Ad Code

សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍន៍​ទូទាំង​ប្រទេស​ជា​កម្លាំង​ចលករ

ភ្នំពេញ ៖ សមាគមនារី​កម្ពុជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍​ទូទាំង​ប្រទេស​ជា​កម្លាំង​ចលករ​ដ៏​សំខាន់​មួយ​ក្នុងការ​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​នូវ​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រី​ក្រី​របស់​ប្រជាពលរដ្ឋ​ពីព្រោះ​ស្ត្រី​មាន​តួនាទី​សំខាន់​ណាស់​សំរាប់​រួមចំណែក​អភិវឌ្ឍន៍​សង្គម​គ្រួសារ​សង្គម​

​ជាតិ​និង​ដើម្បី​បុព្វហេតុ​នារី​ព្រមទាំង​សេចក្ដី​ត្រូវ​ការ​ចាំ​បាច់​របស់​សហគមន៍​នារី​នៅ​តាម​មូលដ្ឋាន។

អត្ថន័យ​ដ៏​មាន​ខ្លឹមសារ​នេះ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី សម្ដេច​វិបុល​សេនា​ភក្ដី សាយ ជុំ ប្រធាន​ព្រឹទ្ធសភា​និង​ជា​អនុប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា ក្នុង​ឱកាស​ចូលរួម បើក​សន្និបាត​បូកសរុប​ការងារ​សមាគមនារី​ក​ម្ពុ​ជា ដើម្បី​សន្ដិភាព និង​អភិវឌ្ឍន៍ កាលពី​ថ្ងៃទី​២៥ ខែ​កក្កដា​ឆ្នាំ​២០១៥​នៅ​ទីស្នាក់ការ​កណ្ដាល​គណបក្ស​ប្រជាជន​កម្ពុជា​រាជធានី​ភ្នំពេញ។

សម្ដេច វិបុល​សេនា​ភក្ដី សាយ ជុំ បាន​បញ្ជាក់​ថា សកម្មភាព​របស់​នារី បាន​ក្លាយ​ទៅជា កម្លាំង​ចលករ​ដ៏​មាន​សក្ដានុពល ធំធេង ក្នុង​ការ​ចលនា​កៀងគរ​កម្លាំង គាំទ្រ ធនធាន ថវិកា និង​សម្ភារ​ដើម្បី​ធ្វើ​សកម្មភាព​បំរើ ផលប្រយោជន៍ លើកកម្ពស់ ស្ថានភាព​របស់​ប្រជាពលរដ្ឋ ជាពិសេស​ស្ដ្រី និង​កុមារ។ សកម្មភាព​របស់​សមាគមន៍​នារី​សុទ្ធតែ​បាន​ចូល​រួម​ចំណែក​ឆ្លើយតប​ទៅ​និង​សេចក្ដី​ត្រូវការ​ក្នុង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ ដោយ​យោង​ទៅតាម  និង​លទ្ធផល​ដែល​នារី​សម្រេច​បាន​ជានិច្ចកាល នារី​ត្រូវ​បាន​រាជរដ្ឋាភិបាល យកចិត្តទុកដាក់ និង លើកទឹកចិត្ត​។ ជាក់ស្តែង​កន្លងមក​នា​រី​បាន​ចូលរួម ក្នុង​តួនាទី ជា​អ្នកដឹកនាំ​គ្រប់​លំដាប់​ថ្នាក់ តាំងពី​ថ្នាក់​ជាតិ រហូតដល់​ថ្នាក់ក្រោម​ជាតិ។ សម្តេច​បាន​កោត​សរសើរ​ចំពោះ​កិច្ច​ខិត​ខំ​ប្រឹងប្រែង​ដែល​កន្លងមក​សមាគម​ន៍​នារី​បាន បំរើ​បុព្វហេតុ រួម​តែមួយ​គឺ​នារី​បា​ចូលរួម​យ៉ាងសកម្ម​ស្មើភាព​ដើម្បី​ការពារ​ស្ត្រី និង អភិវឌ្ឍន៍​ជាតិ។

ស្ត្រី​ជា​កម្លាំង​ជាង​ពាក់​កណ្តាល សំរាប់​ទ្រទ្រង់​ភាពរឹងមាំ និង ប្រសិទ្ធភាព​នៃ​គោលនយោបាយ​ជាតិ នៃ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​ចាំបាច់​ត្រូវតែ​ទទួល​បាន​ការគោរព​សិទ្ធ និង ផ្តល់ ឱកាស​បាន​ស័ក្តិសម ដើម្បី​មានលទ្ធភាព​ចូលរួម​ដោយ​សមធម៌  ក្នុង​គ្រប់​ដំណើរការ​អភិវឌ្ឍន៍។

លោកស្រី មាន សំអាន  ប្រធាន​គណៈ​ចលនា​ស្ដ្រី នៃ​គណៈ​ច​នា​មហាជន និង​ជា​គណៈកម្មាធិការ កណ្ដាល  បាន​បញ្ជាក់​ថា ស្ដ្រី​មាន​តួនាទី ភារៈ​កិច្ចការពារ​សិទ្ធ និង​ផលប្រយោជន៍​ស្របច្បាប់​របស់​ស្ដ្រី និង​កុមារ លើកកម្ពស់​តួនាទី នារី​នៅ​ថ្នាក់​មូលដ្ឋាន តាមរយៈ ការអប់រំ នារី ឲ្យមាន​ការ ប្រែប្រួល​ទស្សនៈ ការ​យល់​ដឹង​បង្កើន  ការ​ជឿជាក់​លើ​ខ្លួនឯង  និង​ការ​ធ្វើ​ការសម្រេច​ចិត្ដ​នានា។ ចូលរួម​លើកកម្ពស់​សុខមាលភាព​របស់​នារី និង​កុមារ  ដោយ​ផ្ដល់​ការ អប់រំ​ឧបត្ថម្ភ​គាំទ្រ ជា​ស្មារតី​ចំណេះដឹង​ជំនាញ សម្ភារៈ សមស្រប​ទៅតាម​គ្រប់​មធ្យោបាយ។

លោកស្រី​បន្ដ​ថា ចាប់តាំងពី​ថ្ងៃ ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០០៩ គណៈកម្មការ សាខាសមាគម​នារី​ទូទាំង​ប្រទេស រហូតមកដល់​បច្ចុប្បន្ន​ជា​លទ្ធផល បាន​ចលនា​នារី​ឱ្យ ចូល​ជា​សមាជិក​សកម្ម​នៅ​គ្រប់​បណ្ដាញ​អង្គភាព ស្ថាប័ន​នានា​ក្នុង​ជួរ​មន្ដ្រីរាជការ និង​បណ្ដាញ​សហគមន៍  ភូមិ   សង្កាត់   ខណ្ឌ មន្ទីរ  មាន​សមាជិក​ប្រមាណ​ជាង ១៤ ៣៨៥  នាក់  ហើយ។

លោកជំទាវ​ម៉ែន សំអន ឧបនាយក​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​ព្រឹទ្ធសភា​និង​អធិការកិច្ច​និង​ជា​ប្រធាន​សមាគមនារី​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍ​ទូទាំង​ប្រទេស​កម្ពុជា​បាន​សម្តែង​បានការ​អបអរសាទរ​ចំពោះ​ការដឹកនាំ​ដ៏​ឈ្លាសវៃ​របស់​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន​សែន​ប្រធានកិត្តិយស​សមាគម​នារី​កម្ពុជា ដើម្បី​សន្ដិភាព  និង​អភិវឌ្ឍន៍​ទូទាំង​ប្រទេស​។

ក្រោម​ធុរៈ​កិច្ច​ដឹកនាំ​ចង្អុលបង្ហាញ​ដ៏​មាន​ប្រសិទ្ធភាព​ដោយ​ការ​យក​ចិត្តទុកដាក់​លើ​ក​កម្ពស់​កិត្តិយស​ស្ត្រី​នេះ​ហើយ​ធ្វើ​ឲ្យ​ស្ត្រី​នៅ​ទូទាំង​ប្រទេស​បាន​ខិតខំ​ប្រឹងប្រែង​បំពេញ​សកម្មភាព​ប្រកបដោយ​ឆន្ទៈ គំនិត​ច្នៃប្រឌិត និង​ស្មារតី​ទទួលខុសត្រូវ​ទាំង​ការងារ​រៀបចំ​រចនា​សម្ព័ន្ធ​និង​ពង្រីក​បណ្ដុះបណ្ដាល​និង​ការ​ពង្រឹង សមត្ថភាព ២០១៥ តាម​ទិសដៅ​ដែល​បាន​គ្រោងទុក។ សកម្មភាព​នារី​បន្ត ទិសដៅ​២០១៦ គណៈ​ចលនា​នារី ត្រូវ​ជំរុញ​ការចូលរួម​របស់​នារី ទាំង​សមាជិក​ក្នុង​គ្រួសារ និង​សង្គម​ដើម្បី​សមជា​ត្បូង​ពេជ្រ​ដ៏​មាន​តំលៃ​របស់​ប្រទេសជាតិ។

លោកជំទាវ​ម៉ែន សំអន ក៏​បាន​បញ្ជាក់​បន្ថែម​ទៀត​ថា ដើម្បី​អនុវត្ដ​រាល់​ភារកិច្ច​ដែល​សមាគមនារី របស់​យើង​ទទួល​បាន​ជោគជ័យ​បន្ដ​នា​ឆ្នាំ​២០១៥​នេះ បងប្អូន​នារី​ទាំងអស់​ត្រូវ​បន្ដ​សិក្សា​ស្វែងយល់ អំពី​កម្មវិធី​នយោបាយ​របស់​គណបក្ស​ប្រជាជន​ឆ្នាំ​២០១៥ ដល់​ឆ្នាំ  ២០១៦ គាំទ្រ​ការ​អនុវត្ដ គោលនយោបាយ​ចាស់​សកម្មភាព​ថ្មី​លើ​វិស័យ​ដីធ្លី ដែល​ជួយ​ដោះស្រាយ​ទំនាស់​ដីធ្លី​ទាំងស្រុង និង​បង្កើន​ភាព​ជឿជាក់​របស់​ប្រជា​ពលរដ្ឋ ដល់​បក្ស​និង​ផែនការ​សកម្មភាព​រប​ស់ សមាគមនារី ដើម្បី​បន្ដ​ពង្រឹង​ការ​អនុវត្ដ​ច្បាប់ ស្ដីពី ការទប់ស្កាត់​អំពើ​ហិង្សា​ក្នុង​គ្រួសារ  និង​កិច្ចការពារ​ជនរងគ្រោះ និង​ច្បាប់​ស្ដីពី​ការ​បង្ក្រាប​អំពី​ជួញដូរ មនុស្ស និង​ការ​ធ្វើ​អាជីវកម្ម​លើ​ផ្លូវ​ភេទ។

ត្រូវ​បន្ដ​សហការ​ឲ្យ​ល្អ​ជាមួយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ត្រូវ​ចុះ​មូលដ្ឋាន​ឲ្យ​បាន​ជាប់ ក្តាប់​សភាពការណ៍​ឲ្យ​បាន​ទាន់​ពេលវេលា ពិសេស​ជួយ​ដោះស្រាយ​ការ​លំបាក របស់​ប្រជាពលរដ្ឋ  ជា​កត្តា​សំខាន់។

គួរ​បញ្ជាក់​ថា ដោយ​មើលឃើញ​សកម្មភាព​ដ៏​សកម្ម​ក្លៀវក្លា​របស់​សមាគមនារី​ក្នុង​ការ​ចូល​រួម​ចំណែក​អភិវឌ្ឍន៍​ប្រទេសជាតិ​និង​គោលនយោបាយ​កាត់បន្ថយ​ភាព​ក្រីក្រ​នេះ​ហើយ​ទើប​សម្ដេច​តេជោ​និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​ហ៊ុន​សែន​តែងតែ​យកចិត្តទុកដាក់​គិតគូរ​ដល់​តម្លៃ​ស្ត្រី​ទាំង​ស្មារតី​កម្លាំងកាយ​ចិត្ត​និង​ថវិកា​ជា​រៀង​រហូត​មក​។

ជាក់​ស្ដែង​នៅ​ថ្ងៃ​ប្រារព្ធ​ពិធី​នេះ​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុន​រ៉ានី​បាន​ផ្ដល់​ថវិកា​ផ្ទាល់ខ្លួន​ចំនួន​៤​លាន​រៀល​ដល់​សមាគមនារី​ដើម្បី​ជួប​ជុំគ្នា​ពិសារ​អាហារ​សាមគ្គី​៕


សមាគមនារី​កម្ពុជា​ដើម្បី​សន្ដិភាព​និង​អភិវឌ្ឍន៍​ទូទាំង​ប្រទេស​ជា​កម្លាំង​ចលករ

Post a Comment

0 Comments

Close Menu