សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកក្កដា កម្ពុជាថ្មីបានសរសេរចុះផ្សាយអត្ថបទមួយនេះដោយយោងតាមមតិរិះគន់របស់អ្នកនិយមលេងបណ្ដាញសង្គមហ្វេសប៊ុក និងបានលើកឡើងថា កន្លងទៅមិនត្រូវបាននរណាម្នាក់ដឹងទេថា តារាចម្រៀងកញ្ញា សុខ ពិសី មិនធ្លាប់មានបំណងចេញទៅកែសម្ផស្សនៅក្រៅប្រទេសទេ តែភាពភ្ញាក់ផ្អើលក៏បានផ្ទុះឡើងភ្លាមៗស្របពេលដែលតារាស្រីរូបនេះបែកធ្លាយនូវរូបថតជាច្រើន ដែលមើលទៅលើទម្រង់មុខរបស់នាងហាក់ដូចជាបានកែសម្ផស្ស។ ក្នុងនោះក៏មានសំឡេងរិះគន់ និងសរសើរផងដែរ។
យ៉ាងណាមិញ ក្រោយពីមានការចុះផ្សាយអត្ថបទព័ត៌មាននេះមិនទាន់បានមួយថ្ងៃស្រួលបួលផង ក៏ស្រាប់តែលេចវត្តមានម្ដាយមីងរបស់តារាចម្រៀងស្រីជួរមុខប្រចាំផលិតកម្មសាន់ដែរ កញ្ញា សុខ ពិសី ចេញមុខបំភ្លឺ និងបកស្រាយជុំវិញរឿងរ៉ាវខាងលើនេះថា មិនពិតដូចគេនិយាយនោះឡើយ ពោលគឺសម្រស់ស្អាតនេះកើតឡើងដោយសារការយកចិត្តទុកដាក់ថែសម្ផស្សដោយខ្លួននាងផ្ទាល់។
ប្រាប់កម្ពុជាថ្មីតាមទូរស័ព្ទនៅរសៀលថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៥នេះ ម្ដាយមីងរបស់តារាចម្រៀងកំពុងស្ថិតក្នុងបេះដូងយុវវ័យ កញ្ញា សុខ ពិសី បាននិយាយថា ចំពោះរឿងដែលគេរិះគន់មកលើក្មួយរបស់ខ្ញុំ សុខ ពិសី ថាបានវះកាត់កែសម្ផស្សដូរទម្រង់មុខស្ទើរមើលលែងស្គាល់នោះ គឺខ្ញុំ និងសាមីខ្លួននាងផ្ទាល់មិនអាចទទួលយកបានទេ។
អ្នកស្រីដែលត្រូវជាម្ដាយមីងកញ្ញា សុខ ពិសី បាននិយាយទៀតថា ចាស អូន! មិនមែនសម្រស់ធម្មជាតិទាំងស្រុងទេ គឺត្រូវការមានវីតាមីន និងឡេសម្រាប់ម៉ាស្សាឲ្យស្រឡូន ចំណុចនេះខ្ញុំទទួលស្គាល់មែន….។ គាត់ព្យាយាមខ្លាំងណាស់ក្មួយខ្ញុំ ពិសី អត់ដូចមនុស្សដទៃទៀតទេ ព្រោះគាត់មិនមែនម៉ាស្សាម្ដងគាត់ឈប់ទេ គឺគាត់នៅអង្គុយម៉ាស្សារហូតមួយថ្ងៃពេញ។ ប៉ុន្តែបែរជាឃើញក្មួយខ្ញុំម៉ាស្សាស្អាត ស្រស់ប្លែកជាងពីមុន ទៅជាខុសចិត្តមនុស្សចាំតែរិះគន់មួយចំនួនតូចទៅវិញ ឬអាចនិយាយបានថាមនុស្សដែលតាមច្រណែនឈ្នានីសមានគំនិតមិនចូលចិត្តគាត់។
អ្នកស្រីបាននិយាយដោយអះអាងទៀតថា តាមរយៈសារព័ត៌មានកម្ពុជាថ្មី ខ្ញុំសូមធ្វើការច្រានចោលនូវព័ត៌មាន និងការរិះគន់មួយចំនួនជុំវិញរឿងដែលថា ក្មួយខ្ញុំ សុខ ពិសី បានវះកាត់កែសម្ផស្សគឺអត់មាននោះទេ។ ភាពស្រស់ស្អាតនេះកើតឡើងមកពីការព្យាយាមថែរក្សាសម្រស់ដោយវិធីសាស្ត្រម៉ាស្សាលាបឡេ និងប្រើវីតាមីនជំនួយជាដើម…….៕
ម្ដាយមីង សុខ ពិសី ចេញមកបំភ្លឺរឿងគេរិះគន់វះកាត់កែសម្ផស្ស
0 Comments