បាត់ដំបង ៖ ជនសង្ស័យម្នាក់ដែលពាក់ព័ន្ធនឹងករណីលួចមានស្ថានទម្ងន់(ប្លន់) ត្រូវបានសមត្ថកិច្ច
តាមប្រមាញ់ ព្រមទាំងបានធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១០ព្រឹកត្រង់ចំណុចភូមិព្រែកតាតន់ សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង បន្ទាប់ពីជនសង្ស័យរូបនេះបានប្រើប្រាស់ដំបងឆក់ និងដាវសាំម៉ូរ៉ៃ ចូលទៅសម្លុតគំរាមយករបស់របរ និងគ្រឿងអលង្ការពីជនរងគ្រោះ កាលពីថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៥ វេលាម៉ោង១០និង៣០នាទីយប់រួចមក។
យោងតាមពាក្យបណ្ដឹងរបស់ជនរងគ្រោះដែលមានឈ្មោះ គី ឫទ្ធី ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិបែកចានថ្មី សង្កាត់ព្រែកព្រះស្ដេច បានបញ្ជាក់ថា នៅមុនពេលកើតហេតុគឺរូបគេកំពុងជួបជុំគ្នាប្រមាណ៥នាក់ដើម្បីពិភាក្សាអំពីការខ្ចីប្រាក់របស់អង្គការយកមកប្រើប្រាស់ក្នុងមុខរបរអ្វីមួយ ក៏ស្រាប់តែមានបុរសម្នាក់ដែលពួកគេបានស្គាល់ច្បាស់នូវឈ្មោះ និងអត្តសញ្ញាណ បានស្ទុះចូលមក
ដោយនៅដៃមានកាន់ដាវសាំម៉ូរ៉ៃ និងដំបងឆក់ផង ហើយបានស្រែកធ្វើការសម្លុតគំរាមទាមទារឲ្យជនរងគ្រោះទាំងអស់ប្រគល់នូវរបស់របរដែលមាននៅជាប់នឹងខ្លួនទៅឲ្យគេបើមិនដូច្នោះទេ គេនឹងសម្លាប់ចោល ដោយមានការភ័យខ្លាចពួកគេក៏បានប្រគល់នូវរបស់របរមួយចំនួនដូចជាទូរស័ព្ទណូកៀចំនួនមួយគ្រឿង ទូរស័ព្ទសាំសុងកាឡាក់ស៊ីចំនួន៣គ្រឿង ខ្សែ.ក១ខ្សែ ចិញ្ចៀន១វង់ និងលុយចំនួន៤០.០០០ម៉ឺនរៀល ក្រោយពីបានទទួលនូវរបស់ទាំងនេះហើយគេក៏បានគេចចេញពីកន្លែងកើតហេតុទៅបាត់ស្រមោលទាំងយប់តែម្តង។ ក្រោយមកទើបជនរងគ្រោះនាំគ្នាដាក់ពាក្យ
បណ្ដឹងទៅសមត្ថកិច្ចដើម្បីឲ្យជួយអន្តរាគមន៍។
លុះស្អែកឡើងបន្ទាប់ពីបានសុំគោលការណ៍ទៅលោកព្រះរាជអាជ្ញា នួន សាន រួចមកសមត្ថកិច្ចបានចេញប្រតិបត្តិការចុះទៅឃាត់ខ្លួនជនសង្ស័យដែលកំពុងសម្ងំលាក់ខ្លួននៅក្នុងលំនៅដ្ឋានត្រង់ចំណុចភូមិព្រែកតាតន់ ដើម្បីយកមកសាកសួរ ព្រមទាំងបានធ្វើការឆែកឆេរ និងដកហូតបានវត្ថុតាងមួយចំនួន គឺទូរស័ព្ទដៃចំនួន២គ្រឿង ខ្សែ.ក១ខ្សែ ចិញ្ចៀន១វង់ ដំបងឆក់១ ដាវសាំម៉ូរ៉ៃ១ដើម កាំបិតច្នៃ១ដើម និងថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន២ថង់តូចផងដែរ។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តនូវទង្វើនេះយ៉ាងពិតប្រាកដមែន ដោយរួមទាំងវត្ថុតាងដែលសមត្ថកិច្ចបានដកហូតផងនោះ បច្ចុប្បន្នមុខសញ្ញាប្លន់
រូបនេះត្រូវបានសមត្ថកិច្ចកំពុងរៀបចំឯកសារ និងសំណុំរឿងដើម្បីបញ្ជូនខ្លួនទៅកាន់ការិយាល័យ
ជំនាញនៃស្នងការដ្ឋាននគរបាលខេត្តហើយ និងបន្តចាត់ការទៅតាមផ្លូវច្បាប់៕
សោ និយមរ័ត្ន
0 Comments