Ad Code

ទីតាំង​បូម​ខ្សាច់ ឃុំ​ពាមជីកង ​កំពុង​ធ្វើ​សកម្មភាព​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត

កំពង់ចាម ៖ ទីតាំង​សិប្បកម្ម​បូម​ខ្សាច់​មួយ​កន្លែង ត្រូវ​បាន​គេ​ដឹង​ថា កំពុង​ធ្វើ​សកម្មភាព​បូម​យ៉ាង​អានាធិបតេយ្យ ខុស​លក្ខណៈ​បច្ចេកទេស​និង​ទីតាំង​ផ្ទុយ​ពី​ច្បាប់​អនុញ្ញាត​ដែល​ចេញ​ដោយ​មន្ទីរ​ជំនាញ ឧស្សាហ៍​កម្ម​រ៉ែ​និង​ថាមពល​ខេត្ត កាល​ពី​ពេល​ថ្មីៗ​កន្លងទៅ​នេះ។

ទីតាំង​សិប្បកម្ម​បូម​ខ្សាច់​ខាងលើ បាន​នឹង​កំពុង​ធ្វើ​សកម្មភាព នៅក្នុង​ភូមិ​ពាមជីកង ឃុំ​ពាមជីកង ស្រុក​កងមាស ខេត្តកំពង់ចាម ត្រូវ​បាន​គេ​ដឹង​ថា ជា​របស់​ថៅកែ​ម្នាក់​ឈ្មោះ​ជោ​ត សុជា គឺ​ទើប​និង​បាន​ចាប់​ផ្តើម​ដំណើរ​បូម កាលពី​ចុង​សប្ដាហ៍​កន្លង​ទៅ​នេះ​បន្ទាប់ពី​កម្លាំង​ចម្រុះ​នៃ​មន្ទីរ​ជំនាញ​ឧស្សាហកម្ម​ខេត្តកំពង់ចាម បាន​ចុះ​ទៅ​ពិនិត្យ វាស់​និង​កំណាត់​ទីតាំង ដោយ​តម្រូវ​ឲ្យ ម្ចាស់​សិប្បកម្ម​ខាងលើ ប្រើប្រាស់​សំភារៈ​មធ្យោបាយ​បូម ទៅតាម​ច្បាប់​សម្រាប់​សិប្បកម្ម​ខ្នាត​តូច​ដែល​ចេញ​មន្ទីរ​ជំនាញ​ក៏​ដូរ​ជា​អាជ្ញាធរ​ខេត្ត​ផង​ដែរ។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់ពី​អាជ្ញាធរ​ក៏​ដូចជា​មន្ទីរ​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ កាលពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៥​កន្លងទៅ ដោយ​កំណាត់​គោលដៅ លើ​ផ្ទៃដី​១០០​ម៉ែត្រ​បួន​ជ្រុង ដោយ​ដាក់​ប៉ូង​ចំនួន​៤​ជ្រុង​សម្រាប់​សំគាល់ រីឯ​លក្ខណៈ​បច្ចេកទេស គឺ​អនុញាត​ឲ្យ​ប្រើប្រាស់​ម៉ាស៊ីន​បូម​ត្រឹមតែ​៧៥​សេស និង​ទុយោ​ដែល​មាន​មុខកាត់​ត្រឹមតែ​១​តឹក​ប៉ុណ្ណោះ។

ម្ចាស់​ទីតាំង​សិប្បកម្ម ឈ្មោះ​ជោ​ត សុជា ចាប់​ផ្តើម​ធ្វើ​សកម្មភាព​បូម​គឺ​បាន​ធ្វើ​ផ្ទុយ​ពី​ច្បាប់ អនុញ្ញាត​របស់​មន្ត្រី​ជំនាញ​ទៅ​វិញ ទើប​បាន​ជា​មាន​មតិ​រិះគន់​ថា មន្ទីរ​ជំនាញ​ឧស្សាហកម្ម​ខេត្ត ហាក់បីដូចជា​មាន​ការ​ឃុបឃិត​បើកដៃ​ឬ​យ៉ាងណា បានជា​គ្រាន់តែ ចុះ​ទៅ​ពិនិត្យ​កំណាត់​គោល​រួច​ភ្លាម​ថៅកែ ខាងលើ​មិន​អនុវត្តន៍​តាម បែរ​ជា​បង្វែរ​គោលដៅ របស់​ខ្លួន​ទៅ​ផ្នែក​ខាងក្រៅ​ឆ្ងាយ​ខុសពី​ចំណុច​គោលដៅ​ដែល​ច្បាប់​អនុញ្ញាត​ឲ្យ។ រីឯ​លក្ខណៈ​បច្ចេកទេស​វិញ គាត់​បាន​ប្រើប្រាស់​ម៉ាស៊ីន​បូម​រហូត​ទៅដល់ ទៅ​ជិត​២០០​សេស និង​ទុយោ បូម​ដែល​មាន​មាត់​កាត់​១​តឹក​កន្លះ​ឯណោះ ក្នុង​នោះ​គេ​មិនឃើញ​មន្ត្រី​ជំនាញ​ណាមួយ​អើពើ​នោះ​ឡើយ។

ដោយឡែក​ពេល​ដែល លោក លី ចាន់​ធី ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្តកំពង់ចាម បាន​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​ដៃ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​នេះ​ថា ទីតាំង​សិប្បកម្ម​ខាងលើ​មានច្បាប់ គ្រប់គ្រាន់​ហើយ ដោយ​ម្ចាស់​សិប្បកម្ម​បាន​ដាក់​ពាក្យ​ស្នើសុំ​តាម​រយៈ​អាជ្ញាធរ​ភូមិ ឃុំ ស្រុក​ខេត្ត ហើយ​កន្លងទៅ​អាជ្ញាធរ​ខេត្ត​ក៏​ដូចជា​មន្ត្រី​ជំនាញ​មាន មន្ទីរ​បរិស្ថាន និង​មន្ទីរ​ឧស្សាហកម្ម​រ៉ែ​និង​ថាមពល​ខេត្ត​បាន​ចុះ​ទៅ​ពិនិត្យ​កំណាត់​គោលដៅ​ទីតាំង​និង​លក្ខណៈ​បច្ចេកទេស រួចហើយ​ដែរ ដោយ​បាន​ធ្វើ​កិច្ចសន្យា​ឲ្យ​ម្ចាស់​សិប្បកម្ម​រ៉ែ ប្រើប្រាស់​មធ្យោបាយ តាម​លក្ខណៈ​បច្ចេកទេស​ឲ្យ​បាន​ត្រឹមត្រូវ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ចំពោះ​ការប្រើ​ទុយោ​ធំ ឬ​ម៉ាស៊ីន​លើស ខុស​លក្ខណៈ​បច្ចេកទេស នោះ​លោក​បាន​ហៅ ម្ចាស់​សិប្បកម្ម​មក​ធ្វើ​កិច្ចសន្យា​រួចរាល់​ហើយ បើ​គេ​មិន​អនុវត្ត​តាមច្បាប់​កំណាត់​ទេ​នោះ មន្ត្រី​ជំនាញ ចុះ​ផ្អាក​សកម្មភាព​មិន​ឲ្យ​បន្ត​ដំណើរ​ទៀត​បានទេ៕

Post a Comment

0 Comments

Close Menu