បន្ទាយមានជ័យ ៖ ស្ត្រីវ័យចំណាស់ម្នាក់បើទោះបីជាធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកក៏ដោយអំពីបញ្ហាជួញដូរគ្រឿងញៀននោះ តែមិនរាងចាលសោះចេញពន្ធនាគារវិញបានបន្តធ្វើសកម្មភាពជួញដូរគ្រឿងញៀនដូចមុនរហូតអូសទាញចៅៗឲ្យចូលរួមធ្វើសកម្មចែកចាយគ្រឿងញៀនថែមទៀតផង។ ប៉ុន្តែចំពោះសកម្មភាពបទល្មើសដែលសង្គមមិនត្រូវការនេះគេចមិនផុតពីសំណាញ់ ច្បាប់នោះឡើយ ហើយត្រូវបាននគរបាលក្រុងសិរីសោភ័ណចាប់វាយខ្នោះ រួចបញ្ជូនទៅកាន់តុលាការដាក់ទោសតាមផ្លូវច្បាប់។ លោក ស៊ីវ សុជាតិ អធិការនគរបាលក្រុងសិរីសោភ័ណបានឲ្យដឹងថា ការចាប់ខ្លួនស្ត្រីសង្ស័យរូបនេះបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននេះកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៥ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចាប់ខ្លួនរបស់លោកចៅក្រម និងបទបញ្ជាផ្ទាល់ពីសំណាក់ស្នងការនគរបាលខេត្ត លោក អាត់ ខែម។ ស្ត្រី្តរូបនេះមានឈ្មោះ ស៊ូ សៀង អាយុជាង៦០ឆ្នាំ បច្ចុប្បន្នរស់នៅភូមិសែនសិន សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។ យោងតាមដីកាបង្គាប់ឲ្យចាប់ខ្លួនរបស់លោកចៅក្រមស៊ើបសួរសាលាដំបូងខេត្តបន្ទាយមានជ័យ ថៃ គឹមមុនី ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៥ បានចោទប្រកាន់ស្ត្រីរួបនេះពីបទជួញដូរគ្រឿងញៀនដោយខុសច្បាប់ប្រព្រឹត្តទៅនៅភូមិសែនសិន សង្កាត់អូរអំបិល កាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៥កន្លងមក។ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោក អាត់ ខែម បានបញ្ជាក់ថា ស្រ្តីរូបនេះធ្លាប់ជាប់ពន្ធនាគារចំនួន២ដងរួចមកហើយ ពោលនៅឆ្នាំ២០០៧ និងនៅឆ្នាំ២០១៣ ពីបទចែកចាយគ្រឿងញៀន តែនៅពេលចេញពីពន្ធនាគារវិញមិនព្រមរាងចាលបានបន្តធ្វើសកម្មភាពទៀត។ លោកបានបន្តទៀតថា តាមរយៈរូបភាពលើកនេះស្ត្រី្តសង្ស័យបានប្រើចៅរបស់ខ្លួនចំនួន២នាក់ ជាអ្នកធ្វើសកម្មភាពចែកចាយគ្រឿងញៀនវិញ តែជនសង្ស័យទាំង២នាក់នោះត្រូវបានកម្លាំងរបស់លោកចាប់ខ្លួន។ លោកបានបន្តទៀតថា ក្រោយការចាប់ខ្លួនចៅទាំង២នាក់ និងក្រោយពីការសួរចម្លើយរួចមក លោកបានបញ្ជាឲ្យនគរបាលជំនាញសហការជាមួយនគរបាលមូលដ្ឋានធ្វើការស្រាវជ្រាវ រហូតតាមចាប់ខ្លួនបានស្ត្រីជួញដូរគ្រឿងញៀនកាលពីម្សិលមិញតែម្តង។ ក្រោយការចាប់ខ្លួនស្ត្រី្តរូបនេះស្ថិតក្រោមការសាកសួរ និងត្រៀមបញ្ជូនទៅកាន់តុលាការដើម្បីចាត់ការតាមផ្លូវច្បាប់។ លោកបានបង្ហាញនូវផែនការរបស់ខ្លួនលើការស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀន ជាបន្តបន្ទាប់នៅទូទាំងខេត្ត ពីព្រោះបើបង្ក្រាបមិនទាន់ពេលវេលានោះទេ វាធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សង្គមជាតិយ៉ាងខ្លាំង ពិសេសក្នុងខេត្តបន្ទាយមានជ័យគេអស់ជំនឿលើសមត្ថកិច្ចហើយ៕
គង្គា

0 Comments