សំរាមជាច្រើនត្រូវបានធ្វើការស្រង់ចេញពីក្នុងទឹកបឹង ក៏ដូចជានៅតាមដីជុំវិញបឹងព្រែកទប់ហើយធ្វើការវេចខ្ចប់ដាក់នៅក្នុងថង់ខ្មៅយ៉ាងត្រឹមត្រូវលើកដាក់លើរថយន្តរបស់ក្រុមហ៊ុនស៊ិនទ្រីដែលជាក្រុមហ៊ុនប្រមូលសំរាមផ្តាច់មុខក្នុងខេត្តព្រះសីហនុ ដើម្បីនាំយកទៅចាក់ចោលនៅទីលានចាក់សំរាមនៅឯស្រុកព្រែនប់។
ជាមួយនឹងការប្រមូលសំរាមដ៏ច្រើនសន្ធឹកសន្ធាប់ខាងលើនេះ លោក មុត សុធារិទ្ធ ប្រធានមន្ត្រីបរិស្ថានខេត្តព្រះសីហនុបានធ្វើការអំពាវនាវទៅដល់បងប្អូនប្រជាពលរដ្ឋដែលរស់នៅក្បែរៗតំបន់បឹងព្រែកទប់ទាំងអស់ ឲ្យរួមគ្នាចូលរួមសំអាតបរិស្ថានបឹងព្រែកទប់ និងឈប់ចោលសំរាមទៅក្នុងបឹង និងនៅជុំវិញបឹងព្រែកទប់តទៅទៀត ព្រោះថា ទឹកបឹងព្រែកទប់នេះមានសារៈសំខាន់ណាស់ សម្រាប់ផ្ដល់ការប្រើប្រាស់ទឹកដល់មនុស្សម្នាទូទាំងក្រុងព្រះសីហនុ។
លោកប្រធានមន្ទីរបរិស្ថាន ក្រៅពីធ្វើការអំពាវនាវ ក៏បានមានប្រសាសន៍សង្កត់ធ្ងន់ផងដែរថាលោកនឹងមានវិធានការតាមផ្លូវច្បាប់ មិនមានការយោគយល់នោះឡើយចំពោះជនណាដែលមានបំណងនៅតែព្យាយាមយកសំរាមចាក់ចោលក្នុងបឹងព្រែកទប់ បង្កឲ្យមានការបំពុលបរិស្ថានក្នុងទឹកបឹង និងសោភណភាពបឹង។
ដោយឡែក សម្រាប់លោក ប្រាក់ ប្រាកដ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តព្រះសីហនុ បានធ្វើការប្រកាសជាសាធរណៈថា លោកនឹងផ្ដល់ប្រាក់រង្វាន់ចំនួន១០០ដុល្លារសហរដ្ឋអាមេរិកទៅបងប្អូនប្រជាពលរដ្ឋណាដែលបានចាប់ និងបានឃើញជនខិលខូចដែលយកសំរាមទៅបោះចោលក្នុងទឹកបឹងព្រែកទប់ ឬនៅលើដីជុំវិញបរិវេណបឹង។ ដោយលោកបានធ្វើការបញ្ជាក់ថាលោកនឹងមិនលើកលែងដល់ជនខិលខូចទាំងនោះទេ គឺលោកនឹងកសាងសំណុំរឿងបញ្ជូនខ្លួនទៅ តុលាការ អនុវត្តន៍តាមផ្លូវច្បាប់ ដើម្បីជាការព្រមានទៅដល់ជនខិលខូចដទៃទៀត៕
ប្រធានមន្ទីរបរិស្ថានខេត្ត អំពាវនាវឲ្យមានការចូលរួមការពារបរិស្ថានបឹងព្រែកទប់
0 Comments