Ad Code

ឧត្តមសេនីយ៍​យោធា​ម្នាក់​ អន្តរាគមន៍​សុំ​ដោះ​លេង​ក្រៅ​ឃុំ​ នៅ​អ្នក​ដែល​ពាក់ព័ន្ធ​វាយ​សម្លាប់​បុរស​វិកលចរិត​យក​សាក​សព​ដុត​


កំពង់ស្ពឺ ៖ ក្រុម​ឃាតក​វាយ​សម្លាប់​បុរស​វិកលចរិត និង​អូស​សាកសព​បំណង​ដុត​បំផ្លាញ​ចំនួន​៤​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស និង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្នុងចំណោម​អ្នក​ពាក់ព័ន្ធ​ជាច្រើន​នាក់​ទៀត ស្រាប់​តែ​មាន​ធ្លាយ​ព័ត៌មាន​ថា មាន​មន្ត្រី​យោធា​ថ្នាក់​ឧត្តមសេនីយ៍​ម្នាក់​ចេញ​មក​អន្តរាគមន៍​ដើម្បី​សុំ​ធានា​អ្នកមាន​ការ​ពាក់ព័ន្ធ​ឱ្យ​នៅ​ក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​។​

មន្ត្រី​នគរបាល​ព្រហ្មទណ្ឌ​ខេត្តកំពង់ស្ពឺ​បាន​ប្រាប់​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ដែល​ត្រូវ​បាន​ក្រុម​មនុស្ស​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​សម្លាប់​យ៉ាង​ឃោរឃៅ និង​អូស​សាកសព​បំណង​ដុត​កម្ទេច​ចោល​នោះ​មានឈ្មោះ ​ទួន ចន្ទ្រា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ឈ្នួល ខេត្តកណ្តាល ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់​ព្រួត​គ្នា​វាយ​សម្លាប់​ម៉ោងជាង​២០​យប់ កាលពី​ថ្ងៃទី​០៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥​កន្លង​មក​នេះ ស្ថិត​ក្នុងភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​ ប្រភព​បន្ត​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន ក្នុង​នោះ​ ទី​១​-មានឈ្មោះ ​ភឺន ភាស់ ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​២​-ឈ្មោះ​ កន សាន្ត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ ទី​៣-​ឈ្មោះ​ អឿន សាត ភេទ​ប្រុស អាយុ​២៦​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ​កើតហេតុ​។​

ប៉ូលិស​បន្ត​ថា បន្ទាប់​មាន​ករណី​ឃាតកម្ម​ដ៏​សាហាវឃោរឃៅ​នេះ សមត្ថកិច្ច​ជំនាញ​ចុះ​ធ្វើការ​ស្រាវជ្រាវ​ឈាន​ដល់​ឃាត់ខ្លួន​មុន​សញ្ញា​ចំនួន​៣​នាក់​ខាងលើ និង​មាន​អ្នក​ពាក់​ចំនួន​១៤​នាក់​ផ្សេង​ទៀត ក្នុង​នោះ​ឮ​ថា​ខាង​ប៉េអិម​ចាប់បាន​ម្នាក់​ដែរ​។ ប្រភព​បន្ត​ថា​ ពេលនេះ​សមត្ថកិច្ច​កំពុងតែ​រៀបចំ​កសាង​សំណុំរឿង និង​បន្ត​ការស្រាវជ្រាវ​រក​អ្នក​ដែល​ពាក់ព័ន្ធ​មួយ​ចំនួន​ទៀត​។​

លោក វិន ឡេង​ហួង ​មេបញ្ជាការ​ប៉េអិម​ស្រុក​សំរោង​ទង​បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥​នេះ ក្នុងចំណោម​អ្នក​ពាក់ព័ន្ធ​ករណី​ឃាតកម្ម​វាយ​សម្លាប់​មនុស្ស​វិកលចរិត​នេះ កម្លាំង​អាវុធ​ហត្ថ​ឃាត់​បាន​ម្នាក់​ឈ្មោះ​ អៀម សា​ហុន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ​ ក្រោយពី​កើតហេតុ​ភ្លាមៗ ហើយ​ខាង​ប៉ូលិស​ចាប់​បាន​៣​នាក់​ក្នុងចំណោម​អ្នក​ជនសង្ស័យ​ជាច្រើន​ទៀត​។​

សូម​រំលឹក​ថា​ កាលពី​វេលា​ម៉ោងជាង​៨​យប់ ថ្ងៃទី​០៤ ខែ​កុម្ភៈ​កន្លង​មក​នេះ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ជាច្រើន​នាក់ បាន​ធ្វើ​សកម្មភាព​វាយ​សម្លាប់ និង​អូស​សាកសព​ទៅ​ចោល​វាលស្រែ​ចម្ងាយ​ពី​ប្រមាណ​១៥០​ម៉ែត្រ​ពី​ភូមិ​ស្រែអំបិល ឃុំ​ត្រពាំង​គង ហើយ​បាន​យក​សំរាម​ធាងដូង​បំណង​ដុត​បំផ្លាញ​សាកសព​ចោរ​។ ប៉ុន្តែ​ត្រូវ​បាន​សមត្ថកិច្ច​ចុះ​អន្តរាគមន៍​ទាន់​ពេល ហើយ​ភ្លាមៗ​នោះ អត្ត​សញ្ញាណ​ជនរងគ្រោះ​មិន​ត្រូវ​បាន​ស្គាល់​ទេ បន្ទាប់ពី​ការស្រាវជ្រាវ​ក៏​សាច់​ញាតិ​ឃើញ​មានឈ្មោះ ទួន ចន្ទ្រា ភេទ​ប្រុស អាយុ​ជាង​៣០​ឆ្នាំ​ នៅ​ភូមិ​មង្គល ឃុំ​ដំណាក់​អំពិល ស្រុក​អង្គ​ឈ្នួល​។​

ក្រោយពី​កំលាំង​សមត្ថកិច្ច​ប៉ូលិស និង​ប៉េអិម​ឃាត់ខ្លួន​បាន​អ្នក​ពាក់ព័ន្ធ​ក្នុងករណី​អំពើ​ឃាត​កម្ម​វាយ​សម្លាប់​ជន​វិកលចរិត​នេះ​ មាន​ធ្លាយ​ព័ត៌មាន​ថា​លោក​ឧត្តម​ខាង​យោធា​ម្នាក់​អន្តរាគមន៍ ដើម្បី​រត់ការ​សុំ​ឱ្យ​អ្នក​ពាក់ព័ន្ធ​សុំ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន ​ខណៈ​សមត្ថកិច្ច​កំពុង​តែ​ធ្វើការ​ស៊ើប​អង្កេត​លើ​រឿង​នេះ​។​

មតិ​របស់​មហាជន​បាន​បញ្ចេញ​ថា ការ​វាយ​សម្លាប់​មនុស្ស​យ៉ាង​សាហាវព្រៃផ្សៃ​បែបនេះ មិន​គួរ​មាន​អន្តរាគមន៍​សុំ​នៅ​ក្រៅ​ឃុំ​ទេ ត្រូវតែ​អនុវត្តន៍​តាមផ្លូវ​ច្បាប់​។ ម្យ៉ាង​ទៀត​ជនរងគ្រោះ​ជា​មនុស្ស​វិកលចរិត​ បាន​ដើរ​វង្វេង​ចេញពីផ្ទះ​ញឹកញាប់ បើ​សង្ស័យ​ថា​គាត់​ជា​ចោរ​ត្រូវ​ប្រគល់​ជួន​សមត្ថកិច្ច​យក​ទៅ​សាកសួរ មិន​ត្រូវ​វាយ​សម្លាប់ រួច​អូស​យក​សាកសព​បំរុង​ដុត​ចោល​បែបនេះ​សោះ​ វា​ឃោរ​ឃៅ​ពេក​ណាស់ ព្រោះ​ប្រទេស​មានច្បាប់​ត្រឹមត្រូវ​៕

រដ្ឋ​ឋានៈ​

Post a Comment

0 Comments

Close Menu