កណ្ដាល ៖ បុរសវ័យចំណាស់ម្នាក់បានស្លាប់ភ្លាមៗនៅកន្លែងកើតហេតុយ៉ាងអាណោចអាធម៌ ដោយត្រូវរថយន្តម៉ាកសាំយ៉ុងបើកបុកកិន ខណៈគាត់បើកម៉ូតូបត់ឆ្វេងបម្រុងឆ្លងផ្លូវ។ ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោងជាង២រសៀល ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០១៥ នៅលើផ្លូវជាតិលេខ៦ចន្លោះស្ពានលេខ១៣-១៤ ត្រង់ចំណុចភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ប៉ូលិសចរាចរណ៍ស្រុកមុខកំពូលបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ រស់ ស៊ីន អាយុ៧៩ឆ្នាំ មានទីលំនៅភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ជិះម៉ូតូហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល 1G-5882 ។ ចំណែករថយន្តបង្កម៉ាកសាំយ៉ុង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2Z-9346។ ក្រោយកើតហេតុតៃកុងឡានបង្កបានរត់គេចខ្លួនបាត់។
សាក្សក្បែរកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញលោកតារងគ្រោះបើកម៉ូតូសេ១២៥ពណ៌ខ្មៅ តាមបណ្តោយផ្លូវជាតិលេខ៦ មានទិសដីពីត្បូងទៅជើង លុះមកដល់ចំណុចកើតហេតុ បានបត់ឆ្វេងឆ្លងផ្លូវ ស្របពេលនោះក៏មានរថយន្តម៉ាកសាំយ៉ុង ពណ៌ស បើកបរមានទិសដៅពីត្បូងទៅជើង បានបុកម៉ូតូពេញមួយទំហឹង បណ្ដាលឲ្យគាត់ស្លាប់ភ្លាមៗនៅនឹងកន្លែង។ ក្រោយកើតហេតុ តៃកុងឡានបង្កបានចុះរត់គេចខ្លួនបាត់ បន្សល់ទុកតែរថយន្តនៅកន្លែងកើតហេតុ។
ប៉ូលិសបានបញ្ជាក់ថា ក្រោយធ្វើការវាស់វែង សមត្ថកិច្ចបានប្រគល់សពឲ្យទៅគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកមធ្យោបាយពាក់ព័ន្ធសមត្ថកិច្ចដឹកយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ចាត់ការតាមនីតិវិធី៕
ដាំ ជា

0 Comments