Ad Code

រឿង​រថយន្ត​ដឹកទំនិញ​បុក​ឆេះ​ផ្ទះ​រហូតដល់​ជនរងគ្រោះ​ស្លាប់ ​តៃកុង​រថយន្ត​មិនទាន់​ចាប់ខ្លួន​ សំណង​ក៏​មិន​ទាន់​បាន​


បន្ទាយមានជ័យ ៖ សមត្ថកិច្ច​ហាក់ដូចជា​ព្រងើយកន្តើយ​ក្នុង​រឿង​គ្រោះថ្នាក់​ចរាចរ​រថយន្ត​ដឹកទំនិញ ដែល​បើក​បុក​ឆេះ​ផ្ទះ​រហូតដល់​ជនរងគ្រោះ​ជា​ម្តាយ​ម្ចាស់ផ្ទះ​រង​របួស​ដល់​ស្លាប់​ ហើយ​នៅតែ​ជន​បង្ក​មិនទាន់​ត្រូវ​បាន​ចាប់ខ្លួន ចំណែក​ឯ​សំណង​រដ្ឋប្បវេណី​នៅតែ​មិន​ទាន់​បាន​នៅ​ឡើយ​។

ម្តាយ​ម្ចាស់ផ្ទះ​ឈ្មោះ ក្រួច ថន អាយុ​៧០​ឆ្នាំ ដែល​ត្រូវ​ភ្លើង​ឆាបឆេះ​ បន្ទាប់ពី​រថយន្ត​ដឹកទំនិញ​មួយ​គ្រឿង​បើក​បុក​ផ្ទះ​លក់​គ្រឿងទេស ភេសជ្ជះ និង​សាំង បណ្ដាល​ឲ្យ​ឆេះ​ កាលពី​ថ្ងៃទី​០៥ ខែកុម្ភៈ ឆ្នាំ​២០១៥ ត្រង់​ចំណុច​មុខ​សាលាក្រុង​សិរីសោភ័ណ ត្រូវ​បាន​ស្លាប់​បាន​ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០១៥ ។ កូន​ជនរងគ្រោះ​២​នាក់​ប្ដី​ប្រពន្ធ​ឈ្មោះ ថន ខែម និង​ឈ្មោះ សុជាតិ បាន​ឲ្យ​ដឹង​ថា ចាប់តាំងពី​ថ្ងៃ​កើតហេតុ​រហូតដល់​ម្តាយ​របស់​ខ្លួន​ស្លាប់​ពួក​ខ្លួន​មិនបាន​ទួល​សំណង​ណាមួយ​ពី​ម្ចាស់​រថយន្ត ឬក៏​ជន​បង្ក​ឡើយ ហើយ​ក្នុង​នោះ​ជន​បង្ក​ក៏​មិនទាន់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ឬ​អនុវត្ត​ទៅតាម​ច្បាប់​ឡើយ ។ កាល​ដែល​រថយន្ត​បុក​ឆេះ​ផ្ទះ​របស់​ខ្លួន និង​ទ្រព្យសម្បត្តិ​ជាច្រើន និង​ស្លាប់​ម្តាយ​ខ្លួន​នោះ ខ្លួន​បាន​ទា​សំណង​ពី​ជន​បង្ក​ចំនួន​១០​ម៉ឺន​ដុល្លារ​។ ជនរងគ្រោះ​បាន​ស្នើ​ឲ្យ​ខាង​សមត្ថកិច្ច​នគរបាល​ចរាចរ​ជើង​គោក និង​តុលាការ​ មេត្តា​ចាត់ការ​រឿង​នេះ​ឲ្យ​បាន​ឆាប់ ដើម្បី​ផ្តល់​សំណង​រដ្ឋប្បវេណី និង​ភាព​យុត្តិធម៌​ជូន​ជនរងគ្រោះ​។

តាម​ការ​ឲ្យ​ដឹង​ពី​រថយន្ត​ដែល​បង្ក​ត្រូវ​បាន​គេ​ស្គាល់​ថា ជា​របស់​ឈ្មោះ គីម ​នៅក្នុង​សង្កាត់​កំពង់ស្វាយ ក្រុង​សិរីសោភ័ណ ជា​អ្នក​ដឹកទំនិញ​ទៅមក​ពី​ភ្នំពេញ​-​បន្ទាយមានជ័យ​។

លោក សួន នី​ប៉ូ នាយរង​ការិយាល័យ​នគរបាល​ចរាចរ​ជើងគោក​នៃ​ស្នងការ​នគរបាល​ខេត្ត​បន្ទាយមានជ័យ​បានឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​២៣​នេះ​ថា ដោយ​ការ​ទាមទារ​សំណង​ពី​ជនរងគ្រោះ​មាន​ទំហំ​ធំធេង រហូតដល់​១០​ម៉ឺន​ដុល្លារ និង​ការិយាល័យ​ទើបតែ​ទទួល​បាន​សំណុំរឿង​នេះ​ពី​អធិការ​ក្រុង​សិរីសោភ័ណ ការិយាល័យ​ជំនាញ​នឹង​បញ្ជូន​ទៅ​តុលាការ​វិនិច្ឆ័យ​ទៅតាម​ច្បាប់​។ លោក​ក៏បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា យោង​តាម​ច្បាប់​ចរាចរ​ថ្មី និង​ចាស់ ជន​បង្ក​ដែល​បង្ក​គ្រោះថ្នាក់​ចរាចរ ខូចខាត​ទ្រព្យ​សម្បត្តិ និង​ប៉ះពាល់​ដល់​អាយុជីវិត​នឹង​ត្រូវ​ផ្ដន្ទាទោស​ជាប់​ពន្ធនាគារ​ទៅតាម​ការវិនិច្ឆ័យ​របស់​តុលាការ​៕

អ​,​ពៅ​


Post a Comment

0 Comments

Close Menu