Ad Code

នាយ​ឧត្ដមសេនីយ៍​សុខ ផល​សំណេះសំណាល ​និង​ចែក​អំណោយ​ដល់​កម្លាំង​នគរបាល

ប៉ៃលិន​ ៖ ​ក្នុង​ការ​អញ្ជើញ​ជួប​សំណេះសំណាល​ និង​ចែក​អំណោយ​ដល់​កម្លាំង​នគរបាល​អន្តោ ប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ ភូមិ​ផ្សា​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ​ខេត្ត​ប៉ៃលិន​នា​ថ្ងៃ​ទី​២​សីហា​ ឆ្នាំ​២០១៥​នេះ​ លោក​នាយ​ឧត្ដមសេនីយ៍​សុខ ផល ​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​មានប្រសាសន៍​ណែនាំ​ និង​ជំរុញ​ដល់​កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​គ្រប់គ្រង​ជនអន្តោប្រវេសន៍​ដែល​ចេញចូល​និង​ស្នាក់នៅ​ប្រទេស​កម្ពុជា​យើង​ឲ្យ​ម៉ត់ចត់។

លោក​បន្ត​ថា ​ថ្នាក់ដឹកនាំ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅតាម​ប៉ុស្តិ៍​អន្តរជាតិ​ត្រូវ​យល់​ឲ្យ​បាន​ច្បាស់​នូវ​តួនាទី​ភារកិច្ច​របស់​ខ្លួន​​​​ ដោយ​យកចិត្តទុកដាក់​ត្រួតពិនិត្យ​ជនបរទេស​ចេញចូល​ឲ្យ​មាន​ច្បាប់​ត្រឹមត្រូវ ខិតខំ​ដោះស្រាយ​រាល់​សកម្មភាព​អសកម្ម​នានា ហើយ​មន្ត្រី​ទាំងអស់​ពេល​បម្រើ​ការងារ​កុំ​ធ្វើ​អ្វី​ដែល​នាំ​ឲ្យ​បះ​ពាល់​ដល់​ប្រជាពលរដ្ឋ​ក៏​ភ្ញៀវ​ជាតិ អន្តរជាតិ ត្រូវ​ប្រកាន់​អាកប្បកិរិយា​ទន់ភ្លន់​រាបសា​ទឹកមុខ​ញញឹម​ជានិច្ច។ តែបើ​ជនបរទេស​ណា​ចូល​ប្រទេស​ខុសច្បាប់ ដូច​ជា​ការ​ស្នាក់នៅ​ខុសច្បាប់ ​ឬ​ឯកសារ​ហួសពេល​កំណត់ ត្រូវ​បញ្ជូន​ទៅ​ប្រទេស​ដើម​វិញ​ស្របតាម​ច្បាប់​អន្តោប្រវេសន៍​របស់​ប្រទេស​កម្ពុជា។ ទន្ទឹម​នេះ​ថ្នាក់ដឹកនាំ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​នៅ​តាម​ប៉ុស្តិ៍​អន្តរជាតិ​ត្រូវ​មាន​កិច្ចសហការ​ល្អជា​មួយ​សមត្ថកិច្ច​ពាក់ព័ន្ធ​នានា​ដើម្បី​បំពេញ​ភារកិច្ច​ទទួលជោគជ័យ ជាពិសេស​ត្រូវ​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ភាគី​ថៃ​ឲ្យ​ល្អ​ដើម្បី​សម្រួល​ដល់​ការ​ធ្វើដំណើ​របស់​ភ្ញៀវ​ជាតិ អន្តរជាតិ​បាន​ប្រសើរ​ឡើង។

ក្នុងឱកាស​នោះដែរ​លោក​នាយ​ឧត្ដមសេនីយ៍​ សុខ ផល ក៏បាន​ចែក​អំណោយ​ដល់​កងកម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​រួមមាន​អង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ មី ប៊ីចេង អំបិល ខ្ទឹមស ទឹក​សុទ្ធ និង​ថវិកា​ចំនួន ២០​លាន​រៀល។

សូម​បញ្ជាក់​ថា ​កម្លាំង​នគរបាល​អន្តោប្រវេសន៍​ប្រចាំ​ច្រក​អន្តរជាតិ​ព្រំ​មាន​ចំនួន​៣៤​នាក់​ហើយ​បច្ចុប្បន្ន​នេះ​មិនទាន់មាន​កន្លែង​ស្នាក់​នៅទេ ដូច្នេះ លោក​នាយ​ឧ​ត្ត​ម​សេនីយ៍ សុខ ផល ក៏បានផ្តល់​ដី និង​សាងសង់​អាគារ​ស្នាក់​នៅពេល​ឆាប់ៗ​ខាងមុខនេះ៕​


នាយ​ឧត្ដមសេនីយ៍​សុខ ផល​សំណេះសំណាល ​និង​ចែក​អំណោយ​ដល់​កម្លាំង​នគរបាល

Post a Comment

0 Comments

Close Menu