Ad Code

ស្លាប់​បាត់​បង់ជីវិត​ដោយសារ​ជន​មិន​ស្គាល់​មុខ​រាយ​ខ្សែភ្លើង​ឆក់​កណ្ដុរ អ្នក​បង់​ត្រី​ដើរ​ប៉ះ​ឆក់​ស្លាប់​


កំពង់ធំ ៖ ហេតុការណ៍​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​មួយ​បាន​បង្ក​ឲ្យ​មានការ​ជ្រួលច្របល់ ដោយសារ​តែ​មាន​មនុស្ស​ម្នាក់​ទៅ​បង់​ត្រី ត្រូវ​បាន​ឆក់​ខ្សែភ្លើង​ស្លាប់​យ៉ាង​អាណោចអាធ័ម​នៅ​កណ្ដាល​វាលស្រែ ស្ថិតនៅ​ចំណុច​កោះ​តា​វាំង ឃុំ​ផាត់​សណ្ដាយ​ ស្រុក​កំពង់ស្វាយ ខេត្តកំពង់ធំ​ ចម្ងាយ​ពី​ស្រុក​បារាយណ៍​៣០​គីឡូម៉ែត្រ​។​

ហេតុការណ៍​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១៦ ថ្ងៃទី​២៤ ខែ​កុម្ភៈ ឆ្នាំ​២០១៥ ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ ឃាង នឹង ភេទ​ប្រុស អាយុ​២៣​ឆ្នាំ រស់នៅ​ភូមិ​ប្រ​នាគ ឃុំ​ចើងដើង ស្រុក​បារាយណ៍ ខេត្តកំពង់ធំ​ តាម​ការ​រៀប​រាប់​របស់​សាច់ញាតិ​ជនរងគ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ជនរងគ្រោះ​បាន​ទៅ​បង់សំណាញ់​ក្នុង​ប្រឡាយ​ទឹក ក៏បាន​ប៉ះ​នឹង​ខ្សែភ្លើង​រាយ​ខ្សែភ្លើង​សម្រាប់​ចាប់​សត្វ​កណ្ដុរ ជនរងគ្រោះ​បាន​ឆក់​ស្លាប់​ភ្លាមៗ​នៅ​នឹង​នៅ​ក្នុង​ប្រឡាយ​ទឹក​។​

លោក កែ ខាន់​ណា​រ៉ា​ ស្នងការ​រង​ទទួល​ព្រហ្មទណ្ឌ​បាន​ឲ្យ​ដឹង​ថា ករណី​ឆក់​ខ្សែភ្លើង​ស្លាប់ ដោយ​ជនរងគ្រោះ​បាន​ដើរទៅ​ប៉ះ​នឹង​ខ្សែភ្លើង​សម្រាប់​យក​សត្វ​កណ្ដុរ ក្រោយពី​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម លោក​បាន​ដឹកនាំ​កម្លាំង​ចុះទៅ​ទាំង​កណ្ដាល​អាធ្រាត្រ​ទៅ​ពិនិត្យ​កន្លែង​កើតហេតុ ដែល​នៅ ផ្នែក​ទន្លេសាប​ មុន​ពេល​សមត្ថកិច្ច​ចុះទៅ​ដល់​ជនសង្ស័យ​ដែល​បាន​រាយ​ខ្សែភ្លើង​នោះ​បាន​រត់​គេច​ខ្លួន​បាត់​ហើយ តែ​សមត្ថកិច្ច​បាន​ស្គាល់​ជនសង្ស័យ​ឈ្មោះ សាយ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ ទីលំនៅ​មិនទាន់​ច្បាស់ តែ​នៅ​ខេត្តស្វាយរៀង​មក​ធ្វើស្រែ​ប្រាំង​នៅ​ចំណុច​កើតហេតុ ហើយ​បាន​យក​ខ្សែលួស​មក​រុំ​ព័ទ្ធ​ស្រែ​សម្រាប់​ឆក់​កណ្ដុរ ដើម្បី​កុំ​ឲ្យ​ស៊ី​ស្រូវ ចំណែក​ជនរងគ្រោះ​បាន​ដើរ​បង់សំណាញ់​នៅ​តាម​ប្រឡាយ​ហើយ​បាន​ទាក់​ខ្សែលួស ឆក់​ស្លាប់​ទៅ ​ខណៈ​នេះ​សមត្ថកិច្ច​ដុតដៃដុតជើង​តាម​រក​ជន​បង្ក​ហេតុ​មក​ទទួលទោស​តាមផ្លូវ​ច្បាប់។ លោក​បាន​បន្ត​ថា ករណីនេះ គឺជា​ឃាតកម្ម​ដោយ​អ​ចេតនា​ ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ករណី​ប្រើប្រាស់​ឧបករណ៍​ឆក់​ត្រី​នេះ ឬ​ឆក់​សត្វ​កណ្ដុរ​នេះ​បាន​ធ្វើ​ឲ្យ​មាន មនុស្ស​ជាច្រើន​នាក់​បាន​ស្លាប់​បាត់​បង់ជីវិត​ជាច្រើន​នាក់​មក​ហើយ គឺ​បណ្ដាល​មកពី​ការ​ធ្វេស​ប្រហែស ចំណែក​ជនល្មើស​ខ្លះ​បាន​យក​ឧបករណ៍​ទាំងនេះ ធ្វើជា​អាវុធ​សម្រាប់​តតាំង​ជា​មួយ​នឹង​សមត្ថកិច្ច​ដែល​បាន​ចុះទៅ​បង្ក្រាប ដូច្នេះ​សមត្ថកិច្ច ​និង​ប្រជាពលរដ្ឋ​គួរ​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​៕​


ប៊ុន​រដ្ឋា

Post a Comment

0 Comments

Close Menu