បន្ទាយមានជ័យ ៖ កាលពីវេលាម៉ោង១២យប់ ថ្ងៃទ២០ ខែសីហា ឆ្នាំ២០១៥ នគរបាលមួយក្រុមបានប្រទះឃើញសពស្ត្រីជាជនអនាថាម្នាក់បានដេកស្លាប់នៅលើថ្នល់ជាតិលេខ៥ ត្រង់ចំណុចភូមិទឹកថ្លា សង្កាត់ទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។
បើតាមការអះអាងរបស់សមត្ថកិច្ចបាននិយាយថា ស្ត្រីជាជនអនាថាដែលដេកស្លាប់នៅលើថ្នល់ជាតិលេខ៥នេះទំនងជារថយន្តបុកស្លាប់ ទើបប៉ូលិសចរាចរណ៍ដឹកសពយកមកតម្កល់ទុកនៅវត្តស្វាយចាស់ដើម្បីស្វែងរកសាច់ញាតិ។
នគរបាលចរាចរណ៍បាននិយាយបន្តទៀតថា ភិនភាគនៃសពមានកម្ពស់ប្រហែល១.៥០ម៉ែត្រសម្បុរខ្មៅស្រអែម ពាក់អាវពណ៌ខ្មៅលាយក្រហម ខោខោវប៊យពណ៌សលាយខ្មៅ។
នគរបាលដែលធ្វើការពិនិត្យសាកសពបាននិយាយថា ជនរងគ្រោះមានស្លាកស្នាមនៅលើក្បាល ដៃ និងដងខ្លួនជាច្រើនកន្លែងទៀត គេពុំដឹងថាសពនេះជាករណីគ្រោះថ្នាក់ចរាចរណ៍ ឫក៏ករណីអំពើឃាតកម្មយ៉ាងណានោះទេ។ ចំណែកលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តវិញបាននិយាយថា លោកមិនទាន់ឲ្យធ្វើការបូជាសពនេះទេ រង់ចាំលោកធ្វើការពិនិត្យសពនេះសិន ព្រោះសពនេះមានករណីអាថ៌កំបាំងច្រើនមិនទាន់ដឹងថាជាករណីឃាតកម្ម ឫករណីគ្រោះថ្នាក់ចរាចរណ៍នោះទេ។
ក្រោយពីបានធ្វើការចុះផ្សាយអំពីសពស្ត្រីអនាថាដេកស្លាប់នៅលើថ្នល់ជាតិលេខ៥លើសារព័ត៌មានហើយរួចមក បើមានបងប្អូនណាបាត់សាច់ញាតិដូចសពដែលបានរៀបរាប់ភិនភាគខាងលើនេះ សូមទាក់ទងទៅនគរបាលចរាចរណ៍ដើម្បីយកសពទៅបូជាតាមប្រពៃណី៕
ប្រទះឃើញស្ត្រីវិកលចរិតម្នាក់ដេកស្លាប់នៅថ្នល់ជាតិលេខ៥
0 Comments