ពោធិ៍សាត់ ៖ លោកកែវ វ័យ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តពោធិ៍សាត់បានឲ្យដឹងនៅព្រឹកនេះថា នៅដើមរដូវវស្សានេះ មន្ទីរបានអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋបានប្រមាណ៤០០០ហិកតាហើយ។ ស្រូវដែលបានសង្គ្រោះទាំងនោះ ឥឡូវបងប្អូនចាប់ផ្ដើមច្រូតកាត់បណ្តើរៗហើយដែរ។ បច្ចុប្បន្ននេះមន្ទីរបាននិងកំពុងបន្តអន្តរាគមន៍នៅទីតាំងចំនួន៣កន្លែងទៀតនៅស្រុកបាកាន ក្រុងពោធិ៍សាត់ និងស្រុកភ្នំក្រវាញ។
លោកកែវ វ័យ បញ្ជាក់ថា នៅឃុំសន្ទ្រែ ស្រុកភ្នំក្រវាញ គឺជាតំបន់មួយដែលប្រឈមនឹងការខ្វះខាតទឹកជាប្រចាំ មិនថាឆ្នាំណាជាឆ្នាំណាទេ។ ដោយមើលឃើញបញ្ហានេះនៅឆ្នាំ២០០៥ សម្តេចតេជោនាយករដ្ឋមន្ត្រី បានផ្ដល់នូវស្ថានីយបូមទឹក មួយកន្លែង។ ចាប់ពីពេលមានស្ថានីយនេះរួចមក ផ្ទៃដីបង្កបង្កើនផលស្រូវប្រមាណ១.២០០ហិកតា នៅតំបន់នេះមិនដែលខូចខាតដូចពេលមុនទេ។ នៅក្នុងឆ្នាំនេះទៀតសោត បើទោះបីជាទឹកភ្លៀងបានធ្លាក់ចុះតិចក្ដី ក៏តំបន់នោះនៅតែបង្កបង្កើនផលបានធម្មតា។ ស្ថានីយនេះកំពុងដំណើរការសង្គ្រោះស្រូវដែលនៅសល់ប្រមាណ១០០ហិកតាទៀត៕
ស្រូវប្រមាណ៤០០០ហិកតា ដែលទទួលបានការសង្គ្រោះ ប្រជាកសិករកំពុងចាប់ផ្ដើមច្រូតកាត់
 
 
0 Comments