Ad Code

ច្បាប់​គ្មាន​មនោសញ្ចេតនា ​អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ទទួលទោស​តាមច្បាប់

ក្នុង​បរិបទ​សង្គម​នា​ពេល​បច្ចុប្បន្ន ដែល​ប្រជាពលរដ្ឋ​កម្ពុជា​រស់នៅ​ក្រោម​បាវចនា​ ជាតិ សាសនា ព្រះមហាក្សត្រ និង​មាន​រដ្ឋធម្មនុញ្ញ​ជា​ច្បាប់​កំពូល​របស់​រដ្ឋ​ បាន​បើក​សិទ្ធិ​យ៉ាង​ទូលាយ​ឲ្យ​ប្រជាពលរដ្ឋ​មាន​សិទ្ធិ​រស់នៅ​ដោយ​សេរី​ ប្រកប​របរ​អាជីវកម្ម រៀនសូត្រ បម្រើ​ការងារ​ផ្សេងៗ តាម​ចំណង់​ចំណូលចិត្ត រួម​ទាំង​សិទ្ធិ​សម្រេចចិត្ត​ក្នុង​ការ​ធ្វើ​នយោបាយ និង​ការ​ចូល​សញ្ជាតិ​ជាដើម ដោយ​ឈរ​លើ​ស្មារតី​នៃ​ការអនុវត្ត​លទ្ធិប្រជាធិបតេយ្យ​ជាធំ។

ស្ថិត​ក្នុង​ស្ថានភាព​ជាក់ស្ដែង​បែបនេះ ​គេ​ឃើញ​ទាំង​ប្រជាពលរដ្ឋ​ មន្ត្រីរាជការ ​អ្នក​ធ្វើ​នយោបាយ​តាម​បណ្ដា​គណបក្ស​នយោបាយ​ផ្សេងៗ សស្រាក់សស្រាំ​ក្នុង​ការ​ចូល​សញ្ជាតិ​បរទេស មិន​ថា​ជាតិ​សាសន៍​ណា​ទេ ​ឲ្យ​តែ​ខ្លួន​អាច​ចូល​បាន​ ដើម្បី​បាន​ទទួល​នូវ​ភាព​ងាយស្រួល​ទាំង​ក្នុង​ការ​ធ្វើដំណើរ​ចេញ​ចូល​ទៅ​ក្រៅ​ប្រទេស​ផង​ ទាំង​ក្នុង​ការ​ទំនាក់ទំនង​ក្នុង​មុខរបរ​រក​ស៊ី​ផង។ ជាពិសេស​គឺ​អ្នក​ដែល​បម្រើការ​នៅ​ក្នុង​គណបក្ស​នយោបាយ​រឹតតែ​មាន​ចំណូលចិត្ត​ក្នុង​ការ​ចូលសញ្ជាតិ​បរទេស​ជាង​ពលរដ្ឋ​ធម្មតា​ទៅទៀត ​ដើម្បី​ពួកគេ​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ទំនាក់ទំនង​ជាមួយ​សាមី​ប្រទេស​ទាំងនោះ ក៏ដូចជា​ការ​ចាកចេញ​ទៅ​ភ្លាមៗ ពេល​ពួកគេ​មាន​បញ្ហា​នៅក្នុង​ប្រទេស​កំណើត​ជាដើម។

ជាក់ស្ដែង​នៅ​ក្នុង​បរិបទ​សង្គម​របស់​យើង​នា​ពេល​បច្ចុប្បន្ន​ ដែល​មាន​ការវិវត្ត​ថ្មីៗ គេ​កត់​សម្គាល់​ឃើញ​អស់លោក​មន្ត្រី​ ដែល​បម្រើ​ការ​ឲ្យ​បក្ស​នយោបាយ​ ដែល​គាត់​មាន​សញ្ជាតិ​ពីរ​ មិន​ថា​មន្ត្រី​តូច ឬ ក៏​មេ​បក្ស​ទេ ឲ្យ​តែ​គាត់​មាន​បញ្ហា ឬ​ប្រព្រឹត្ត​បទល្មើស​នៅក្នុង​ប្រទេស​កំណើត​របស់​គាត់ ពួកគាត់​តែងតែ​នាំគ្នា​ចាកចេញ​ទៅ​បណ្ដា​ប្រទេស​ដែល​ពួកគាត់​បាន​ចូលសញ្ជាតិ​នោះ​ធ្វើ​ព្រងើយ ដោយ​មិន​គិត​ខ្វល់​ពី​ការរិះគន់​របស់​មហាជន​អ្វី​ឡើយ។

ទង្វើ​របស់​អ្នកនយោបាយ​សញ្ជាតិ​ពីរ​ដែល​គ្មាន​ការទទួលខុសត្រូវ​ដូច្នេះ ទោះបី​ត្រូវ​រត់​ហួស​ធ្លាក់​ជើងមេឃ​ក៏​គេច​មិន​ផុត​ពី​រង្វង់​ច្បាប់​ ដែល​បាន​ផ្ដន្ទា​ និង​កំណត់​ទោស​ទណ្ឌ​ទៅតាម​ការ​​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ ដែល​បុគ្គល​បាន​ប្រព្រឹត្ត​នោះ​ឡើយ។

ពាក់ព័ន្ធ​និង​ករណី​អ្នកនយោបាយ​សញ្ជាតិ​ពីរ សញ្ជាតិ​មួយ​ប្រព្រឹត្ត​ព្រហ្មទណ្ឌ​នេះ លោក​មេធា​ចី លឹម វណ្ណា សមាជិក​ក្រុមប្រឹក្សា​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​មេធាវី​នៃ​ការិយាល័យ​មេធាវី វណ្ណា និង​សហ​ភាតា បាន​ផ្ដល់​នូវ​បទ​សម្ភាស​ និង​បទពិសោធន៍​ក្នុង​ការ​អនុវត្ត​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​កន្លង​មក។

លោក​មេធាវី​លឹម វណ្ណា​បាន​គូសបញ្ជាក់​ថា “​ច្បាប់​គឺ​ច្បាប់​”​ច្បាប់​គ្មាន​មនោសញ្ចេតនា​ទេ ! ការអនុវត្ត​ច្បាប់​ស្មើ​​ភាព​គ្នា ដោយ​មិន​គិត​ពី​ពណ៌​សម្បុរ វណ្ណៈ រាស្ត្រ មន្ត្រី ឬ​អ្នកនយោបាយ​ឡើយ ។ ច្បាប់​បាន​កំណត់​ឲ្យ​ផ្ដន្ទាទោស​បុគ្គល​ទាំង​ឡាយណា​ ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​នៅ​ក្នុង​ដែន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បើ​ទោះ​បី​បុគ្គល​នោះ​មាន​សញ្ជាតិ​ជា​អ្វី​ក៏ដោយ។

លោក​មេធាវី​បាន​លើក​ជា​ទឡ្ហីករណ៍​ថា ជាក់ស្ដែង​លោក​សម រង្សី គាត់​មាន​សញ្ជាតិ​ពីរ ហើយ​នៅ​ក្នុង​បណ្ដា​ឆ្នាំ​កន្លងទៅ គាត់​បាន​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ពាក់ព័ន្ធ​នឹង​បញ្ហា​ព្រំដែន​ភាគ​ខាងកើត បណ្ដាល​ឲ្យ​តុលាការ​ផ្ដន្ទាទោស​គាត់​តាម​ក្រម​ព្រហ្មទណ្ឌ ខណៈ​ដែល​លោក​សម រង្សី​ស្ថិតនៅ​ក្រៅប្រទេស។

មេធាវី​របស់​គាត់​បាន​ប្ដឹង​ឧទ្ធរណ៍នៅ​តុលាការ​កំពូល​ជា​បន្តបន្ទាប់ រហូត​សាលដីកា​ចូល​ជា​ស្ថាពរ មានការ​អនុវត្ត​លុប​ឈ្មោះ​លោក​សម រង្សី​ចេញពី​បញ្ជី​គណៈ​មេធាវី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ទៀតផង។ លុះ​ក្រោយមក​ដោយមាន​ការលើក​លែង​ទោស​ពី​ពះ​មហាក្សត្រ ទើប​លោក​សម រង្សី​អាច​ចូលមក​ធ្វើ​នយោបាយ​ក្នុងប្រទេស​កម្ពុជា​វិញ​បាន។

នេះ​មានន័យថា​ច្បាប់​មិនបាន​អត់ឱន​ឲ្យ​បុគ្គល​ដែល​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ឡើយ។

លោក​មេធាវី លឹម វណ្ណា បាន​លើក​ឡើង​នូវ​រឿង​ជាក់ស្ដែង​មួយ​ទៀត​ថា លោក​ឧកញ៉ា​ខូវ ផល្លា​បុត្រ គឺជា​កូនក្ដី​របស់​លោក​នៅ​ក្នុង​សំណុំរឿង​ព្រហ្មទណ្ឌ ​ដែល​ប្ដឹង​ដោយ​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួងពាណិជ្ជកម្ម។ គ្រប់​ដំណើរ​នៃ​នីតិវិធី​របស់​តុលាការ​នាពេល​កន្លងមក​ពាក់ព័ន្ធ​ក្នុង​សំណុំរឿង​លោក​ឧកញ៉ា ខូវ ផល្លា​បុត្រ សុទ្ធ​តែ​មាន​មន្ត្រី​ស្ថានទូត​បារាំង​ប្រចាំ​ប្រទេស​កម្ពុជា​ចូលរួម​សង្កេត​ការ​ជានិច្ច តែ​ការ​ឃ្លាំមើល​នោះ​មិន​ប៉ះពាល់​ដល់​នីតិវិធី​តុលាការ​ឡើយ។ ពោល​គឺ​គេ​ពិនិត្យមើល​ដើម្បី​ស្វែងយល់​ថា​តើ​ការអនុវត្ត​ច្បាប់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​យើង​មានការ​រំលោភ​សិទ្ធិពល​រដ្ឋ​របស់​គេ​ដែរ​ឬ​អត់?! ប៉ុន្តែ​ដំណើរការ​រឿងក្ដី​ព្រហ្មទណ្ឌ​នៅតែ​អនុវត្ត។

ចំណែក​លោក ឃឹម ប៊ុណ្ណា​ក់ អ្នក​យក​ព័ត៌មាន​កាសែត​កោះសន្តិភាព​បានបង្ហាញ​ទស្សនៈ​ថា រឿង​រាស្ត្រ​ ឬ​មន្ត្រី ឬ អ្នកនយោបាយ​មាន​សញ្ជាតិ​ពីរ​ជា​រឿង​ធម្មតា​ទេ​ក្នុងពេល​បច្ចុប្បន្ននេះ ប៉ុន្តែ​រឿង​សំខាន់​កុំ​ឲ្យ​អ្នកមាន​សញ្ជាតិ​ពីរ​នោះ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​តែប៉ុណ្ណោះ ព្រោះ​បើ​មាន​បទល្មើស​ព្រហ្មទណ្ឌ​គេ​ត្រូវតែ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ដោយ​មិន​មាន​ការលើកលែង​ឡើយ ហើយ​កុំ​អាង​មាន​សញ្ជាតិ​ពីរ​គិតតែ​ចង់​រត់​ចោល​ស្រុក​កំណើត​ខ្វះ​ស្មារតី​ទទួលខុសត្រូវ​ក្នុងនាម​ជា​អ្នកដឹកនាំ។

លោក​ឃឹម ប៊ុណ្ណា​ក់ បាន​លើក​ឧទាហរណ៍​ថាៈ លោក មា​ជ សុ​វណ្ណា​រ៉ា​ គាត់​ជា​ថ្នាក់ដឹកនាំ​ម្នាក់​ក្នុង​គណបក្ស​សង្គ្រោះ​ជាតិ គាត់​មាន​សញ្ជាតិ​ពីរ​ដែរ គឺ​សញ្ជាតិ​អាមេរិកាំង ហើយ​គាត់​មក​ធ្វើ​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា ដោយ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ ទាក់ទង​នឹង​ការដឹកនាំ​កុប្បកម្ម។ ដូច្នេះ​តុលាការ​កម្ពុជា​បាន​ផ្ដន្ទាទោស​គាត់​ដាក់​ពន្ធនាគារ​តាម​អំពើ​ល្មើស​របស់​គាត់​ ដែល​បាន​ប្រព្រឹត្ត។

ដូច្នេះ​សរុប​សេចក្ដី​មក​មិន​ថា​រាស្ត្រ មន្ត្រី អ្នកនយោបាយ​ណា​ទេ​ ដែល​មាន​សញ្ជាតិ​ពីរ​ហើយ​ប្រព្រឹត្ត​បទល្មើស​ព្រហ្មទណ្ឌ​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវតែ​ទទួល​ទោសទណ្ឌ​តាមច្បាប់​ដោយ​គ្មាន​ការលើកលែង​ឡើយ៕


ច្បាប់​គ្មាន​មនោសញ្ចេតនា ​អ្នក​ប្រព្រឹត្ត​បទល្មើស​ត្រូវ​ទទួលទោស​តាមច្បាប់

Post a Comment

0 Comments

Close Menu