Ad Code

លោក​តា​ងងិត​ភ្នែក មាន​ប្រពន្ធ​ក្មេង​ដាំបាយ​ដើរ​ចោល​ ត្រូវ​ភ្លើងចង្ក្រាន​រាល​ឆេះ​ផ្ទះ​ម៉ត់​សល់​តែ​ផេះ​


កំពង់ឆ្នាំង ៖ ផ្ទះ​តូច​មួយ​ខ្នង​ធ្វើ​ពី​ឈើ​ប្រក់​និង​បាំង​ជញ្ជាំង​ស្លឹក ត្រូវ​បាន​អគ្គីភ័យ​ឆាបឆេះ​សល់​តែ​ផេះ ខណៈ​ដែល​បុរស​មាន​វ័យ​ចំណាស់​ជា​ម្ចាស់ផ្ទះ​ដាំបាយ​ចោល​មិន​ប្រយ័ត្ន​រាល​ឆេះ​ផ្ទះ។ គ្រោះ​អគ្គីភ័យ​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ ថ្ងៃទី​០៦ ខែ​កុម្ភៈ ឆ្នាំ​២០១៥ នៅ​ភូមិ​ជើង​ខ្នារ ឃុំ​ពន្លៃ ស្រុក​បរិបូណ៌ ខេត្តកំពង់ឆ្នាំង។​

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ថា បុរស​ជា​ម្ចាស់ផ្ទះ​នេះ​មាន​ឈ្មោះ ទុយ ម៉ោ​ល អាយុ​៨៤​ឆ្នាំ ប្រពន្ធ​ឈ្មោះ អ៊ុក ចាន់​ណាន អាយុ​៣៤​ឆ្នាំ ទាំង​២​នាក់​ប្ដី​ប្រពន្ធ​ជា​ជន​ក្រីក្រ​គ្មាន​ដី​រស់​នៅទេ បាន​ម្ចាស់​ដី​ឈ្មោះ សួន ស្រីមុំ អោយ​ដី​សង់​កូន​ផ្ទះ​ស្នាក់នៅ​បណ្ដោះអាសន្ន មាន​ទំហំ​ទទឹង​៣​ម៉ែត្រ​គុណ​និង​៤,៥០​ម៉ែត្រ ធ្វើ​អំពី​ឈើ​ក្រាល​រនាប​ឫស្សី​ប្រក់ ​និង​បាំងជញ្ជាំង​ស្លឹក។

មុន​ពេល​កើតហេតុ​ បុរស​ចំណាស់​ជា​ប្ដី​ដែល​ភ្នែក​មើល​ងងឹត​មិនសូវ​ភ្លឺ​បាន​ដាំបាយ​លើ​ផ្ទះ​ដាក់​ចោល​ និង​បាន​ប្រាស់​ដេកលក់​នៅ​លើ​ផ្ទះ ពេលនោះ​ភ្លើងចង្ក្រាន​បាន​រាល​ឆេះ​ដល់​ជញ្ជាំង​ស្លឹក​និង​រាលដាល​ឆេះ​ផ្ទះ​ទាំងមូល​ក្តៅ​ដល់​រូប​គាត់ ទើប​គាត់​ដឹង​និង​បាន​រត់​ចុះពីលើផ្ទះ​មក​ដី​ទាន់​ពេល​វេលា តែ​របស់ទ្រព្យ​នៅ​លើ​ផ្ទះ​មានតែ​អង្ករ​ជាង​១០​គីឡូ និង​ខោអាវ​១០​កំប្លេ ត្រូវ​បាន​ព្រះ​អគ្គី​ឆេះ​ម៉ត់​នៅ​សល់​តែ​ផេះ។

សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​បាន​ឲ្យ​ដឹង​ទៀត​ថា គ្រួសារ​ខាង​ក្រីក្រ​ខ្លាំង​ណាស់ ប្ដី​ជា​មនុស្ស​ចាស់​មាន​ប្រពន្ធ​ក្មេង​មាន​សេចក្តី​សុខ​ណាស់​តែ​មិនសូវ​ចេះ​រកស៊ី​អ្វី​នោះ​ទេ​ ព្រោះតែ​ក្រ​គ្មាន​ដើមទុន បន្ទាប់ពី​ភ្លើង​ឆេះ​ផ្ទះ​តូច​នេះ​ទៅ ពួកគាត់​គ្មានអ្វី​ពឹងពាក់​ស្នាក់នៅ​ទៀត​ឡើយ ពេលនេះ​លោក​មេភូមិ​និង​អ្នកស្រុក​កំពុង​ដើរ​រៃអង្គាស​គ្នា​រក​ស្បៀងអាហារ​មួយចំនួន ស្លឹក​និង​ឈើ​ដើម្បី​ជួយ​សង់​កូនខ្ទម​តូច​មួយ​ឲ្យ​ពួកគាត់​រស់នៅ​បណ្ដោះអាសន្ន​ឡើងវិញ៕

ឈៀង ថា​រិ​ទ្ធ


Post a Comment

0 Comments

Close Menu