ក្រុមបាល់ទាត់យុវជនក្រោមអាយុ១៦ឆ្នាំរបស់ឡាវ ត្រូវប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រជាមួយក្រុមមីយ៉ាន់ម៉ា នៅល្ងាចថ្ងៃសុក្រ ទី ៧ ខែ សីហា ឆ្នាំ ២០១៥ នេះក្នុងពានរង្វាន់បាល់ទាត់យុវជនក្រោមអាយុ១៦ ឆ្នាំប្រចាំតំបន់អាស៊ាន AFF BIDC U16 Championship 2015 ដែលរៀបចំនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ខណៈក្រុមថៃ ត្រូវជួបក្រុមអូស្ត្រាលី។
ក្រុម U-16 ឡាវដែលជាក្រុមខ្លាំងក្នុងពូល A ត្រូវប្រកួតជាមួយក្រុមចំណាត់ថ្នាក់លេខ២ ពូល B មីយ៉ាន់ម៉ា នៅវេលាម៉ោង ៣:៣០ នាទី នៅទីលានពហុកីឡដ្ឋានជាតិ។ សម្រាប់ក្រុមប្រទេសឡាវ ឆ្លងកាត់វគ្គជម្រុះក្នុងពូលចំនួន ៤ លើកបានឈ្នះថៃ ១ ទល់ ០ ហើយបន្តឈ្នះទីម័រខាងកើត ៣ ទល់ ២ ស្មើក្រុមវៀតណាម ២ ទល់ ២ និងឈ្នះប្រ៊ុយណេ ២ ទល់ ។ លោកគ្រូបង្វឹក BOUNLAP KHENKITISACK ចង់ដឹកនាំឡើងទៅវគ្គផ្ដាច់ព្រ័ត្រ នៅឆ្នាំនេះ។
ចំណែកក្រុមមីយ៉ាន់ម៉ា វិញក្រោយពីយកឈ្នះក្រុមម្ចាស់ផ្ទះកម្ពុជា ៣ ទល់ ០ កាលពីល្ងាចថ្ងៃពុធ ក្នុងវគ្គជម្រុះពូល B បានឡើងមកប្រកួតក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នេះ។ ក្រោមការដឹកនាំដោយលោកគ្រូបង្វឹកជនជាតិអូស្ត្រាលី ERIC WILLIAMS បានប្រកួតឈ្នះសិង្ហបុរី ៣ ទល់ ១ ហើយឈ្នះហ្វីលីពីន ៣ ទល់ ០ តែចាញ់អូស្ត្រាលី ៤ ទល់ ០ មុនឈ្នះកម្ពុជា។ មីយ៉ាន់ម៉ា ត្រូវបានគេរំពឹងថាជាគូប្រជែងសំខាន់ក្នុងការដណ្ដើមពាននៅឆ្នាំនេះ។
មួយប្រកួតទៀតក្រុមលេខ១ ពូល B ត្រូវប្រកួតជាមួយក្រុមថៃ ជាប់លេខ២ ពូល A នៅវេលាម៉ោង ៦:៣០ នាទីនៅពហុកីឡដ្ឋានជាតិដូចគ្នា។ ក្រុមអូស្ត្រាលី ដែលសំបូរទៅដោយកីឡាករមានកាយសម្បទា និង បច្ចេកទេសល្អ មិនទាន់ស្គាល់រសជាតិបរាជ័យនៅឡើយទេ។ អូស្ត្រាលី បានយកឈ្នះកម្ពុជា ៤ ទល់ ០ ហើយឈ្នះសិង្ហបុរី ៨ ទល់ ០ បន្តឈ្នះមីយ៉ាន់ម៉ា ៤ ទល់ ០ និងឈ្នះហ្វីលីពីន ៨ ទល់ ២ ដូចគ្នា។
ងាកមកមើលក្រុមថៃ វិញក៏ជាបេក្ខជនមិនអាចមើលរំលងបានដែរ ដោយសំបូរទៅដោយយុវជនថ្នាលមានសមត្ថភាព។ ក្រុមជាប់របងរបស់កម្ពុជា មួយនេះបានប្រកួតចាញ់ក្រុមខ្លាំងឡាវ ១ ទល់ ០ កាលពីថ្ងៃបើកឆាក តែឈ្នះម៉ាឡេស៊ី ៣ ទល់ ១ បន្តឈ្នះទីម័រខាងកើត ៣ ទល់ ០ ហើយឈ្នះវៀតណាម ២ ទល់ ០ និងឈ្នះប្រ៊ុយណេ ២ ទល់ ។
សម្រាប់ប្រកួតទាំង ២ គូនេះនឹងមានផ្សាយផ្ទាល់តាមប៉ុស្ដិ៍ទូរទស្សន៍បាយ័នព័ត៌មានផងដែរ។ ចំណែកសំបុត្រចូលទស្សនាមានដាក់លក់ក្នុងតម្លៃ ៥០០០ រៀល និង ១០០០០ រៀលនៅខាងមុខច្រកចូលទីលានប្រកួត សម្រាប់អ្នកចង់ទៅទស្សនាផ្ទាល់។
ពាន រង្វាន់ AFF BIDC U16 Championship 2015 ចាប់រៀបចំពីថ្ងៃទី ២៧ ខែ កក្កដា ដល់ ថ្ងៃទី ៧ ខែ សីហា ឆ្នាំ ២០១៥ ក្នុងរាជធានីភ្នំពេញ ប្រទេសកម្ពុជា ដោយចែកជា ២ ពូលក្នុងនោះពូល A មាន ម៉ាឡេស៊ី, វៀតណាម, ឡាវ, ទីម័រខាងកើត, ប្រ៊ុយណេ និង ថៃ ហើយពូល B មាន អូស្ត្រាលី, សិង្ហបុរី, ហ្វីលីពីន, មីយ៉ាន់ម៉ា និងម្ចាស់ផ្ទះកម្ពុជា។ ឥឡូវនេះការប្រកួតបានធ្វើដំណើរមកដល់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រហើយ ខណៈវគ្គផ្ដាច់ព្រ័ត្រ និង វគ្គដណ្ដើមចំណាត់ថ្នាក់លេខ ៣ ធ្វើឡើងនៅថ្ងៃអាទិត្យ ទី ៩ ខែ សីហា ខាងមុខ៕
ឡាវ ជួប មីយ៉ាន់ម៉ា ថៃ ជួប អូស្ត្រាលី នៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រល្ងាចថ្ងៃសុក្រនេះ

0 Comments