ភ្នំពេញ ៖ មូលនិធិកេរដំណែលខ្មែរ និងក្រុមហ៊ុនហូមមេឌា ដែលមានការគាំទ្រពីក្រសួងព័ត៌មាន នឹងសហការគ្នាបង្កើតឲ្យមានទស្សនីយភាពសិល្បៈល្ខោននិយាយ និងផលិតវីដេអូឯកសារ ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ និងបង្ហាញសារអប់រំច្បាប់ចរាចរផ្លូវគោកថ្មីដល់ប្រជាពលរដ្ឋ។
ក្នុងជំនួបពិភាក្សាត្រីភាគីរវាងមូលនិធិកេរដំណែលខ្មែរ ក្រុមហ៊ុន ហូមមេឌា ជាមួយលោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន កាលពីថ្ងៃទី៤ សីហា ឆ្នាំ២០១៥ នៅទីស្តីការក្រសួងព័ត៌មានលោក ចិន្ត ច័ន្ទរតនា ប្រធានក្រុមស្ថាបនិក នៃមូលនិធិកេរដំណែលខ្មែរបានលើកឡើងថា ការបង្កើតទស្សនីយភាពសិល្បៈល្ខោននិយាយ គឺជាការំលឹកឡើងវិញពីសិល្បៈវប្បធម៌ខ្មែរ ផ្នែកល្ខោននិយាយដែលបាត់បង់ឲ្យមានជីវិតរស់ឡើងវិញ។
លោកបន្តថា តាមរយៈផ្ទាំងទស្សនីយភាពល្ខោននិយាយនេះ សិល្បករ នឹងស្រាយនូវចម្ងល់ទាំងឡាយដែលមានចែងនៅក្នុងច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដើម្បីឲ្យប្រជាពលរដ្ឋបានយល់ដឹងកាន់តែច្បាស់អំពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ដែលជាការរួមគ្នាកាត់បន្ថយ អត្រាគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ដ៏គួរឲ្យព្រួយបារម្ភ។
លោក សាម៉ន បណ្ឌិត្យ ប្រធានក្រុមហ៊ុន ហូមមេឌា បានលើកឡើងដែរថា ការផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោកថ្មី ធ្វើដោយផ្ទាល់តែម្តងអាចនឹងធ្វើឲ្យពួកគាត់មានការពិបាកនឹងយល់ ឬមិនយល់តែម្តង ព្រោះចំណេះដឹងរបស់ប្រជាពលរដ្ឋនៅមានកម្រិត។ ប៉ុន្តែបើយើងបញ្ជ្រាបច្បាប់ចរាចរណ៍ទៅក្នុងទម្រង់សិល្បៈល្ខោននិយាយ ឬ តាមរយៈខ្សែភាពយន្តឯកសារនានា វាអាចនឹងងាយយល់ជាង យើងអប់រំពួកគាត់ដោយផ្ទាល់ ព្រោះការសម្តែងល្ខោននិយាយ នឹងបង្កប់នូវចំណេះដឹងផង និង ការកំសាន្តផងដែរ។
លោក ជា ច័ន្ទបរិបូរណ៍ រដ្ឋលេខាធិការក្រសួងព័ត៌មាន បានចាត់ទុកថា ការថែរក្សានិងអភិរក្សវប្បធម៌ខ្មែរនេះ គឺស្របទៅនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាល។ ក្នុងនោះក្រសួងព័ត៌មាន ដែលជាសេនាធិការរបស់រាជរដ្ឋាភិបាល បានធ្វើការងារយ៉ាងច្រើនដូចជា ការបណ្តុះគំនិតអប់រំដល់យុវជន យុវនារី និងប្រជាពលរដ្ឋទូទៅគ្រប់រូបភាព ស្តីពីវប្បធម៌ និងច្បាប់ចរាចរណ៍ ។ លោក ក៏ទទួលស្គាល់ថា ការបង្កើតទស្សនីយភាពសិល្បៈល្ខោននិយាយ គឺជាការំលឹកឡើងវិញពីសិល្បៈវប្បធម៌ខ្មែរ ផ្នែកល្ខោននិយាយពិតជាមានសារសំខាន់ ដើម្បីលើកកម្ពស់វប្បធម៌ខ្មែរ និងបង្ហាញសារអប់រំច្បាប់ចរាចរផ្លូវគោកថ្មីដល់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា គម្រោងបង្កើតទស្សនីយភាពសិល្បៈល្ខោននិយាយ និងផលិតវីដេអូឯកសារ អប់រំច្បាប់ចរាចរផ្លូវគោកថ្មីនេះ ក្រុមការងារពាក់ព័ន្ធនឹងដាក់ឆ្លងសុំការសម្រេចពីរដ្ឋមន្ត្រីក្រសួងព័ត៌មាននៅពេលឆាប់ៗខាងមុខនេះ៕
ក្រសួងព័ត៌មាន គ្រោងនឹងបង្កើតទស្សនីយភាពសិល្បៈល្ខោននិយាយអប់រំពីច្បាប់ចរាចរណ៍

0 Comments