Ad Code

​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​នៅ​ក្រុង​ប៉ោយប៉ែត​

បន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ធ្វើការ​ឃាត់ខ្លួន​បន្ទាប់​ពី​បាន​ឆក់​ទូរស័ព្ទ​ដៃ​ពី​ស្ត្រី​ជា​ជាតិ​ថៃ​ម្នាក់​មិនបាន​សម្រេច ខណៈ​ពេល​នាំ​ស្ត្រី​នោះ​ឆ្លងដែន​ខុសច្បាប់​ចេញពី​កម្ពុជា។​ ការ​ឃាត់​ខ្លួន​នេះ​ធ្វើឡើង​កាលពី​វេលា​ម៉ោង​១៧​និង​២០​នាទី នា​រសៀល​ថ្ងៃ​ទី​១៩ ខែ​សីហា នេះ​នៅ​ចំណុច​មាត់ច្រក​អន្តរជាតិ​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។​


តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​បាន​ឆក់​ទូរស័ព្ទ​ដៃ​ពី​ជនបរទេស គឺជា​អ្នក​នាំ​មនុស្ស​ឆ្លងដែន​តាម​ច្រក​របៀង​ដោយ​ខុសច្បាប់។ ហើយ​ស្ត្រី​ដែល​ត្រូវ​យុវជន​ឆក់​នោះ​គេ​ជា​ស្ត្រី​ជនជាតិ​ថៃ ​រស់នៅ​សមុទ្រ​បាកាន​ ប្រទេស​ថៃ បាន​ឆ្លងដែន​មក​កម្ពុជា​តាម​ច្រក​របៀង​ខុសច្បាប់​ ដែល​មាន​ជន​ដៃដល់​ជា​អ្នក​នាំ​ផ្លូវ។


ប្រភព​បន្ត​ថា ​ស្ត្រី​រូប​នោះ​បាន​ឆ្លងដែន​មកលេង​កាស៊ីណូ​តាំងពី​ថ្ងៃ​ លុះ​ត្រៀម​ត្រឡប់​ទៅវិញ​ ក៏​ពឹង​ជន​ដៃដល់​ឲ្យ​ជូន​ តែ​ក៏​ត្រូវ​ជន​ដៃដល់​ឆក់​យក​ទូរស័ព្ទ​រត់​តែម្ដង តែ​ត្រូវ​ក្រុម​អ្នក​រត់​ម៉ូតូឌុប ​និង​អ្នកដំណើរ​ជួយ​ចាប់​ជាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច។​


លោក អ៊ំ សុផល អធិការ ​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង​ថា​ ជនសង្ស័យ​ខាងលើ​មានឈ្មោះ ជួន សាវឿន អាយុ​៣០​ឆ្នាំ ​បាន​ឆក់​ទូរស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ហ្វា​យ​អេស​(iphone5s)​ពណ៌.​ស​ ពី​ស្ត្រី​ថៃ​ឈ្មោះ និ​ត ចា​ផា អាយុ​៣៣​ឆ្នាំ។​ ក្រោយ​ឃាត់ខ្លួន ​ដកហូត​វត្ថុតាង​ទូរស័ព្ទ​ដៃ ប្រគល់​ឲ្យ​ស្ត្រី​នោះ​វិញ​ភ្លាមៗ​នៅ​កន្លែង​កើតហេតុ ឯ​ជនសង្ស័យ​នាំ​ខ្លួន​មក​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ច្បាប់។​


ដោយឡែក ចំពោះ​ជនជាតិ​ថៃ​ដែល​បាន​ឆ្លងដែន​ខុសច្បាប់​មក​កម្ពុជា មិន​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​សួរនាំ ​ឬ​ចាប់​បញ្ជូន​ទៅ​ស្រុក​វិញ​នោះ​ទេ គឺ​ត្រឡប់​ទៅវិញ​ដោយ​ខ្លួនឯង៕
Pisey-2015-08-20-full-Z


Pisey-2015-08-20-full-Z1



​ឃាត់ខ្លួន​ជនសង្ស័យ​ឆក់​ទូរស័ព្ទ​ដៃ​ជនបរទេស​នៅ​ក្រុង​ប៉ោយប៉ែត​

Post a Comment

0 Comments

Close Menu