ជួបជាមួយកម្ពុជាថ្មីតាមទូរស័ព្ទនៅព្រឹកថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៥នេះ តារាចម្រៀងរបស់ផលិតកម្ម Diamond Music កញ្ញា វ៉ាង ឌីភាលីង បាននិយាយទាំងអារម្មណ៍រំភើបថា ចាស បង ! ខ្ញុំពិតជាបានឈ្នះរង្វាន់ទឹកប្រាក់ចំនួនជាង៤០លានរៀលមែន កាលពីសប្ដាហ៍មុខ ព្រោះខ្ញុំបានចូលលេងក្នុងកម្មវិធីទឹកផ្លែឈើFESHY WINNER ផ្សាយនៅលើកញ្ចក់ទូរទស្សន៍MY TV។
តារាចម្រៀងសាច់ខ្ចីកញ្ញា វ៉ាង ឌីភាលីង បាននិយាយទៀតថា កាលពីថ្ងៃទី២៦ ខែកក្កដានេះខ្ញុំបានចូលលេងនៅក្នុងកម្មវិធីនេះហើយនៅពេលបើកឃើញរង្វាន់នេះភ្លាម មានអារម្មណ៍សប្បាយ និងរំភើបខ្លាំងណាស់ ព្រោះដំបូងឡើយ គិតថាខ្លួនខ្ញុំហ្នឹងប្រហែលជាមិនអាចមានវាសនាឈ្នះរង្វាន់ធំនោះទេ ដោយសារខ្ញុំគ្រាន់តែទៅលេងធម្មតា។ ប៉ុន្តែហាក់ដូចជាចៃដន្យពេក ដែលបានត្រូវរង្វាន់ធំនេះតែម្ដង(សើច)……។
កញ្ញា វ៉ាង ឌីភាលីង បាននិយាយទាំងសំណើចទៀតថា នៅពេលដឹងថាខ្លួនឈ្នះ៤០,៤១០,០០០រៀល សឹងតែមិនជឿ អារម្មណ៍ពេលនោះពុះកញ្ជ្រោលស្ទើរហោះទៅហើយ សូម្បីតែទឹកផ្លែ ឈើដែលអ្នករៀបចំកម្មវិធីគាត់ទុកសម្រាប់ឲ្យញ៉ាំ ភ្លេចមិនទាំងបានគាស់ញ៉ាំផង និយាយទៅ គឺសប្បាយខ្លាំងពេក៕
វ៉ាង ឌីភាលីង រំភើបខ្លាំងពេលឈ្នះរង្វាន់ជាង៤០លានរៀល

0 Comments