លោកបានលើកឡើងបន្ថែមទៀតថា ដោយមើលឃើញពីកំណើននៃវិវាទដីធ្លីនៅខេត្តបន្ទាយមានជ័យ បានក្លាយទៅជាជំងឺមហារីក ពិបាកក្នុងការព្យាបាល និងដោះស្រាយនោះ គប្បីអាជ្ញាធរខេត្តរាប់ការសម្របសម្រួលដោះស្រាយវិវាទដីធ្លីដែលស្ថិតក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ខ្លួន រដ្ឋបាលខេត្តត្រូវតែផ្អែកលើគោលការណ៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន ព្រមទាំងខិតខំទប់ស្កាត់ បញ្ចៀសឲ្យបាននូវអំពើហិង្សាតាមគ្រប់រូបភាព ហើយក៏មិនត្រូវចុះហត្ថលេខា និងប្រថាប់ត្រាទទួលស្គាល់លើឯកសារពាក់ព័ន្ធណាមួយនឹងដីធ្លី ដែលពុំមានសាវតារច្បាស់លាស់ និងមិនមានអំណះអំណាងខាងផ្លូវច្បាប់គ្រប់គ្រាន់ នាំឲ្យមានទំនាស់នេះកាន់តែច្រើនឡើង។
ទាក់ទងនឹងបញ្ហាជម្លោះដីធ្លីនេះដែរ បើយោងតាមរបាយការណ៍របស់គណៈកម្មការដោះ ស្រាយវិវាទដីធ្លីថ្នាក់ខេត្តបានឲ្យដឹងថា មកទល់ពេលនេះ ទំនាស់ដីធ្លីក្នុងខេត្តដែលកំពុងកើតមាននិងកំពុងដោះស្រាយមានចំនួនជាង២០០ករណី។
ក្រៅពីបញ្ហាខាងលើនេះ លោកក៏បានផ្ដាំផ្ញើផងដែរដល់អាជ្ញាធរខេត្ត ត្រូវយកចិត្តទុកដាក់ក្នុងការផ្ដល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋ អាជីវករ និងអ្នកពាក់ព័ន្ធឲ្យបានឆាប់រហ័ស មានតម្លាភាព គុណភាព ប្រសិទ្ធភាព ពិសេសបង្កភាពងាយស្រួល ស្របតាមគោលការណ៍យន្តការបែបបទនីតិវិធីដែលបានកំណត់។ ជៀសវាងការយកកម្រៃសេវាក្រៅផ្លូវការ ឬលើសពីការកំណត់តាមគ្រប់រូបភាព ត្រូវទប់ស្កាត់មិនឲ្យមានខ្សែសង្វាក់រដ្ឋបាលតាមបែបការិយាធិបតេយ្យ ក្នុងការផ្ដល់សេវាជូនប្រជាពលរដ្ឋនោះឡើយ។ ថ្នាក់រដ្ឋបាល ត្រូវតែបិទផ្សាយជាសាធារណៈនូវតារាងតម្លៃសេវា និងរយៈពេលនៃការផ្ដល់សេវានៅតាមក្ដារខៀនរបស់សាលាខេត្ត/ក្រុង ស្រុក/ឃុំ/សង្កាត់ មន្ទីរអង្គភាព ការិយាល័យជំនាញ ដើម្បីឲ្យប្រជាពលរដ្ឋបានជ្រាបជាព័ត៌មាន និងលើកកម្ពស់នូវតម្លាភាព៕
អាជ្ញាធរ ត្រូវដោះស្រាយជម្លោះដីធ្លី និងផ្ដល់សេវាសាធារណៈជូនពលរដ្ឋឲ្យបានទាន់ពេល
0 Comments