Ad Code

ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ​តាមផ្លូវ​សាធារណៈ ប៉ូលិស​ដេញ​ចាប់​បាន​ជនសង្ស័យ​ម្នាក់​មាន​ថ្នាំញៀន​ជាប់​ខ្លួន​


ភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន ក្នុង​ខណៈ​ពេល​ដែល​យុវជន​ម្នាក់​នេះ​ជិះ​ម៉ូតូ​តាម​ដងផ្លូវ​ជួបនឹង​កម្លាំង​ចម្រុះ​ដាក់​គោលដៅ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ហើយ​ស្រប​ពេល​នោះ​បាន​ជិះ​ម៉ូតូ​រត់​គេច​ខ្លួន ទើប​ប៉ូលិស​ដេញ​ចាប់​បាន ​និង​បាន​រក​ឃើញ​ថ្នាំញៀន​នៅ​ជាប់​ខ្លួន​តែម្តង​។​

ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ខណ្ឌទួលគោក​ធ្វើការ​ឃាត់ខ្លួន​បាន​កាលពី​រាត្រី​ថ្ងៃទី​២៤​ ខែកុម្ភៈ ​វេលា​ម៉ោង​ប្រមាណ​២១​និង​២០​នាទី​នៅ​ចំណុច​មុខ​ហាង​លក់​ម៉ូតូ​ហុងដា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅសេទុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក​។ ​ជនសង្ស័យ​ត្រូវ​បាន​សមត្ថកិច្ច​ប៉ូលិស​ប្រាប់​ឲ្យ​ស្គាល់ឈ្មោះ​ យ៉ង ពុធ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះ​ជួល​គ្មាន​លេខ​ ផ្លូវ​លំ ភូមិ​ទួលគោក សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ហើយ​ក្នុង​ការ​ឃាត់ខ្លួន​ជន​សង្ស័យ​ម្នាក់​នេះ​ ប៉ូលិស​ដកហូត​បាន​ថ្នាំញៀន​ប្រភេទ​ម៉ា​ទឹកកក​ចំនួន​០១​កញ្ចប់ ​រួម​នឹង​ម៉ូតូ​ម៉ាក​ហុង ដា​សេ​125​ ពណ៌​ខ្មៅ​ គ្មាន​ស្លាក​លេខ​មួយ​គ្រឿង។​

មន្ត្រី​ប៉ូលិស​ខណ្ឌទួលគោក​បាន​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ​គឺ​កម្លាំង​ចម្រុះ​របស់​គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌទួលគោក​បាន​ដាក់​គោលដៅ​ធ្វើការ​ឆែកឆេរ​អាវុធ​ជាតិ​ផ្ទុះ ត្រួតពិនិត្យ​ម៉ូតូ​អត់​ស្លាក​លេខ កញ្ចក់​មើល​ក្រោយ បក​កញ្ចក់​រថយន្ត​បិត​ស្គុត​ខ្មៅ និង​ពិនិត្យ​ជាតិ​អាកុល​នៅ​ចំណុច​មុខ​ហាង​លក់​ម៉ូតូ​ហុងដា ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​ម៉ៅ​សេទុង សង្កាត់​បឹង​សាឡាង ខណ្ឌទួលគោក ស្រប​ពេល​នោះ​ ក៏​ស្រាប់​តែ​មាន​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង​ចូល​មក​ក្នុង​គោលដៅ​ឆែកឆេរ​នេះ តែ​នៅពេល​ឃើញ​កម្លាំង​មាន​សមត្ថកិច្ច​ភ្លាម​ជនសង្ស័យ​ទាំង​២​នាក់​មិនបាន​ឈប់​ម៉ូតូ​ឲ្យ​កម្លាំង​មាន​សមត្ថកិច្ច​ធ្វើការ​ត្រួតពិនិត្យ​នោះ​ទេ តែ​បែរជា​បន្ថែម​ល្បឿន​ដើម្បី​រត់គេច​ទៅវិញ​។ ឃើញ​ដូច្នេះ​ប៉ូលិស​ក៏បាន​ជិះ​ម៉ូតូ​ដេញ​តាម​រហូត​ធ្វើការ​ឃាត់ខ្លួន​បាន​ម្នាក់ ​រួម​នឹង​ថ្នាំញៀន​មួយ​កញ្ចប់ ចំណែក​បក្ខពួក​ម្នាក់ទៀត​បាន​គេច​ខ្លួន​បាត់​។​

បច្ចុប្បន្ន​ជនសង្ស័យ​រូប​នេះ ត្រូវ​បាន​ឃុំ​ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ទួលគោក ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅកាន់​តុលាការ​ចាត់ការ​តាមផ្លូវ​ច្បាប់​៕

ស្រីរ័ត្ន​

Post a Comment

0 Comments

Close Menu