខេត្តកណ្តាល​មក​កើល​នៅ​ភ្នំពេញ​


ភ្នំពេញ ៖ រថយន្ត​ម៉ាក​លុ​ច្យ​ស៊ី​ស​៣០០ បុក​ម៉ូតូ​ពី​ស្រុក​ពញាឮ ខេត្តកណ្តាល បើក​រត់គេច​មក​បុក​ម៉ូតូ​នៅ​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ កើល​ទៅមុខ​លែង​រួច​ ទើប​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​បាន កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់ ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០១៥ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ត្រង់​ចំណុច​ភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល និង​ត្រង់​ចំណុច​ភូមិ​ឌួង ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ។​

សមត្ថកិច្ច​ប៉ូលិស​ប៉ុស្តិ៍​ព្រែក​ព្នៅ​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​រង​របួស​ក្នុង​ហេតុការណ៍​លើក​ទី​១​ក្នុងភូមិ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល មិន​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ឡើយ ​ជិះ​ម៉ូតូ​២​នាក់ រង​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់​។ ចំណែក​ជនរងគ្រោះ​លើក​ទី​២ នៅ​ចំណុច​ភូមិ​ឌួង ស្ថិត​ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ​ ឈ្មោះ​ ឈួន នឿន ភេទ​ប្រុស​ អាយុ​៤៩​ឆ្នាំ មុខរបរ​កសិករ​ មានទី​លំនៅ​ក្នុងភូមិ​ស្លែង​ដីដុះ ឃុំ​ព្រែកតាទែន ស្រុក​ពញាឮ ខេត្តកណ្តាល​ ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1CJ 60 01​

ដោយឡែក​ជន​បង្ក​ក្នុង​ហេតុការណ៍​នេះ​ឈ្មោះ ជា តារា ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ធនាគារ​អេស៊ីលីដា មាន​ទីលំនៅ​ក្នុង​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ បើករថយន្ត​ម៉ាក​លុ​ច្យ​ស៊ី​ស​៣០០ ពណ៌ស ពាក់​ស្លាក​លេខ ភ្នំពេញ 2E 8377 បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង ទិសដៅ​ពី​ជើង​មក​ត្បូង​។ ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥​មួយ​គ្រឿង ក្នុង​ទិសដៅ​ពី​ត្បូង​ទៅ​ជើង លុះ​មកដល់​ចំណុច​កើតហេតុ​ស្រាប់​តែ​មាន​រថយន្ត​ម៉ាក​លុ​ច្យ​ស៊ី​ស​៣០០ បើក​រ៉េ​ពេញ​ផ្លូវ​បញ្ច្រាសទិស​ជាមួយ​ម៉ូតូ ក្នុង​ស្ថានភាព​ស្រវឹង​ផង និង​មាន​ម៉ូតូ​ជាច្រើន​គ្រឿង​ជិះ​តាម​ពីក្រោយ​ផង​។​

ប្រភព​បន្ត​ថា នៅក្នុង​ខណៈ​រថយន្ត​បង្ក​បើកបរ​ក្នុង​ល្បឿន​លឿន​មិន​ប្រយ័ត្ន​នោះ ក៏​រ៉េ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​ម៉ូតូ​ជនរងគ្រោះ​ដែល​បើក​នៅ​ខាងស្តាំ​ដៃ បណ្ដាល​ឲ្យ​ម៉ូតូ​ខ្ទាត​ចូល​កង់​រថយន្ត​ទៅមុខ​លែង​រួច ចំណែកឯ​ជនរងគ្រោះ​រង​របួស​ស្រាល​តែ​សន្លប់​ដោយសារ​ភ័យ​នឹង​ហេតុការណ៍​នេះ​ខ្លាំង​ពេក រីឯ​ជន​បង្ក​មិន​មាន​រង​របួស​អ្វី​ឡើយ ភ្លាមៗ​នោះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ឃាត់ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​ប៉ូលិស​។

ក្រោយ​កើតហេតុ ជន​បង្ក​និង​រថយន្ត ព្រមទាំង​ម៉ូតូ​ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន យក​ទៅ​រក្សាទុក​នៅ​ចរាចរណ៍​ក្រុង រង់​ចាំ​ដោះស្រាយ​ទៅតាម​ផ្លូវច្បាប់​៕

ឧ​ត្ត​រ៉ា​

Post a Comment

0 Comments

Close Menu